
អ្នកធ្វើដំណើរឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ អ្នកនៅក្នុងវិស័យដឹកជញ្ជូន និងអ្នកប្រើប្រាស់សេវាដឹកជញ្ជូននៅកម្ពុជា បានលើកឡើងថា ការដាក់ឲ្យដំណើរការចំណតផែកុងតឺន័រជំហានទី ២ របស់កំពង់ផែស្វយ័តភ្នំពេញនឹងជំរុញឲ្យការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជាកាន់តែមានសក្តានុពល និងកាត់បន្ថយការចំណាយ។
ការអះអាងនេះបានធ្វើឡើង បន្ទាប់ពីកំពង់ផែស្វយ័តភ្នំពេញ ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា កាលពីថ្ងៃសុក្រ បានបើកដំណើរការចំណតផែកុងតឺន័រជំហានទី ២ របស់ខ្លួនជាផ្លូវការ ខណៈដែលប្រតិបត្តិការកំពង់ផែមួយនេះបានប្រកាសប្រាក់ចំណេញសុទ្ធបណ្តោះអាសន្នជាង ៧លានដុល្លារសម្រាប់ឆ្នាំ ២០១៨។
ការដាក់ដំណើរការចំណតផែកុងតឺន័រ ជំហានទី ២ ដែលជាផ្នែកមួយនៃផែនការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែនេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់ដែលកំពុងកើនឡើងជាលំដាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ PPAP។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា ខណៈសមត្ថភាពចំណតផែកុងតឺន័រជំហានទី ១ អាចផ្ទុកបានតែ ១៥០ ០០០ TEUs ក្នុង ១ ឆ្នាំនោះ កំណើនបានកើនដល់ ១៥១ ៧៨១ TEUs កាលពីឆ្នាំ ២០១៦។ សមត្ថភាពចំណតផែកុងតឺន័រទាំង ២ ដំណាក់កាលនេះអាចផ្ទុកកុងតឺន័របាន ៣០០ ០០០ TEUs ក្នុងមួយឆ្នាំ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានសាទរចំពោះការពង្រីកកំពង់ផែនេះ ដោយលោកលើកឡើងថា បើទោះបីជាចំនួនកុងតឺន័រដែលឆ្លងកាត់តាមកំពង់ផែស្វយ័តភ្នំពេញនាពេលនេះមិនទាន់មានការកើនឡើងច្រើនក៏ដោយ។
លោកថ្លែងថា៖ «កន្លងមកចំណតកំពង់ផែភ្នំពេញពិតជាតូចចង្អៀត ហើយការលើកដាក់ទំនិញក៏ជួបការលំបាក និងត្រូវចំណាយពេលយូរផងដែរ ដូច្នេះការពង្រីកនេះគឺជាការបោះជំហានទៅមុខដ៏ត្រឹមត្រូវ»។
តាមរបាយការណ៍ ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែភ្នំពេញប្រចាំឆ្នាំ ជាមធ្យមមានកំណើន ១៤,៤ ភាគរយក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧។
កំពង់ផែភ្នំពេញ ជាក្រុមហ៊ុនកំពង់ផែគ្រប់គ្រងដោយរដ្ឋទី ១ ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា។
តាមរបាយការណ៍ប្រាក់ចំណេញប៉ាន់ស្មាន បានឲ្យដឹងថា កំពង់ផែនេះទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៧,២៩ លានដុល្លារសម្រាប់ប្រតិបត្តិការឆ្នាំនេះ។
ការពង្រីកចំណតផែកុងតឺន័រ ជំហានទី ២ ចំណាយប្រហែល ៩លានដុល្លារ ជាទុនបម្រុងវិនិយោគរបស់កំពង់ផែ និងទុនបានពីការបោះផ្សាយលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ខណៈសេដ្ឋកិច្ចកម្ពុជានៅតែបន្តកំណើន ការពង្រីកផ្លូវដឹកជញ្ជូនទំនិញ និងអ្នកដំណើរគឺជារឿងដែលចៀសមិនផុត។
លោកបន្តថា៖ «ការបើកដំណើរការចំណតផែកុងតឺន័រ ជំហានទី ២ របស់កំពង់ផែភ្នំពេញនេះគឺជារឿងល្អណាស់សម្រាប់វិស័យដឹកជញ្ជូននៅកម្ពុជា ហើយសូម្បីតែការដឹកជញ្ជូនតាមផ្លូវអាកាសក៏រាជរដ្ឋាភិបាលកំពុងតែធ្វើផងដែរ»។
របាយការណ៍ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៨ របស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញថា ប្រទេសដែលបាននាំចូលទំនិញមកកាន់កម្ពុជាតាមរយៈកំពង់ផែនេះ មាន ៧០ ភាគរយមកពីប្រទេសចិន ៩ភាគរយមកពីប្រទេសវៀតណាម និងប្រទេសផ្សេងទៀតប្រហែល ២០ ភាគរយ។ ទំនិញនាំចូលភាគច្រើនជាវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌ និងគ្រឿងសំណង់។
ក្រោយពីបញ្ចប់ចំណតផែកុងតឺន័រដំណាក់កាលទី ២ នេះ កំពង់ផែស្វយ័តភ្នំពេញ នឹងបន្តអនុវត្តគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រ ជំហានទី ៣ ទៀតចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ក្នុងគោលដៅបង្កើនសមត្ថភាពផ្ទុកកុងតឺន័រឲ្យដល់ ៥០០ ០០០ TEUs ក្នុងមួយឆ្នាំ៕LA