ភ្នំពេញ: រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ស្នើឱ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​ (​គ.ក.ប.) ​បង្កើន​កិច្ចខិតខំ​ក្នុង​ការលើកកម្ពស់​ការគ្រប់គ្រង​កម្មសិទ្ធិបញ្ញា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​ជាតិ និង​ឈាន​ឆ្ពោះ​ទៅ​ការធ្វើ​សមាហរណកម្ម​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​។

សំណើ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​លើក​ទី ១០ កាលពី​ថ្ងៃ​អង្គារ​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​ថា ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង​ប្រព័ន្ធ​កម្មសិទ្ធិ​បញ្ញា​តាមរយៈ​ការរៀបចំ និង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​ផែនការ​ការងារ​កម្មសិទ្ធិ​បញ្ញា ៣ ​ឆ្នាំ​ (២០២១-២០២៣) និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ កម្មសិទ្ធិ​បញ្ញា ឆ្នាំ​ ២០២១-២០២៦ ដើម្បី​សំដៅ​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ និង​ស្របតាម​ស្តង់ដា​កម្មសិទ្ធិបញ្ញា​អន្តរជាតិ​។

លោក អប់ រ៉ាឌី ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា ក្រសួង​ពាណិជ្ជកម្ម ធ្លាប់​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា អ្នកវិនិយោគ​ក្នុង​ស្រុក​មាន​ការយល់ដឹង​ច្រើនជាង​មុន​ពី​កម្មសិទ្ធិបញ្ញា​។ លោក​ថ្លែងថា​៖ «​ការចុះបញ្ជី​ម៉ាក​ពាណិជ្ជកម្ម​បាន​ត្រឹមត្រូវ​នឹង​ជួយ​ធានា​មិន​ឱ្យមាន​ជម្លោះ និង​ការពារ​ដល់​ម្ចាស់​ម៉ាក​ដើម ជាពិសេស​ធានាឱ្យមាន​ការប្រកួតប្រជែង​ដោយ​សេរី និង​យុត្តិធម៌​»​។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ការចុះបញ្ជី​ម៉ាក​ពាណិជ្ជកម្ម​ទាំង​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​បរទេស​មាន​ចំនួន ៣ ៨៤១ កាលពី​ឆ្នាំ ២០១៩ កើនឡើង ២,១៣ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​មាន​ចំនួន ៣ ៧៦១​។ ក្នុងនោះ​ការចុះបញ្ជី​ម៉ាក​ក្រុមហ៊ុន​ក្នុង​ស្រុក​មាន​ចំនួន ១ ៤៤៥ និង​ក្រុមហ៊ុន​បរទេស ២ ៣៩៦៕ LA