ភ្នំពេញៈ ខណៈទំហំកម្ចីនៅគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅជាងមួយទសវត្យរ៍ចុងក្រោយនេះការផ្តល់កម្ចីភាគច្រើននៅតែពឹងលើអចលនទ្រព្យជាវត្ថុធានា ដោយសារថាគ្រឹះស្ថានហិរញ្ញវត្ថុយល់ឃើញថាការទទួលចលនវត្ថុជាទ្រព្យធានាពិបាកក្នុងការអនុវត្តដោយសារមានហានិភ័យខ្ពស់។ នេះបើយោងតាមការឲ្យដឹងពីប្រតិបត្តិករហិរញ្ញវត្ថុកម្ពុជា។
អ្នកជំនាញក្នុងឧស្សាហកម្មនេះបានទទួលស្គាល់ថា គំនិតផ្តួចផ្តើមថ្មីទាក់ទងនឹងការទទួលចលនវត្ថុជាទ្រព្យធានា គឺជាយន្តការថ្មីដែលអាចជួយសម្រួលប្រជាជនទទួលកម្ចីបានទូលំទូលាយជាងមុន តែវិធីសាស្ត្រនៅត្រូវការពេលវេលាយូរទៀត ដើម្បីអាចអនុវត្តបាន ឬលុះត្រាតែរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធពង្រឹងប្រព័ន្ធចុះបញ្ជីចលនវត្ថុឲ្យបានត្រឹមត្រូវ តម្លាភាព និងទុកចិត្តបានជាង បច្ចុប្បន្ន។
ទោះបីយ៉ាងនេះក្តី ប្រតិបត្តិការបែបនេះបាននិងកំពុងត្រូវបានអនុវត្តរួចហើយដោយប្រតិបត្តិករឥណទានមួយចំនួន ដែលស្រដៀងគ្នានឹងហាងបញ្ចាំដែរ។
លោក ហួត អៀងតុង អគ្គនាយក និងជាប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា វានឹងកាន់តែងាយស្រួលសម្រាប់អតិថិជនក្នុងការទទួលបានឥណទាន ប្រសិនបើគ្រឹះស្ថានហិរញ្ញវត្ថុទទួលយកចលនវត្ថុជាទ្រព្យធានាដូចជារថយន្ត ម៉ូតូ គ្រឿងយន្តកសិកម្ម ឬ ស្ដុកដំណាំកសិកម្មត្រូវចាត់ថ្នាក់ជាទ្រព្យធានា ប៉ុន្តែ ស្ថានភាពគឺហានិភ័យខ្ពស់ក្នុងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសកម្ពុជា។
លោកបានថ្លែងថា៖ «យើងនៅតែមើលឃើញថា របៀបនេះគឺមានហានិភ័យខ្ពស់ ដោយសារយើងនៅតែខ្វះកម្មវិធីដែលអាចទុកចិត្តបានក្នុងការគ្រប់គ្រងចលនវត្ថុ»។
លោកបន្តថា៖ «ចលនវត្ថុងាយស្រួលក្នុងការទិញ និងលក់នៅលើទីផ្សារ»។
យោងតាមលោក អៀងតុង ការប្រើប្រាស់ចលនវត្ថុដូចជារថយន្ត ឬម៉ូតូ ដើម្បីទទួលបានកម្ចីអាចរកបាននៅហាងបញ្ចាំ ដែលអ្នកយកកម្ចីអាចទទួលបានប្រាក់ភ្លាមៗ ប៉ុន្តែរយៈពេលខ្លី ហើយអត្រាការប្រាក់ខ្ពស់ជាងគ្រឹះស្ថានហិរញ្ញវត្ថុ។
លោកបន្ថែមថា វាត្រូវការពេលវេលាយូរក្នុងការអនុវត្តយុទ្ធសាស្ដ្រនេះនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ ខណៈរដ្ឋាភិបាល និងស្ថាប័នជាប់ពាក់ព័ន្ធអាចអភិវឌ្ឍកម្មវិធីដ៏ទូលំទូលាយដើម្បីធានាឲ្យប្រាកដថា ហានិភ័យអាចត្រូវបានកាត់បន្ថយ។
យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) កម្ចីនៅក្នុងឧស្សាហកម្មធនាគារនៅកម្ពុជាបានកើនឡើងដល់ ១៤ ពាន់លានដុល្លារ កាលពីចុងឆ្នាំ ២០១៦ ខណៈផលបត្រកម្ចីរួមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់បានកើនឡើងដល់ ៣,១៦ ពាន់លានដុល្លារ កាលពីចុងឆ្នាំ ២០១៦។
លោក ប៊ុន មនី ទីប្រឹក្សាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា គំនិតផ្ដួចផ្ដើមក្នុងការទទួលយកស្ដុកដំណាំកសិកម្មដូចជាស្ដុកអង្ករ ឬ ស្ដុកដំណាំកសិកម្មផ្សេងទៀតជាទ្រព្យធានាត្រូវបានស្វាគមន៍យ៉ាងខ្លាំង ដោយសារតែវាអាចកាត់បន្ថយឧបសគ្គដែលអ្នកខ្ចីប្រាក់របស់កម្ពុជាប្រឈម។
លោកបន្ថែមថា យុទ្ធសាស្ដ្រថ្មីនេះនឹងជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការដំណើរការលឿននៃការទទួលបានមូលធនដើម្បីពង្រីក និងវិនិយោគ។
លោកបន្ថែមថា ដើម្បីជំរុញចលនវត្ថុត្រូវបានប្រើប្រាស់ជាទ្រព្យធានា អ្នកខ្ចីចាំបាច់ត្រូវបង្ហាញភាពស្មោះត្រង់ និងភាពស្អាតស្អំរបស់ពួកគេ នៅក្នុងការងារនេះ។
លោកថ្លែងថា៖ «អ្នកយកកម្ចីចាំបាច់ត្រូវមានភាពស្មោះត្រង់ ហើយធានាឲ្យប្រាកដថា ទ្រព្យទាំងនោះមិនត្រូវបានប្រើប្រាស់ដើម្បីទទួលបានកម្ចីពីគ្រឹះស្ថានផ្សេង»។
លោកបន្តថា៖ «ម្ចាស់ SME ចាំបាច់ត្រូវបង្ហាញតម្លាភាពរបស់ពួកគេតាមរយៈការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុស្អាតស្អំដល់គ្រឹះស្ថានហិរញ្ញវត្ថុផងដែរ»៕ LA