ភ្នំពេញៈ ចាប់​តាំងពី​ផ្ដើម​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​​ ២០១៣ ដល់​ចុង​ខែ​កក្កដា​នៅ​ឆ្នាំ​នេះ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Prudential Cambodia បាន​លក់​ធានា​រ៉ាប់រង​អាយុជីវិត​ដល់​អតិថិជន​ចំនួន ១៥០ ០០០ ​នាក់​ក្នុង​នោះ​ ៥០ ០០០ ប័ណ្ណ​ត្រូវ​បាន​ចេញ​ក្នុង​រយៈពេល​ ១២ ​ខែ​ចុងក្រោយ​នេះ​ចាប់ពី​ខែ​កក្កដា​ឆ្នាំ​ ២០១៧ ដល់​ខែ​កក្កដា​ឆ្នាំ​ ២០១៨​។

ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​មក​នេះ​ក្រុមហ៊ុន​បាន​បង់ប្រាក់​សំណង​ជាង ២,៤ ​លាន​ដុល្លារ និង​បាន​អនុម័ត​សេវា​ការពារ​សរុប​ជាង ៣ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ផលិតផល​របស់​ខ្លួន​ដែល​ផ្ដល់​តម្រូវការ​ការពារ​ដល់​គ្រួសារ​កម្ពុជា​។

អ្នក​យក​ព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​សម្ភាស​លោក David Nutman អគ្គនាយក​ក្រុមហ៊ុន Prudential Cambodia អំពី​ការរីកចម្រើន​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​រហូត​មក​ដល់​ពេល​នេះ​។

តើ​អ្វី​ជា​មូលហេតុ​សំខាន់​នៅ​ពី​ក្រោយ​កំណើន​នៃ​ការលក់​ធានា​រ៉ាប់រង​អាយុជីវិត​ក្នុង​រយៈពេល​ ១២ ​ខែ​ចុង​ក្រោយ​នេះ​?

ការយល់​ដឹង​របស់​ប្រជាជន​ខ្មែរ​ក្នុង​វិស័យ​នេះ​មាន​ការ​កើនឡើង​ទាក់ទង​នឹង​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​។ ប្រជាជន​មាន​ទំនុកចិត្ត​លើ​សេវា​នេះ​។

យើង​បាន​មើល​ឃើញ​ការផ្លាស់ប្តូរ​នៃ​តម្រូវការ​នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត​នៅក្នុង​ចំណោម​អតិថិជន​។ ប្រជាជន​ខ្មែរ​វ័យ​ក្មេង​កំពុង​ទទួល​បាន​ការអប់រំ​កាន់តែ​ប្រសើរ​។ ខ្ញុំ​គិត​ថា អ្នក​ទាំង​នោះ​ភាគច្រើន​គិត​ថា​អ្នក​ត្រូវការ​ការពារ​ដើម្បី​គាំទ្រ​ត្រឡប់​មក​វិញ​។

កាលពី​ខែ​មករា​ឆ្នាំ​នេះ​យើង​បាន​ដំណើរការ​ផលិតផល​ថ្មី​មួយ​ដែល​ហៅថា eduCARE ដែល​ជា​ការរួម​បញ្ចូល​គ្នា​នៃ​ការអប់រំ និង​ការការពារ​។

វា​មាន​សារៈសំខាន់​ក្នុង​ការ​រំឭក​ថា ​នៅ​ពេល​យើង​បាន​ចូល​មក​ដំបូង ប្រជាជន​ខ្មែរ​កំពុង​ចាប់​អារម្មណ៍​លើ​គំនិត​សន្សំ​ប្រាក់​។ រយៈពេល​ ៤ ​ឆ្នាំ​ក្រោយ​មក​យើង​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​កាលពី​ឆ្នាំ​ ២០១៧ យើង​រកឃើញ​ថា​ការ​សន្សំ​ប្រាក់​ត្រូវ​អម​ជាមួយ​នឹង​ការការពារ​។ ពួកគេ​ត្រូវការ​ការពារ​គ្រួសារ​របស់​ពួកគេ ក្នុង​ការធានា​ថា​ក្មេងៗ​នៅ​តែ​អាច​ទទួល​បាន​ការអប់រំ​។

តើ​អ្នក​មាន​ផែនការ​ណា​មួយ​ក្នុងការ​សម្រប​ទៅ​តាម​និន្នាការ​ទីផ្សារ​នៅពេល​អនាគត​ដែរ​ឬ​ទេ​?

យើង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​សកម្ម ដើម្បី​យល់​ដឹង​ពី​តម្រូវការ​ពី​អតិថិជន​។ យើង​និយាយ​ទៅ​កាន់​ប្រជាជន​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ថ្មី​ក្នុង​ការឆ្លើយតប​នឹង​តម្រូវការ​ផ្លាស់ប្តូរ​របស់​ពួកគេ​។ ខ្ញុំ​គិត​ថា​ការធានា​រ៉ាប់រង​សុខភាព​គឺជា​ឧទាហរណ៍​ក្នុង​ការបន្ត​កំណើន ហើយ​វា​ជា​ទីផ្សារ​ដែល​យើង​នឹង​ចង់​ចូល​។ យើង​បាន​មើល​ឃើញ​ប្រតិបត្តិករ​មួយ​ចំនួន​តូច​បាន​ចូល​ក្នុង​ទីផ្សារ​នេះ​។

ប៉ុន្តែ​វា​មាន​មធ្យោបាយ​ផ្សេងៗ​ជាច្រើន​ទៀត​ក្នុង​ការ​ចូលក្នុង​ទីផ្សារ​នេះ ហើយ​យើង​ត្រូវការ​ពេលវេលា​របស់​យើង ដើម្បី​គិត​ពិចារណា​មធ្យោបាយ​ត្រឹមត្រូវ​ដើម្បី​ចូល​ក្នុង​ទីផ្សារ​នេះ​។

ប្រាក់ចំណូល​ធានា​រ៉ាប់រង​អាយុជីវិត​បាន​កើនឡើង​យ៉ាង​ខ្លាំង​ធៀប​នឹង​ការធានា​រ៉ាប់រង​ទូទៅ​។ តើ​អ្វី​ជា​មូលហេតុ​នៅ​ពី​ក្រោយ​ការរីក​ចម្រើន​នោះ​?

ប្រហែល​ជា​មាន​មូលហេតុ​ ២ ៖ ទី​ ១ ខ្ញុំ​គិត​ថា​កំណើន​ការប្រកួតប្រជែង​នៅក្នុង​ឧស្សាហកម្ម​ធានារ៉ាប់រង​អាយុជីវិត​នៅ​ពេល​វា​បាន​នាំ​យក​មក​នូវ​អ្នក​ជំនាញ ការវិនិយោគ​ដំណោះស្រាយ​ដែល​ស្រប​ជាមួយ​នឹង​តម្រូវការ និង​ចំណង់​ចំណូលចិត្ត​របស់​ប្រជាជន​។ ទី​ ២ វា​អាច​ជា​បញ្ហា​ប្រឈម​មួយ​នៃ​ការទាមទារ​សំណង​នៅ​ក្នុង​ការធានា​រ៉ាប់រង​ទូទៅ​។

តើ​អ្នក​បាន​មើល​ឃើញ​ការផ្លាស់ប្តូរ​នៅក្នុង​វិស័យ​នេះ​ក្នុង​អំឡុង​ពេល​ ៦ ​ឆ្នាំ​មក​នេះ​ដូចម្ដេច​ដែរ​?

ការផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់​គឺ​កំណើន​ការប្រកួតប្រជែង​។ យើង​ជា​ក្រុមហ៊ុន​ទី​ ២ ​នៅក្នុង​ទីផ្សារ​នេះ​នៅ​ពេល​យើង​ប្រតិបត្តិការ​ដំបូង​កាលពី​ឆ្នាំ ២០១៣​។ នៅពេល​នេះ​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ៧ ​។

ប៉ុន្តែ​ការប្រកួត​ប្រជែង​គឺ​ល្អ​។ ការប្រកួត​ប្រជែង​អាច​បង្កើន​ការយល់​ដឹង​របស់​សាធារណជន ដោយសារ​រាល់​ប្រតិបត្តិករ​ចង់​បង្កើន​ការយល់ដឹង​នោះ​។ ក៏​មាន​ការផ្លាស់ប្តូរ​ផលិតផល​មួយ​ចំនួន​ផង​ដែរ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​។

តើ​អ្នក​មើល​ឃើញ​ការអភិវឌ្ឍ​របស់​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​ដូចម្ដេច​ដែរ​ទៅ​ថ្ងៃ​ខាង​មុខ​?

វា​នឹង​បន្ត​រីកចម្រើន​។ មាន​ប្រជាជន ១៦ ​លាន​នាក់​រស់​នៅ​ទីនេះ​។ មាន​ប្រជាជន ៧ ​លាន​នាក់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​ចុង​ក្រោយ​នេះ​។ ប្រហែល​ជា​អាច​និយាយ​បាន​ថា នោះ​ជា​ទីផ្សារ​ទិសដៅ​។

យើង​នៅតែ​មាន​ឱកាស​ច្រើន​ក្នុង​ការរីកចម្រើន​ហើយ​ក្រុម​ប្រជាជន​ទាំង​នេះ​នឹង​ត្រូវ​ការធានា​ដល់​គ្រួសារ​របស់​ពួកគេ​។ ដូច្នេះ​សម្រាប់​ខ្ញុំ វិស័យ​នេះ​នឹង​នៅ​តែ​បន្ត​រីកចម្រើន និង​ទំនើបកម្ម​។ វា​នឹង​ក្លាយ​ជា​ឌីជីថល​ស្វ័យប្រវត្ដិកម្ម និង​លុបចោល​ការងារ​ក្រដាស​ស្នាម ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​វា​ត្រូវការ​ពេលវេលា​ផង​ដែរ​៕LA