ភ្នំពេញៈ កម្ពុជា​ទំនង​ជា​ប្រទេស​ដែល​មាន​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ច្រើន​បំផុត​មួយ​នៅ​លើ​ពិភពលោក ដែល​បង្កើត​ការ​ចោទសួរ​អំពី​លទ្ធភាព​នៃ​សមត្ថភាព​ប្រកួត​ប្រជែង​បាន​របស់​ខ្លួន​។

ចំនួន​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​របស់​កម្ពុជា​កើនឡើង​ដល់​ ២៨ ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​នៅពេល​អនាគត​។ នេះ​បើ​យោង​តាម​លោក Stephen Higgins ដៃគូ​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Mekong Strategic Partners ។

លោក​ថ្លែង​ថា​៖ «​ថ្ងៃ​ឈប់​សម្រាក ២៨ ថ្ងៃ​គឺ​ច្រើន​ពេក​ហើយ ខ្ញុំ​មិន​គិត​ថា អ្នក​នឹង​ស្វែងរក​ពាណិជ្ជករ​ណា​នៅ​កម្ពុជា​ដែល​គិត​ថា​ចំនួន​ថ្ងៃ​ឈប់​សម្រាក​ល្អ​សម្រាប់​ប្រទេស​នេះ​ទេ​»​។

ក្រុម​វិនិយោគិន​បរទេស​បាន​ត្អូញត្អែរ​យូរ​មក​ហើយ​អំពី​តម្លៃ​ថាមពល និង​ការ​ចំណាយ​លើ​ការ​ដឹកជញ្ជូន​ខ្ពស់​របស់​ប្រទេស​កម្ពុជា បើ​ធៀប​នឹង​ប្រទេស​ជិតខាង​ក្នុង​តំបន់​។

ថ្មីៗ​នេះ​ពួកគេ​បាន​បង្ហាញ​ការបារម្ភ​អំពី​គោលនយោបាយ​លួងលោម​ចិត្ត​ជាច្រើន​ដែល​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក្នុង​ឆ្នាំ​កន្លង​មក​ដែល​រួម​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​ការ​រួម​ចំណែក​របស់​ថៅកែ​ដោយ​បង្ខំ​ដល់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ (​បសស​) ដែល​បង្កើន​ការ​ចំណាយ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Emerging Markets Consulting បាន​យល់​ស្រប​ដោយ​កត់សម្គាល់​ថា​ចំនួន​ថ្ងៃ​ឈប់​សម្រាក​អាច​រារាំង​ក្រុម​វិនិយោគិន​ថ្មីៗ​មក​ប្រទេស​កម្ពុជា​។ លោក​ថ្លែង​​ថា​៖ «​សម្រាប់​ក្រុម​វិនិយោគិន​ដែល​មាន​ស្រាប់ ពួកគេ​មិន​អាច​មាន​បញ្ហា​នោះ​ទេ​»​។ លោក​បន្ត​ថា​៖ «​ប៉ុន្តែ​សម្រាប់​ក្រុម​វិនិយោគិន​ថ្មីៗ​ដែល​កំពុង​ពិចារណា​ដើម្បី​វិនិយោគ ពួកគេ​អាច​ត្អូញត្អែរ​ច្រើន​អំពី​ចំនួន​ថ្ងៃ​ឈប់​សម្រាក​នេះ​»​។

ក្រុម​អ្នក​វិភាគ​ផ្សេង​ទៀត​មិន​សូវ​បារម្ភ​នោះ​ទេ ហើយ​បាន​បង្ហាញ​ថា ផលប៉ះពាល់​ដោយសារ​បញ្ហា​នេះ​នឹង​មាន​តិចតួច​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodian Investment Management បាន​ថ្លែង​ថា​៖ «​ការពិត​គឺ​បុគ្គលិក​ខ្មែរ​ភាគច្រើន​កម្រ​ទទួល​បាន​ពេលវេលា​ដែល​ពួកគេ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ណាស់ ហើយ​សូម្បី​តែ​មន្ដ្រី​រដ្ឋាភិបាល​កំពុង​ធ្វើ​ការងារ​នៅ​ថ្ងៃ​ឈប់​សម្រាក​មិន​សូវ​សំខាន់​ផង​ដែរ​»​។

លោក​បាន​បន្ត​ទៀត​ថា​៖ «​ដូច្នេះ ខណៈ​ការ​អនុវត្ត​ជាក់ស្ដែង​នូវ​សិទ្ធិ​ឈប់​សម្រាក​ដែល​ទទួល​បាន​មក​ហើយ ការពិត​មិនមែន​ថ្ងៃ​ឈប់​សម្រាក​ទាំងអស់​នោះ​ត្រូវ​បាន​ឈប់​នោះ​ទេ ហើយ​កម្មករ​កាន់តែ​ច្រើន​ឡើងៗ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​»​។

លោក Miguel Chanco អ្នកវិភាគ​អាស៊ាន​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន Economist Intelligence Unit ថ្លែង​ថា មាន «​ផលប៉ះពាល់​បន្ទាប់បន្សំ​លើ​សកម្មភាព​សេដ្ឋកិច្ច និង​លើ​តម្រូវការ​វិនិយោគិន​បរទេស​ប៉ុណ្ណោះ​» បើ​ថ្ងៃ​ទាំង​នោះ​ត្រូវ​បាន​ប្រកាស​ជា​មុន​។

លោក​ថ្លែង​ថា​៖ «​អ្វី​នឹង​ធ្វើឲ្យ​បារម្ភ​ខ្លាំង​គឺ​ប្រសិន​បើ​កម្ពុជា​បាន​ចាប់ផ្ដើម​អនុវត្ត​អ្វី​ត្រូវ​បាន​ធ្វើ​ហើយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន រដ្ឋាភិបាល​ពី​អតីត និង​បច្ចុប្បន្ន​បាន​ប្រកាស​ភ្លាមៗ និង​ថ្ងៃ​ឈប់​សម្រាក​មិន​បាន​រំពឹង​ទុក​ជាមុន ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​មាន​ពេលវេលា​តិចតួច​ដើម្បី​រៀបចំ​ផែនការ និង​ការ​កែតម្រូវ​»​។

មាន​ការ​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​អំពី​ចំនួន​ពិតប្រាកដ​នៃ​ថ្ងៃ​ឈប់​សម្រាក​នៅក្នុង​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។ ជា​ឧទាហរណ៍ ប្រព័ន្ធ​ព័ត៌មាន​ឥណ្ឌា​រាយការណ៍​ពី​ឆ្នាំ​ ២០១៥ បញ្ជាក់​ថា​ប្រទេស​នេះ​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​បំផុត​ចំនួន​ ២១ ​ថ្ងៃ ខណៈ​សេចក្ដី​រាយការណ៍​ផ្សេង​ទៀត​បង្ហាញ​ថា ប្រទេស​ស្រីលង្កា​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ជាង​គេ​បំផុត​ចំនួន​​ ២៥ ​ថ្ងៃ​។

ចំនួន​ថ្ងៃ​ឈប់​សម្រាក​ជា​មធ្យម​សម្រាប់​បណ្ដា​ប្រទេស​នៅ​ក្រុម​ប្រទេស G-20 ដែល​ប្រទេស​ទាំង​ ២០ ​នោះ​មាន​ពាណិជ្ជកម្ម​ ៨០ ​ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក​មាន​តែ​ ១២ ​ថ្ងៃ​ប៉ុណ្ណោះ​។ សម្រាប់​បណ្ដា​ប្រទេស​ជិត​ខាង ថៃ​មាន​ថ្ងៃ​ឈប់​សម្រាក​ ២០ ​ថ្ងៃ​នៅ​ឆ្នាំ​នេះ ខណៈ​វៀតណាម​មាន​ ១២ ​ថ្ងៃ និង​ឡាវ​ ១០ ​ថ្ងៃ​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ការងារ​កម្ពុជា​ដែល​ជា​សហជីព​ឯករាជ្យ​មួយ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ចំនួន​ថ្ងៃ​ឈប់​សម្រាក​មិន​គួរ​ជាប់​ទាក់ទង​នឹង​ក្រុម​វិនិយោគិន​មាន​សក្ដានុពល​នោះ​ទេ​។

លោក​ថ្លែង​ថា៖ «​យើង​យល់​ស្រប​ថា កម្ពុជា​មាន​ចំនួន​ថ្ងៃ​ឈប់​សម្រាក​ច្រើន ប៉ុន្តែ​កម្មករ​របស់​យើង​ធ្វើ​ការងារ​ ៨ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ ៦ ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​»​។

លោក​បន្ត​ថា​៖ «​បើ​មាន​ការ​បារម្ភ ឬ​ការ​ត្អូញត្អែរ​ពី​ថៅកែ ខ្ញុំ​គិត​ថា វា​គ្រាន់​តែ​ការបារម្ភ​ដោយ​គ្មាន​មូលដ្ឋាន​តែ​ប៉ុណ្ណោះ​»៕ LA