ទីក្រុងម៉ិកស៊ីកូៈ ឧស្សាហកម្ម ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​តំបន់​អាមេរិក​ឡាទីន កំពុង​កើនឡើង​យ៉ាងខ្លាំង ពេល​ដែល​ហាង​រាប់លាន​ទូទាំង​តំបន់​នេះ​ប្តូរ​ធ្វើ​អាជីវកម្ម​តាម​អនឡាញ​ក្នុង​ពេល​នៃ​ការរីករាលដាល​ជំងឺ កូវីដ​ជា​ការកើនឡើង​ដ៏ច្រើន​លើក​ដំបូង​ដោយ​បង្ខំ​ឱ្យ​អាជីវកម្ម​បែប​ប្រពៃណី​សម្រប​ខ្លួន​ដើម្បី​រស់រាន​។

វិស័យ​នេះ​ជា​ផ្នែក​មួយ​នៃ​ជ័យជម្នះ​ដ៏ធំ​បំផុត​នៃ​ការផ្ទុះឡើង​វីរុស​កូរ៉ូណា​ដោយ​ក្តីព្រួយបារម្ភ​នៃ​ការឆ្លង និង​វិធាន​ការបិទ​ប្រទេស​តម្រូវ​ឱ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ​។

លោក Oscar Silva អ្នកជំនាញ​ក្នុង​យុទ្ធសាស្ត្រ​សកល​ជាមួយ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ KPMG ក្នុង​ប្រទេស​ម៉ិកស៊ិក​ បាន​និយាយថា​៖ «​កូវីដ ​១៩ ជា​ផ្នែក​ជំរុញ​នៃ​និន្នាការ​ហើយ​ក្នុង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​​វា​មាន​អំណាច​ខ្លាំងណាស់​»​។

លោក​និយាយថា​៖ «​ប្រជាជន​អាមេរិក​ឡាទីន​ជាង​ ១០ ​លាន​នាក់​ ដែល​មិនដែល​ទិញ​ទំនិញ​តាម​អនឡាញ ពេលនេះ​គេ​ធ្វើ​ជា​ប្រចាំ​»​។

ក្រុមហ៊ុន​អនឡាញ​គ្របដណ្តប់​នៅក្នុង​តំបន់​នោះ មិនមែន Amazon ឬក៏ eBay នោះទេ ប៉ុន្តែ​ជា Mercado Libre ដែល​មាន​គំរូ​អាជីវកម្ម​ស្រដៀង​គ្នា និង​មាន​វត្តមាន​ក្នុង​ប្រទេស​ចំនួន​ ១៨​។

ទោះបី​ជា​ភាពវឹកវរ​ផ្នែក​សេដ្ឋកិច្ច​បង្កដោយ​ការរីក​រាលដាល​កូវីដ​-១៩ ក្រុមហ៊ុន​របស់​អាហ្សង់ទីន​បាន​បង្កើន​ការលក់​រហូត​ទ្វេដង​ក្នុង​ត្រីមាស​ទី​ ២ នៃ​ឆ្នាំនេះ ដោយ​ការកើនឡើង​អតិថិជន​រហូត​ដល់ ​៤៥ ​ភាគរយ​ ដល់​ចំនួន​ ៥១,១ ​លាន​នាក់​។

មូលធននីយកម្ម​ទីផ្សារ​របស់​ខ្លួន​បាន​កើន​ដល់​ ៥៥ ​ពាន់​លាន​ដុល្លារ ប្រជែង​ជាមួយ​ក្រុមហ៊ុន​យក្ស​របស់​ប្រេស៊ីល Vale ដែល​គេ​ឱ្យ​តម្លៃ​បំផុត​នៅ​តំបន់​អាមេរិក​ឡាទីន​។

លោក Silva បាន​និយាយ​ថា ទម្លាប់​របស់​អតិថិជន​ទំនង​ទទួល​យក​ការផ្លាស់ប្តូរ​ទៅ​រក​អេឡិចត្រូនិក​។

លោក​និយាយ​ថា ប្រជាជន​ព្រួយបារម្ភ​ពី​ការក្លែងបន្លំ ឬ​ថា​ផលិតផល​មិន​ដូច​អ្វីដែល​គេ​រំពឹងទុក​។ វា​ពិតជា​ទំនង​ណាស់ ដែល​ថា​ភាគរយ​ធំ​នៃ​អតិថិជន​ទាំងនេះ​នឹង​បន្ត​ទុកចិត្ត បន្ទាប់ពី​ដឹងថា ពាណិជ្ជកម្ម​អនឡាញ ងាយស្រួល និង​ប្រសិទ្ធភាព​»​។

លោក David Geisen ប្រធាន​នៃ​ក្រុមហ៊ុន​លក់​អនឡាញ​បាន​និយាយថា​៖ «​អ្នកប្រើប្រាស់​ដ៏ស្មោះត្រង់​នៅពេលនេះ​ទិញ​បានតែ​រយៈពេល​ ១២ ​ថ្ងៃ​នូវ​អ្វីដែល​គេ​នាំចូល ដោយ​ពីមុន​មាន​រយៈពេល​ ១៧ ​ថ្ងៃ​។ អ្នកប្រើប្រាស់​ញឹកញាប់ ទិញ​បាន​ក្នុង​ ២៤ ​ថ្ងៃ​ដោយ​ពីមុន​ប្រើពេល​ ៧៩ ​ថ្ងៃ រីឯ អ្នកប្រើប្រាស់​ម្តងម្កាល​ទិញ​បាន​ក្នុង​រយៈពេល​ ២៩ ​ថ្ងៃ​ដែល​ពីមុន​ប្រើពេល​ ១ ​ឆ្នាំ​»​។

នៅពេល​ចាប់ផ្តើម​រីករាលដាល​អ្នកលក់​ដាច់​បំផុត​រួមមាន ម៉ាស់ ជែល​សម្លាប់​បាក់តេរី ទែរម៉ូម៉ែត្រ​ជាដើម ប៉ុន្តែ​តម្រូវការ​ជា​បន្តបន្ទាប់​បាន​ពង្រីក​ដល់​ទំនិញ និង​សេវាកម្ម​ផ្សេងៗ​ទៀត​។

ការរីកដុះដាល​នេះ​បាន​ពង្រីក​ខ្លួន​ដល់​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ដ៏តឹងរ៉ឹង​របស់​ប្រទេស គុយបា ជាមួយ​ការលក់​កើនឡើង​នៅលើ​ផ្លាតហ្វម tuenvio.com របស់​រដ្ឋាភិបាល​ដែល​ព្យាយាម​បំពេញ​ការចង់​បាន​របស់​អតិថិជន​ខ្លះ​។

លោក Jorge Noris អាយុ​ ៣៤ ​ឆ្នាំ​ជា​បុគ្គលិក​ផ្នែក IT បាន និយាយ​ថា​៖ «​ខ្ញុំ​បាន​ទិញ​ប្រមាណ​ ៤០ ​ដង ហើយ​ខ្ញុំ​មាន​បញ្ហា​ប្រហែល​ ៤០ ​ដង​ដូចគ្នា​»​។ ក៏មាន​បញ្ហា​រអាក់រអួល​នៅ​ម៉ិកស៊ិក​ដែរ​។

​រស​ម្នាក់​ដែល​សាកល្បង​ទិញ​ទូរស័ព្ទ​ ១ ​គ្រឿង​តាម​អនឡាញ​បាន​ត្អូញត្អែរ​ថា គាត់​បែរជា​ទទួលបាន​ភេសជ្ជៈ​ទៅវិញ ទោះបី​ជា​ហាង​នោះ​ជា​ផ្នែក​របស់​លោក Carlos Slim ជា​សេដ្ឋី​របស់​ម៉ិកស៊ិក ប៉ុន្តែ​ក្រោយមក​បាន​បញ្ជូន​ឱ្យ​គាត់​តាម​ការបញ្ជាទិញ​ត្រឹមត្រូវ​៕ RR