ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម Vietnam Airlines ដែល​កាន់កាប់​ភាគហ៊ុន​ចំនួន ៤៩ ​ភាគរយ ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Angkor Air ពិតជា​បាន​លក់​ភាគហ៊ុន​របស់ខ្លួន​ទៅ​ឲ្យ​អ្នក​វិនិយោគិន​ថ្មី​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​» ​ដែល​រៀបចំ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​និយាយថា អាជ្ញាធរ​កម្ពុជា​ពិត​បាន​ទទួល​ព័ត៌មាន​ថា ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម Vietnam Airlines បាន​លក់​ភាគហ៊ុន​ខ្លួន​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ចុះបញ្ជី​នៅ​កម្ពុជា Cambodia Angkor Air ទៅ​ឲ្យ​អ្នក​វិនិយោគ​ថ្មី​។ លោក​បន្តថា ទោះ​យ៉ាងណា​លោក​មិនទាន់​មាន​ព័ត៌មាន​លម្អិត​ពី​កិច្ចសន្យា​ទិញ​លក់​នេះ​ទេ​។

លោក​ថ្លែងថា​៖ «​យើង​មិនមាន​ព័ត៌មាន​លម្អិត​ទេ តែ​យើង​ដឹងថា ការលក់​ភាគហ៊ុន​នេះ​ពិតជា​មាន​មែន​»​។

បើតាម​លោក ចាន់សិរីវុត្ថា នៅក្នុង​ក្រុមហ៊ុន Cambodia Angkor Air មាន​ភាគហ៊ុន​ចំនួន ៣ គឺ​ចំណែក​របស់​រដ្ឋ​ (​កម្ពុជា​) ឯកជន និង​ក្រុមហ៊ុន Vietnam Airlines​។ ការទិញ​លក់​នៅពេល​នេះ​គឺ​ធ្វើ​ឡើង​ចំពោះ​ភាគហ៊ុន ឯកជន និង​របស់​ក្រុមហ៊ុន Vietnam Airlines តែប៉ុណ្ណោះ​។

ទោះជា​យ៉ាងណា​លោក​ប្រាប់ថា ប្រតិបត្តិការ​ទិញ​លក់​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន Cambodia Angkor Air នាពេលនេះ​នៅ​មិនទាន់មាន​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ទេ​។ លោក​ប្រាប់ថា​៖ «​រហូត​មកដល់​ពេលនេះ​គឺ​ក្រុមហ៊ុន​នៅ​រក្សា​ធនធាន​មនុស្ស​នៅ​ដដែល​ទាំងអស់​ដោយ​ផ្លាស់ប្តូរ​តែ​ម្ចាស់​ភាគហ៊ុន​ប៉ុណ្ណោះ​»​។

ទាក់ទង​នឹង​ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការគ្រប់គ្រង​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​លោក សិរីវុត្ថា បាន​បញ្ជាក់ថា រដ្ឋ​គ្មាន​បំណង​ទាញយក​ក្រុមហ៊ុន​មក​គ្រប់គ្រង​ដោយផ្ទាល់​ទេ ព្រោះ​វា​ជា​ក្រុមហ៊ុន​រដ្ឋ​ចម្រុះ​ជាមួយ​ឯកជន​។ លោក​បាន​ថ្លែងថា​៖ «​ដូច​យើង​ដឹង​ហើយ​ថា ប្រទេស​កម្ពុជា​មាន​គោលនយោបាយ​មិន​ឲ្យ​មាន​សិទ្ធិ​ផ្តាច់មុខ ដូច្នេះ​ក្រុមហ៊ុន​នេះ​ក៏ត្រូវ​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ដែរ​»​។

ទោះយ៉ាងណា​លោក​បន្តថា រដ្ឋាភិបាល​កម្ពុជា​អាច​មាន​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ក្នុង​ការជួយ​ធ្វើឲ្យ​ក្រុមហ៊ុន​នេះ​អាច​បន្ត​និរន្តរភាព តែ​ក៏​នឹង​មិន​ធ្វើ​អ្វី​ខុសពី​គោលការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ចំពោះ​ការធ្វើអន្តរាគមន៍​ក្រុមហ៊ុន​របស់​រដ្ឋ​ដែរ​។

យោងតាម​សារព័ត៌មាន​ Vietnamtimes ដែល​ចេញផ្សាយ​ក្នុង​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines បាន​ចុះកិច្ចសន្យា​លក់​យន្តហោះ​ A321 ចំនួន ៥ គ្រឿង​ដែលមាន​ទឹកប្រាក់​សរុប​ $៣៧ លាន រួមជាមួយ​ភាគហ៊ុន​ចំនួន ៤៩ ភាគរយ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា Cambodia Angkor Air ទៅ​ឲ្យ​អ្នកវិនិយោគ​មួយ​ដែល​មិន​ត្រូវបាន​ប្រាប់​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​។

Cambodia Angkor Air ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៩ ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​បន្ទាប់ពី​ការដួលរលំ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Royal Air Cambodge បាន​ ៨ ​ឆ្នាំ​។ ក្រុមហ៊ុន​នេះ​ធ្វើ​ប្រតិបត្តិការ​លើផ្លូវ​ហោះហើរ​ក្នុង និង​ក្រៅ​ស្រុក​ជាង ១០ ជាមួយ​នឹង​ការរៀបចំ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Air​។ បច្ចុប្បន្ន Cambodia Angkor Air មាន​យន្តហោះ​ប្រភេទ A321 ចំនួន ៥ គ្រឿង​។

នៅក្នុង​របាយការណ៍​សវនកម្ម​របស់ខ្លួន​សម្រាប់​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន Vietnam Air បាន​ឲ្យ​ដឹងថា លក្ខខណ្ឌ​ប្រតិបត្តិការ​មាន​ការលំបាក​។

លោក ចាន់សិរីវុត្ថា បាន​លើកឡើង​ទៀតថា តាម​ការសិក្សា​របស់​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ១៩ បាន​ធ្វើឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​វិស័យ​អាកាសចរណ៍​ដោយមាន​សេណារីយោ​ធំៗ​ចំនួន​ ២ ត្រូវបាន​លើកឡើង គឺ V Shape អ្នកដំណើរ​មាន​ការថយ​ចុះ ៤៧ ​ភាគរយ​ដែល​ស្មើនឹង ៥០៣ ​លាន​នាក់ និង​បាត់បង់​ចំណូល​ប្រមាណ ១១២ ​ពាន់​លាន​ដុល្លារ បើ​ជំងឺ​នេះ​បន្ត​រីក​រាលដាល​ទៅដល់​ខែមិថុនា និង U Shape នឹងមាន​ការធ្លាក់ចុះ ៥៨ ​ភាគរយ​ស្មើនឹង ៦០៧ ​លាន​នាក់ និង​មាន​តម្លៃ ១៣៥ ​ពាន់​លាន​ដុល្លារ បើ​ការរីករាលដាល​នេះ​ឈាន​ដល់​ខែ​កក្កដា ឬ​សីហា​៕ LA