ភ្នំពេញៈ ការរៀបចំសម្រាប់សេដ្ឋកិច្ចឌីជីថល និងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ បានក្លាយជាទិសដៅអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិនេះ ខណៈប្រទេសនេះកំពុងបង្កើនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កំណើនរយៈពេលវែង។ នេះបើយោងតាមរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្លែងក្នុងវេទិកាឌីជីថលកម្ពុជាឆ្នាំ ២០១៩ រយៈពេល ៣ ថ្ងៃដែលបានបញ្ចប់កាលពីម្សិលមិញ ក្រោមប្រធានបទ «ឆ្ពោះទៅបដិវត្តន៍ឧស្សាហកម្មទី៤» លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងផ្លាស់ប្តូរចេញពីមូលដ្ឋានកសិកម្ម ទៅសេដ្ឋកិច្ចផ្អែកលើសេវា និងឧស្សាហកម្មកាន់តែខ្លាំងឡើងៗ។ ដូច្នេះការទទួលយកបច្ចេកវិទ្យា ដោយវិស័យឯកជន និងរដ្ឋាភិបាលនឹងជាកន្លែងមួយក្នុងការបង្កើនផលិតភាព និងការផ្លាស់ប្តូរសេដ្ឋកិច្ច។
លោកថ្លែងថា៖ «សេវាកម្មឧស្សាហកម្ម នឹងបន្តវិវឌ្ឍទៅមុខ ដោយមានការកំណត់ជំនាញកាន់តែខ្លាំង ក្នុងការធ្វើសមាហរណកម្មប្រទេស កម្ពុជា ទៅក្នុងចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក។ សេដ្ឋកិច្ចនេះនឹងឆ្ពោះទៅមុខលើសពីវិស័យកាត់ដេរដែលសេដ្ឋកិច្ចបានពឹងផ្អែកអស់រយៈពេលយូរមកហើយនោះទៅជាវិស័យផលិត»។
លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាកំពុងបង្កើត និងពិនិត្យគោលនយោបាយឡើងវិញ ស្របជាមួយនឹងនិន្នាការកើនឡើងខ្លាំងនេះ ដើម្បីចាប់យកឱកាសជំរុញការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងទីផ្សារអាជីវកម្ម ការរៀបចំបរិយាកាសអាជីវកម្ម ព្រមទាំងកាត់បន្ថយហានិភ័យដែលអាចកើតឡើង ដែលកើតឡើងដោយសារតែការអភិវឌ្ឍបច្ចេកវិទ្យាទាំងនេះ។
លោកថ្លែងថា៖ «យើងនឹងផ្ដោតលើការពង្រឹង និងការពង្រីកមូលដ្ឋានសេដ្ឋកិច្ចឌីជីថល ទាំងក្នុងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ការអភិវឌ្ឍធនធានមនុស្ស និងជំនាញស្របជាមួយនឹងបរិបទថ្មីនេះ ព្រមទាំងការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ និងនិយតករត្រឹមត្រូវ»។
វេទិកាឌីជីថលលើកដំបូងកម្ពុជាឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍អន្តរជាតិឈានមុខគេនៅក្នុងប្រទេស កម្ពុជា។ វាត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សហគ្រិនភាព នវានុវត្តន៍ និងការអភិវឌ្ឍនៅក្នុងវិស័យទូរគមនាគមន៍ និងព័ត៌មានវិទ្យាទូរគមនាគមន៍ និងដើម្បីបង្កើតឱកាសសម្រាប់ក្រុមហ៊ុនបង្កើតថ្មី សហគ្រាសធុនតូច និងមធ្យម និងក្រុមវិនិយោគិនរៀនសូត្រពីគ្នាទៅវិញទៅមក និងការបង្កើតបណ្ដាញអាជីវកម្ម និងការវិនិយោគ។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ប្រទេស កម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការតភ្ជាប់ប្រទេសនេះ និងដើម្បីធានាឲ្យប្រាកដថា អត្ថប្រយោជន៍របស់ ICT ទៅដល់ប្រជាជននៅតំបន់ដាច់ស្រយាល។
លោកបន្ថែមថា រហូតមកដល់ខែមករា ឆ្នាំ ២០១៩ ចំនួនការជាវស៊ីមកាតទូរស័ព្ទចល័តនៅកម្ពុជាមានប្រហែល ១៩,៥ លានស៊ីមកាត ដែលបានគ្របដណ្ដប់ប្រហែល ១០០ ភាគរយនៃតំបន់ទីក្រុង។
លោកបញ្ជាក់ថា៖ «ការងាររបស់យើងនឹងបង្កើតបណ្ដាញ និងសេវាដែលនឹងគាំទ្រដល់ដំណោះស្រាយនវានុវត្តន៍ដើម្បីផ្ដល់អំណាចដល់សេដ្ឋកិច្ចឌីជីថល និងនាំយកអត្ថប្រយោជន៍សង្គម និងសេដ្ឋកិច្ចដ៏ធំដល់ពលរដ្ឋទាំងអស់នៅក្នុងតំបន់របស់យើង»។
លោក អូន ព័ន្ធមុនីរ័ត្ន ធ្លាប់បានបញ្ជាក់ថា កម្ពុជាត្រូវការពេលយ៉ាងហោចណាស់ ១០ ឆ្នាំដើម្បីក្លាយជាប្រទេសមានសេដ្ឋកិច្ចជំរុញដោយបច្ចេកវិទ្យា៕ LA