ភ្នំពេញៈ ចំនួន​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​ចំនួន ២៨៩ ៤២២ ​នាក់​ដែល​ស្មើនឹង​តម្លៃ ១ ៣៩៧ ​លាន​ដុល្លារ គិត​ត្រឹម​ខែ​កុម្ភៈ ខណៈ​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​បានឱ្យ​ដឹងថា ការស្នើសុំ​កំពុង​ធ្លាក់ចុះ​។

ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) កាលពី​ខែមីនា ឆ្នាំ​ ២០២០ បានចេញ​សារាចរណ៍​មួយ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ឱ្យ​រៀបចំ​ឥណទាន​ឡើងវិញ​ក្នុង​វិស័យ​អាទិភាព​ចំនួន​ ៤ គឺ​ទេសចរណ៍ កាត់ដេរ សំណង់ ការដឹកជញ្ជូន និង​ឡូជីស្ទិក ដែល NBC ចាត់ទុក​ថា ជា​វិស័យ​ទទួលរង​ផលប៉ះពាល់​ខ្លាំង​បំផុត​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

សារាចរ​នេះ​មាន​បំណង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​បន្ធូរបន្ថយ​បន្ទុក​អ្នក​ជាប់បំណុល​ដែល​កំពុង​ប្រឈម​ការធ្លាក់ចុះ​ចំណូល​ក្នុងអំឡុងពេល​ការរីករាលដាល​កូវីដ​ ១៩​។ សារាចរ​នេះ​នឹងត្រូវ​អនុវត្ត​រហូតដល់​ពាក់កណ្ដាល​ឆ្នាំ​ ២០២១ នេះ​។

តាម​ទិន្នន័យ​ពី​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA) គិត​ចាប់តាំងពី​បើក​ឱ្យមាន​ការស្នើសុំ​រៀប​ឥណទាន​ឡើងវិញ​កាលពី​ខែមីនា​ឆ្នាំមុន​រហូត​មក​ដល់​ដំណាច់​ខែកុម្ភៈ ឆ្នាំ​ ២០២១ មាន​អតិថិជន ៣០៧ ៨៧៥ ​នាក់ ​នៃ​សមាជិក CMA ដែល​រួមមាន​ធនាគារ ៤ ផងដែរ​នោះ​បាន​ដាក់​ពាក្យស្នើសុំ​ការរៀបចំ​ឥណទាន​ឡើងវិញ​។ ក្នុងនោះ​មាន​អតិថិជន ២៨៩ ៤២២ ​នាក់ ​ត្រូវ​បានអនុម័ត​ជាមួយ​តម្លៃ​សរុប ១ ៣៩៧ ​លាន​ដុល្លារ​។

លោក កាំង តុងងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង CMA បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ថ្ងៃទី​ ៣ ខែមីនា​ថា ទិន្នន័យ​បានបង្ហាញ​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​ក្នុងការ​ស្នើសុំ​ការរៀបចំ​ឥណទាន​ឡើងវិញ​។ នេះ​ជា​សញ្ញា​ដ៏ល្អ​ដែលថា ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ បាន​ធ្លាក់ចុះ​។

លោក​ថ្លែងថា​៖ «​ដោយ​មាន​ការផ្ទុះឡើង​ក្នុង​សហគមន៍​នៅពេល​ថ្មីៗ​នេះ CMA រំពឹងថា នឹង​មាន​ការកើនឡើង​ការស្នើសុំ​ការរៀបចំ​ឥណទាន​ឡើងវិញ​ក្នុង​រយៈពេល​ជាច្រើន​ខែ​ខាងមុខ​នេះ ដោយសារ​តែ​អតិថិជន​ភាគច្រើន​បង់​ប្រាក់​ប្រចាំខែ​។ ខណៈ​នេះ​យើង​កំពុង​ចាំមើល​ផលប៉ះពាល់​ពិតប្រាកដ ប៉ុន្តែ​យើង​មិន​រំពឹងថា​នឹងមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណា​ដូច​កាលពី​ពាក់កណ្ដាល​ឆ្នាំ​ ២០២០ ដោយសារ​តែ​សកម្មភាព​ពាណិជ្ជកម្ម ឬ​អាជីវកម្ម​ជាច្រើន​នៅតែ​បន្ត​ដំណើរការ ទោះបី​មាន​ល្បឿន​យឺត​ក៏ដោយ​។ ប្រជាជន​ហាក់​មាន​បទពិសោធ​ជាមួយ​នឹង​ការរីករាលដាល​បែបនេះ ហើយ​កំពុង​បន្តជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​ដោយ​ប្រុងប្រយ័ត្ន​»​។

លោក សាយ សូនី អនុប្រធាន​ជាន់ខ្ពស់​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ បាន​អង្កេត​ឃើញ​និន្នាការ​រៀបចំ​ឥណទាន​ឡើងវិញ​កំពុង​ធ្លាក់ចុះ ទោះបី​មាន​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ក៏ដោយ​។

យោងតាម​លោក តុងងី ភាគច្រើន​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ​គឺ​ក្នុង​វិស័យ​ជំនួញ និង​ពាណិជ្ជកម្ម​។ លោក​បញ្ជាក់ថា​៖ «​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​កូវីដ​ ១៩ នៅតែ​អាច​សុំ​រៀបចំ​ឥណទាន​ឡើងវិញ​រហូត​ដល់​ខែមិថុនា ឆ្នាំ​ ២០២១​។ ដោយសារ​មាន​ការផ្ទុះឡើង​ក្នុង​សហគមន៍​ពេល​ថ្មីៗ យើង​រំពឹងថា ចំនួន​នៃ​ការស្នើសុំ​នឹង​កើនឡើង ប៉ុន្តែ​មិន​ច្រើន​ដូច​កាលពី​ដើម​ឆ្នាំ​ ២០២០ ទេ​»៕ LA