ភ្នំពេញៈ ចំនួន​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ​នៅតាម​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​កើន​ដល់ ៤,២ ​ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០២០ ចាប់តាំងពី​វិធានការ​នេះ​ត្រូវបាន​ប្រកាស​កាលពី​ចុងខែ​មីនា ឆ្នាំ​ ២០២០ ដើម្បី​បន្ធូរបន្ថយ​បន្ទុក​អ្នក​ខ្ចីប្រាក់​នៅក្នុង​វិស័យ​សំខាន់ៗ​ចំនួន​ ៤ ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

យោងតាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​ឆ្នាំមុន មាន​ការរៀបចំ​ឥណទាន​ឡើងវិញ​ប្រហែល ៤,២ ​ពាន់​លាន​ដុល្លារ ឬ ២៨៥ ០៧៤ គណនី​។

កាលពី​ចុងខែ​មីនា NBC បានចេញ​សារាចរ​ណែនាំ​មួយ​ដល់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​រៀបចំ​ឥណទាន​ឡើងវិញ សម្រាប់​កម្ចី​នៅក្នុង​វិស័យ​អាទិភាព​ ៤ សំដៅ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​បន្ធូរបន្ថយ​បន្ទុក​អ្នក​ខ្ចីប្រាក់​ដែល​ប្រឈម​នឹង​ការធ្លាក់ចុះ​ប្រាក់ចំណូល​ក្នុងអំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ សារាចរ​នេះ​នឹងត្រូវ​អនុវត្ត​រហូតដល់​ពាក់កណ្ដាល​ឆ្នាំ​ ២០២១​។

លោក អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​កាលពី​ថ្ងៃ​ពុធ បាន​ស្នើឱ្យ​រដ្ឋាភិបាល​ត្រូវ​បន្តពេល​វេលា​រៀបចំ​ឥណទាន​ឡើងវិញ​រយៈពេល​វែង​ជាងនេះទៀត ដោយសារ​វា​អាចជួយ​អតិថិជន ទោះបី​ជាមាន​វ៉ាក់សាំង​ជំងឺ​កូវីដ​ ១៩ ក៏ដោយ​។

លោក​ថ្លែងថា​៖ «​តាងនាម​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ ខ្ញុំ​ចង់​ស្នើឱ្យ​រដ្ឋាភិបាល​ពិចារណាការ​បន្តពេល​បន្ថែម​ទៀត​សម្រាប់​ការរៀបចំ​ឥណទាន​ឡើងវិញ​ដល់​អតិថិជន ខណៈ​ក្រុមហ៊ុន​ជាច្រើន​កំពុង​តែ​ជម្នះ​ក្នុង​ការស្ទុះ​ងើបឡើង​វិញ​»​។

លោក កាំង តុងងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ឆ្នាំ​ ២០២០ ថា សមាជិក​របស់ CMA ដែល​រួមមាន​ធនាគារ​ ៤ បានផ្ដល់​ការរៀបចំ​ឥណទាន​ឡើងវិញ​សរុប ១,៣៨២ លាន​ដុល្លារ ដល់​ជាង ២៨៥ ០០០ ​អតិថិជន​។

លោក​លើកឡើង​ថា​៖ «​ជំងឺ​កូវីដ​ ១៩ បាន​ប៉ះពាល់​អវិជ្ជមាន​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន​។ គោលនយោបាយ​រៀបចំ​ឥណទាន​ឡើងវិញ​បាន​បន្ធូរបន្ថយ​បន្ទុក ដែល​បាន​បណ្ដាល​មកពី​កូវីដ ១៩ លើ​អតិថិជន​ជាច្រើន ដូច្នេះ​ពួកគេ​អាច​បន្ត​ជីវភាព​រស់នៅ​បាន ហើយ​ប្រវត្តិ​ឥណទាន​របស់​ពួកគេ​នឹង​មិន​រង​ផលប៉ះពាល់​ដោយសារ​តែ​ការរៀបចំ​ឥណទាន​ឡើងវិញ​នោះទេ​។ ការរៀបចំ​ឥណទាន​ឡើងវិញ​ជាង​ពាក់កណ្ដាល​ត្រូវបាន​ធ្វើឡើង​សម្រាប់​កម្ចី​ក្រុមហ៊ុន​តូចៗ ដែល​ប្រាក់ចំណូល​ត្រូវ​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​ ១៩»​។

លោក សាយ សូនី អនុប្រធាន​ប្រតិបត្តិ​ប្រាសាក់​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ កាលពី​ថ្ងៃ​ពុធ​ថា ការរៀបចំ​ឥណទាន​ឡើងវិញ​នៅ​គ្រឹះស្ថាន​កំពុង​ធ្លាក់ចុះ ដោយសារ​ការធូរស្រាល​ស្ថានការណ៍​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ការរកបាន​វ៉ាក់សាំង​។

លោក​បញ្ជាក់ថា​៖ «​យើង​នៅតែ​មើលឃើញ​និន្នាការ​ការធ្លាក់ចុះ​ការរៀបចំ​ឥណទាន​ដែល​បាន​ស្នើសុំ​ពី​អតិថិជន​របស់​យើង ដោយសារ​តែ​ពួកគេ​អាច​ចាប់ផ្ដើម​អាជីវកម្ម​របស់​ពួកគេ​ជាថ្មី និង​រកប្រាក់​ចំណូល​ដើម្បី​សង​កម្ចី​តាម​ពេលវេលា​កំណត់​ការសង​»​។ លោក​បន្តថា​៖ «​យើង​ផ្ដល់​ឱកាស​ដល់​វិស័យ​មួយចំនួន ប៉ុន្តែ​យើង​កត់សម្គាល់​ថា អត្រា​ការរៀបចំ​ឥណទាន​ឡើងវិញ​ខ្ពស់​ដល់​វិស័យ​ដែល​ជាប់ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​»៕LA