ភ្នំពេញៈ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​​កម្ពុជា​បាន​ធ្វើ​ការ​រៀបចំ​ឥណទាន​ឡើង​​វិញ​ក្នុង​ទំហំ​ឥណទាន​ជិត ​៥០០ ​លាន​ដុល្លារ​ នៅ​ក្នុង​ចំណោម​អ្នក​បាន​ស្នើសុំ​រៀបចំ​ឥណទាន​ឡើង​វិញ​ជាង ១៣ ​ម៉ឺន​​នាក់​ ដែល​នេះ​ជា​វិធានការ​មួយ​ជួយ​សម្រាល​បន្ទុក​ដល់​អតិថិជន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​អំឡុង​នៃ​ការ​រាត​ត្បាត​ជំងឺ​កូវីដ ​១៩។​

លោក កាំង តុងងី ប្រធាន​នាយកដ្ឋាន​​ទំនាក់​ទំនង​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី ១០ ខែ​ឧសភា មាន​អតិថិជន​ ១៣៧ ១៥៨ នាក់​បាន​ធ្វើ​ការ​ស្នើសុំ​រៀបចំ​ឥណទាន​ឡើង​វិញ​។ ក្នុង​​នោះ​អតិថិជន​ ១១៨ ១៨២ ​នាក់​ ស្មើ​នឹង​ ៩០ ​ភាគរយ ​​ត្រូវ​បាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សម្រេច​ធ្វើ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ​ដែល​មាន​ទំហំ​ឥណទាន​ជាង ៤៨៨ លាន​ដុល្លារ​។​

លោក​បន្ត​ថា ការ​ប្រមូល​ទិន្នន័យ​នេះ​​ធ្វើ​ឡើង​ក្នុង​គោល​បំណង​តាមដាន​​ផល​​ប៉ះពាល់​ជាក់​ស្តែង​នៃ​ជំងឺ​កូវីដ ​១៩​ ទៅ​​លើ​អតិថិជន​ការ​គាំពារ​អតិថិជន​របស់​គ្រឹះស្ថាន​ជា​សមាជិក​ និង​​ការ​វិវត្ត​ទូទៅ​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​​ទាំង​មូល ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ និង​ផ្ញើ​របាយការណ៍​ជូន​ភាគី​ពាក់ព័ន្ធ​។

លោក​ថ្លែង​ថា៖ ​«ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ ​១៩ សមាគម​បាន​និង​កំពុង​ធ្វើ​ការ​យ៉ាង​​សកម្ម​ជាមួយ​សមាជិក​ និង​ដៃ​គូ​ពាក់ព័ន្ធ​នានា ​ពិសេស​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ក្នុង​ការ​ជួយ​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះ​ពាល់​នេះ»។

លោក​បន្ត​ថា៖​ «សមាគម​ស្វាគមន៍​នូវ​រាល់​កិច្ច​សហការ​នានា​ជាមួយ​ភាគី​ទាំងឡាយ​ណា​ដែល​មាន​សុច្ឆន្ទៈ​ពិត​ប្រាកដ​នៅ​ក្នុងការ​ចូលរួម​ជួយ​ដោះ​ស្រាយ​​បញ្ហា​របស់​អតិថិជន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​»។​

លោក ប៊ុន មុនី នាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ វិថី ភីអិលស៊ី បាន​ប្រាប់​ថា ការ​រាត​ត្បាត​ជំងឺ​កូវីដ ​១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​​ខ្លាំង​ដល់​វិស័យ​​មីក្រូ​ហិរញ្ញវត្ថុ​។ លោក​បន្ត​ថា ជាក់​ស្តែង​គ្រឹះស្ថាន​របស់​លោក​មាន​កំណើន​ឥណទាន​ខូច​កើន​​ដល់ ៣,៥ ​ភាគរយ​នា​ពេល​បច្ចុប្បន្ន។

លោក​ថ្លែង​ថា៖ «តាម​ពិត​ជា​ការ​ប៉ះពាល់​ហើយ ខែ​មុនៗ​គ្រឹះស្ថាន​ខ្ញុំ​ចាប់​ផ្តើម​ខាត​មែនទែន ​ដោយសារ​​គេ​អត់​សង​​ដូច្នេះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ ប៉ុន្តែ​យើង​ទទួល​យក​ទាំង​អស់​គ្នា​ ពី​ព្រោះ​យើង​យល់​ពី​វិបត្តិ​នៃ​វីរុស​កូរ៉ូណា​។ ខ្ញុំ​​​សង្ឃឹម​ថា​ ចាប់​ពី​ខែ​ក្រោយ​ទៅ​ ស្ថានភាព​ជំងឺ​នេះ​​​​នឹង​ធូរ​ស្រាល​ឡើង​វិញ​»។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​រៀបចំ​ឥណទាន​ឡើង​វិញ​ជូន​អតិថិជន​បាន​លុះត្រា​តែ​មាន​ការ​ស្នើសុំ​ពី​អតិថិជន​ ដោយ​យោង​តាម​កិច្ច​សន្យា​រវាង​គ្រឹះស្ថាន​ និង​អតិថិជន​ គោលការណ៍​ការពារ​អតិថិជន​ ក៏​ដូច​ជា​លក្ខខណ្ឌ​ផ្លូវ​ច្បាប់​មួយ​ចំនួន​ទៀត​។ នេះ​បើ​​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ​CMA​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា បើ​គ្មាន​ដំណោះ​ស្រាយ​សម​ស្រប​តាម​លក្ខខណ្ឌ​បច្ចេកទេស​នោះ​ទេ​ ​នឹង​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ទាំង​មូល។​

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា៖ ​«សមាគម​​នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​ និង​ស្វាគមន៍​ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះ​ពាល់​ពិត​ប្រាកដ​ពី​ជំងឺ​កូវីដ ​១៩ សូម​មេត្តា​ទាក់ទង​ទៅ​គ្រឹះស្ថាន​ដែល​ខ្លួន​បាន​ទទួល​ប្រាក់​កម្ចី​ ឬ​តាមរយៈ​មន្រ្តី​ឥណទាន​ផ្ទាល់​ ដើម្បី​ទទួល​បាន​នូវ​ដំណោះ​ស្រាយ​សមស្រប​»។

គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី១ ឆ្នាំ ២០២០ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​ទំហំ​​ឥណទាន​សរុប​ ៧,៤ ពាន់​លាន​ដុល្លារ ​នៃ​អតិថិជន​ជាង ​២,២ លាន​នាក់​ ខណៈ​ប្រាក់​បញ្ញើ​សរុប​មាន​ចំនួន​ជាង ៣,៦ ពាន់​លាន​ដុល្លារ​​នៃ​អតិថិជន​ជាង ២,៨ លាន​នាក់​។ នេះ​បើ​យោង​តាម ​CMA៕ LA