ភ្នំពេញៈ ​ខណៈ​វិស័យ​កសិកម្ម​របស់​កម្ពុជា​កំពុង​បង្ហាញ​ពី​កំណើន​ជា​បណ្ដើរ​ៗ​ពី​មួយ​ឆ្នាំ​ទៅ​​មួយ​ឆ្នាំ ជា​មួយ​​នឹង​រោងចក្រ​​កែច្នែ​​ជា​ច្រើន​ត្រូវ​បាន​បង្កើត​​​ឡើង​ បញ្ហា​ប្រឈម​​នៅ​តែ​​មាន​សម្រាប់​វិស័យ​នេះ ​ខណៈ​​​វិធាន​​ការ​ការពារ​របស់​សហភាព​​អឺរ៉ុប​ស្តីពី​ការ​នាំចូល​អង្ករ​ពី​កម្ពុជា អាច​ជា​ការ​បារម្ភ​ដ៏​ធំ​មួយ​ដល់​ឧស្សាហកម្ម​ស្រូវ​អង្ករ​របស់​​ប្រទេស​នេះ​ក្នុង​ឆ្នាំ ២០១៩​។​

ជា​មួយ​នឹង​​ការ​កែ​លម្អ​ជា​ច្រើន ​មន្ដ្រី​មក​​ពី​ក្រសួង​កសិកម្ម ​បង្ហាញ​​ពី​សុទិដ្ឋិនិយម​ថា​ ឆ្នាំ​ ២០១៩​ នឹង​ជា​ឆ្នាំ​​​ដំណើរ​ការ​ល្អ​មួយ​ទៀត​សម្រាប់​វិស័យ​នេះ​។​

លោក ​ស្រី ​វុឌ្ឍី ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ​បាន​ឲ្យ​ដឹង​ថា ​ប្រសិន​បើ​សម្លឹង​មើល​ទៅ​ឧស្សាហកម្ម​នេះ​ទាំង​មូល វិស័យ​នេះ​មាន​រោងចក្រ​កែច្នៃ​ផលិត​​ផល​កសិកម្ម​ជា​ច្រើន​ត្រូវ​បាន​គេ​​រំពឹង​ថា ​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​​​​ឆ្នាំ​នេះ ដែល​វា​​នឹង​​ធានា​តម្លៃ​សម្រាប់​កសិករ​។​ ​

លោក​ថ្លែង​ថា​៖ «​យើង​​មាន​រោងចក្រ​កែច្នៃ​ផ្លែ​ឈើ​ថ្មី​​មួយ​ រោងចក្រ​កែច្នៃ​ដំឡូង​មី ​ឃ្លាំង​ស្ដុក​ស្រូវ​ និង​​ឡ​សម្ងួត​ ជា​ច្រើន​ដែល​ត្រៀម​រួច​ហើយ​សម្រាប់​​ប្រតិបត្តិការ​ពេញ​លេញ​​នៅ​​ឆ្នាំ​នេះ​»។

លោក​​បន្ត​ថា​៖ «​​រោងចក្រ​​ទាំង​អស់​នេះ​នឹង​ធានា​ពី​ទីផ្សារ ​និង​​តម្លៃ​ផលិត​ផល​របស់​យើង​»​។

រោងចក្រ​កែច្នៃ​ផ្លែ​ឈើ​ស្រស់​របស់​​កូរ៉េ​ខាង​ត្បូង​មាន​តម្លៃ​ ១០ ​លាន​ដុល្លារ​ដំបូង​ នៅ​ខេត្ត​កំពង់ស្ពឺ​ រំពឹង​ថា ​នឹង​​ដំណើរ​ការ​នៅ​ឆ្នាំ​នេះ​ ដែល​អាច​ស្រូប​យក​ផ្លែ​ឈើ​​ជាង​ ៥០,០០០ ​តោន​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​នាំ​ចេញ ​ដែល​រួម​មាន​ផ្លែ​ដូង​ ផ្លែ​ទុរេន ​ផ្លែ​មង្ឃុត ​និង​ផ្លែ​ឈើ​ស្រស់​ផ្សេង​ទៀត​។​

ក្រុមហ៊ុន ​Green Leader Holdings Group Co Ltd ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ​ដែល​កំពុង​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​ដំបូង​របស់​ខ្លួន​នៅ​ខេត្ត​ក្រចេះ ​ខណៈ​ក្រុមហ៊ុន​គ្រោង​​វិនិយោគ​សរុប ​១៥០ ​លាន​ដុល្លារ​ នៅ​ក្នុង​​ឧស្សាហកម្ម​ដំឡូង​មី​របស់​កម្ពុជា​​។​ រោងចក្រ​​នៅ​ខេត្ត​ក្រចេះ​រំពឹង​ថា ​នឹង​ប្រតិបត្តិ​​ការ​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​នេះ​។​

លោក​ ស្រី វុឌ្ឍី បាន​ឲ្យ​ដឹង​ថា​រោងចក្រ​ទាំង​នេះ​នឹង​នាំ​យក​ផលិត​ផល​កសិកម្ម​កម្ពុជា​កាន់​តែ​ច្រើន​ទៅ​ទីផ្សារ​អន្តរជាតិ​។​

លោក​ថ្លែង​ថា​៖ «​ហើយ​ផ្លែ​ចេក​របស់​យើង​ត្រៀម​រួច​ហើយ​សម្រាប់​ការ​នាំ​ចេញ​នៅ​ឆ្នាំ​នេះ​ផង​ដែរ ​ហើយ​​ក្រសួង​កសិកម្ម​ នឹង​កៀរគរ​​វិនិយោគិន​កាន់​តែ​ច្រើន​​ឲ្យ​សម្លឹង​មើល​ការ​វិនិយោគ​ដ៏​មាន​សក្ដានុពល​»។ លោក​បន្ត​ថា ​ក្រសួង​ជឿ​ជាក់​ថា ​ការ​នាំ​ចេញ​អង្ករ​នឹ​ង​ត្រូវ​កើន​ឡើង​ផង​ដែរ​​នៅ​ឆ្នាំ​នេះ​​។​ ​

លោក​លើក​ឡើង​ថា​៖ «​យើង​មាន​​មោទនភាព​លើ​ឧស្សាហកម្ម​ស្រូវ​អង្ករ​របស់​យើង​។ ​ ​នៅ​ពេល​នេះ​យើង​​មាន​ស្ដង់​ដារ ​និង​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ស្ដុក​ និង​សម្ងួត​ស្រូវ​ ហើយ​យើង​នឹង​បង្កើន​ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​​ ចិន​ នៅ​ឆ្នាំ​នេះ​»​​។​

វិស័យ​នេះ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ឃ្លាំង​​ស្ដុក​ស្រូវ​មួយ​ចំនួន​កាល​ពី​ឆ្នាំ​មុន​ នៅ​ខេត្ត​កំពង់ធំ ​កំពង់​ចាម​ ព្រៃវែង តាកែវ ​និង​បាត់​ដំបង​។​

ទោះ​បី​យ៉ាង​នេះ​ក្តី ​លោក​ ស្រី​ វុឌ្ឍី ​បាន​បញ្ជាក់​ថា ​​វិស័យ​នេះ​នៅ​តែ​​មើល​ឃើញ​ពី​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ឡូជីស្ទិក ​និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ ដែល​ចាំ​បាច់​ត្រូវ​ការ​ដោះ​ស្រាយ​។ ​លោក​បន្ថែម​ថា​៖ «​យើង​ត្រូវ​ការ​ពេលវេលា​ ​ក្នុង​​ការ​​កែ​លម្អ​ឡូជីស្ទិក​ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​​យើង​ ព្រម​ទាំង​តម្លៃ​អគ្គិសនី ​ដើម្បី​កាត់​បន្ថយ​តម្លៃ​​ផលិត​ និង​ប្រកួត​ប្រជែង​ជា​មួយ​​ទីផ្សារ​អន្តរ​ជាតិ​»​។​

លោក​ ហ៊ុន ​ឡាក់​ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF)​ យល់​ស្រប​នឹង​ការ​បារម្ភ​ដែល​បាន​បញ្ជាក់​ខាង​លើ​នេះ​។​ ​​លោក​ថ្លែង​ថា​៖ «​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ តម្លៃ​ផលិត​របស់​យើង​គឺ​នៅ​តែ​ខ្ពស់ ​និង​ពិបាក​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​ ដែល​យើង​ចាំ​បាច់​ត្រូវ​​ចាត់​វិធាន​ការ​កាន់​តែ​ច្រើន​នៅ​ឆ្នាំ​នេះ​ ដើម្បី​បង្កើន​ការ​នាំចេញ​»។​

លោក​បន្ត​ថា​ ផលិត​ផល​ផ្លែ​ឈើ​មាន​​សក្ដានុពល​ខ្ពស់​សម្រាប់​ការ​នាំចេញ​ ប៉ុន្តែ​បញ្ហា​ប្រឈម​នៅ​តែ​មាន​សម្រាប់​​​ផលិត​ផល​ផ្សេង​ទៀត​ ដូច​ជា ​ដំឡូង​មី ​ផ្លែ​ស្វាយ​ ម្រេច ​ពោត ​ស្វាយ​ចន្ទី ​ផ្លែ​មៀន និង​​ផ្លែ​ចេក​។​ ​លោក ​ហ៊ុន​ ឡាក់ បាន​​ឲ្យ​ដឹង​ថា ​បញ្ហា​ស្ដង់ដារ​អនាម័យ​ គឺជា​បញ្ហា​មួយ​​ដ៏​សំខាន់​ ខណៈ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើត​ទំនាក់​​ទំនង​​ទីផ្សារ​ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​រឹង​មាំ​មួយ​។​ ​

លោក​ថ្លែង​ថា​៖ «​​ប្រសិន​បើ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ខ្ញុំ​ជឿជាក់​ថា ​ផ្លែ​ឈើ​របស់​យើង​នឹង​អាច​ទៅ​ដល់​ទីផ្សារ​អន្តរ​ជាតិ​ក្នុង​ចំនួន​ច្រើន​ និង​ជួយ​ជំរុញ​​សេដ្ឋកិច្ច​របស់​យើង​»​​។​

លោក​ សុង​ សារ៉ន ​អគ្គ​នាយក​ក្រុមហ៊ុន ​AMRU ​Rice ​Co.,Ltd បាន​ឲ្យ​ដឹង​ថា ​ការ​វិនិយោគ​កាន់​តែ​ច្រើន​លើ​រោងចក្រ​កែច្នៃ​ គឺ​ជា​តម្រូវ​ការ​ដើម្បី​រក្សា​កំណើន​វិស័យ​នេះ​។​ ​

លោក​បញ្ជាក់​​ថា​៖ «​នៅ​ពេល​យើង​អាច​កែ​ច្នៃ​វត្ថុ​ធាតុ​ដើម​របស់​យើង​បាន ​បន្ទាប់​មក​យើង​អាច​បន្ថែម​តម្លៃ​កាន់​ច្រើន​​ដល់​ផលិតផល​នេះ​ ដូច្នេះ​ឆ្នាំ​ ២០១៩ ​ផលិត​ផល​អង្ករ​ ដំឡូង​មី និង​ស្វាយ​ចន្ទី ​នឹង​មាន​ភាព​ល្អ​ប្រសើរ​»។

លោក​បន្ត​ថា​៖ «​វត្ថុធាតុ​ដើម​របស់​យើង​មួយ​ចំនួន​ មិន​អាច​កែច្នៃ​ទៅ​ជា​ផលិត​ផល​សម្រេច​បាន​ទេ វា​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​ខណៈ​យើង​នៅ​​តែ​ពឹងផ្អែក​លើ​ការ​នាំចូល​​ក្រៅ​ផ្លូវ​ការ​ បន្ទាប់​មក​វា​ផ្ដល់​ហានិភ័យ​សម្រាប់​​វិស័យ​របស់​យើង​»​។​​

ទោះ​យ៉ាង​នេះ​ក្តី​លោក​ សុង ​សារ៉ន​ ​លើក​ឡើង​ថា​ ​វិធាន​ការពារ​របស់​សហភាព​អឺរ៉ុប ​នឹង​ជា​ករណី​រសើប​សម្រាប់​ឧស្សាហកម្ម​ស្រូវ​អង្ករ​របស់​ប្រទេស​ កម្ពុជា ​ក្នុង​ឆ្នាំ ​២០១៩ ​នេះ។ ​

លោក​បញ្ជាក់​​ថា​៖ «​វិធាន​ការ​ពារ​គឺ​នៅ​តែ​មាន​​ការ​​បារម្ភ​សម្រាប់​ឧស្សាហ​កម្ម​ស្រូវ​​អង្ករ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជឿជាក់​ថា ​សហភាព​​អឺរ៉ុប​ នឹង​សម្រប​សម្រួល​លក្ខខណ្ឌ​មួយ​​ចំនួន​ ​ជា​ពិសេស​អង្ករ​ក្រអូប​របស់​យើង​»៕​LA