ភ្នំពេញៈ ​ស្ថានភាព​អាជីវកម្ម​លក់​ទូរស័ព្ទ​ Huawei ​តាម​ហាង​លក់​រាយ​​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ ​រយៈពេល​​ជាង​ ​១ ​សប្តាហ៍​​មក​នេះ ​មិន​បាន​​បង្ហា​ញ​ពី​សញ្ញា​វិជ្ជមាន​នោះ​ទេ​ បន្ទាប់​ពី​ក្រុមហ៊ុន ​Google បាន​កាត់​ផ្តាច់​​ទំនាក់​ទំនង​អាជីវកម្ម​ជាមួយ​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​​ចិន​មួយ​នេះ​។

កញ្ញា ​ណុប ​ម៉ាណែត ​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ស្តុក​នៃ​ហាង​​លក់​ទូរស័ព្ទ សៀវ ​លីន​ នៅ​ទីក្រុង​ភ្នំពេញ​បាន​ប្រាប់​ថា ​ការ​​លក់​ទូរស័ព្ទ​ស្មាតហ្វូន ​Huawei ​នៅ​ហាង​របស់​គាត់​​បាន​ធ្លាក់​ជា​បន្ត​បន្ទាប់ ​ពិសេស​ស្មាតហ្វូន​​តម្លៃ​ខ្ពស់​របស់​ Huawei។

កញ្ញា​និយាយ​ថា៖​ «ការ​លក់​ធ្លាក់​ចុះ​នា​ពេល​នេះ​អាច​មក​ពី​ពួក​គាត់​ ​ព្រួយ​បារម្ភ​ថា​មិន​អាច​ Update កម្មវិធី​ផ្សេងៗ​បាន​​»។ ​ជាមួយ​គ្នា​នេះ​ដែរ​ ណុប ​ម៉ាណែត ​បាន​កត់​​សម្គាល់​ថា ​អតិថិជន​យក​ទូរស័ព្ទ​ Huawei ​មក​លក់​វិញ​ក៏​មាន​ច្រើន​ផង​ដែរ​។

លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ ​កាល​ពី​ពេល​ថ្មីៗ​នេះ​​បាន​ហាម​ក្រុមហ៊ុន​អាមេរិក​​មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​បច្ចេកវិទ្យា ​សេវា​ និង​គ្រឿង​ផ្គុំ​ក្នុង​វិស័យ​ទូរគមនាគមន៍​ជាមួយ​ក្រុមហ៊ុន ​Huawei​ ដោយ​ចោទ​ក្រុមហ៊ុន​នេះ​ថា​កំពុង​បង្ក​ការ​គំរាម​កំហែង​​ដល់​សន្ដិសុខ​ជាតិ​អាមេរិក​។

ម្ចាស់​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង​ស្ថិត​នៅ​​ម្តុំ​​ផ្សារ​ដេប៉ូ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​និយាយ​ថា ​ការ​លក់​​​ទូរស័ព្ទ Huawei មួយ​​រយៈ​នេះ​មាន​ភាព​ស្ងប់ស្ងាត់​​​ខ្លាំង​ ហើយ​ការ​ផ្គត់ផ្គង់​​​ពី​ក្រុមហ៊ុន​ចែកចាយ​ក៏​ធ្លាក់​ចុះ​ដែរ​​។ លោក​បន្ត​ថា៖ ​«​ព័ត៌មាន​ពី​​ការ​បញ្ឈប់​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ អាច​ជា​ហេតុផល​ធំ​ជាង​គេ​ដែល​ធ្វើ​ឲ្យ​អតិថិជន​របស់​ Huawei ​ងាក​ទៅ​​ប្រើ​ផលិតផល​របស់​ក្រុមហ៊ុន​​ផ្សេងៗ​ជំនួស​»។​

ទោះ​បី​ក្រុមហ៊ុន ​Google ​បាន​ប្រកាស​ហើយ​ថា ​ទូរស័ព្ទ​ស្មាតហ្វូន​របស់ ​Huawei ​ដែល​មាន​នៅ​លើ​ទីផ្សារ​ហើយ​នឹង​​នៅ​តែ​អាច​ប្រើប្រាស់​បាន​ធម្មតា ​លើកលែង​តែ​ម៉ូដែល​ចុង​​ក្រោយ ​ក៏​ប៉ុន្តែ​អារម្មណ៍​របស់​អ្នក​​ប្រើ​នៅ​តែ​មិន​ស្ងប់​។​

ម្ចាស់​ហាង​ខាង​លើ​ថ្លែង​ថា៖​ «​អារម្មណ៍​អ្នក​ប្រើប្រាស់​ទូរស័ព្ទ Huawei ភាគ​ច្រើន​នៅ​​តែ​បារម្ភ​ខ្លាច​មិន​អាច​ចូល​កម្មវិធី​ផ្សេងៗ​​បាន​ តែ​សម្រាប់​ខ្ញុំ​គិត​ថា​ នឹង​មិនមាន​បញ្ហា​ទេ​សម្រាប់​ផលិតផល​ដែល​បាន​ចេញ​លក់​រួច​មក​ហើយ​»។

ការ​ហាម​ឃាត់​នេះ​មាន​ន័យ​ថា ទូរស័ព្ទ​ស៊េរី​ក្រោយ​​របស់​ក្រុមហ៊ុន Huawei មិន​​អាច​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ​តទៅ​ទៀត​ទេ ​ហើយ​កម្មវិធី​របស់​ Google ​ផ្សេង​ទៀត​ដូច​ជា​ Gmail ​និង ​Play ​Store​ ក៏​មិន​អាច​ប្រើ​បាន​ដែរ​សម្រាប់ ​Huawei​។

ម្ចាស់​ហាង​លក់​​ទូរស័ព្ទ​ម្នាក់​ផ្សេង​ទៀត​នៅ​ផ្សារ​ឃ្លាំង​រំសេវ ​លោក ​តារា (ឈ្មោះ​ដាក់​ឲ្យ) ​បាន​​និយាយ​ថា ក្នុង​សប្តាហ៍​​នេះ​​មាន​អតិថិជន​ជា​ច្រើន​បាន​យក​ទូរស័ព្ទ​ Huawei​ មក​លក់​។

លោក​បន្ត​ថា៖ ​«ដោយសារ​ខ្ញុំ​​នៅ​សល់​ក្នុង​ស្តុក​ច្រើន​ ដូច្នេះ​នៅ​ពេល​នេះ​ខ្ញុំ​​ក៏​កាត់​បន្ថយ​ការ​ទិញ​ត្រឡប់​មក​វិញ​​ខ្លះ​ដែរ​»។ លោក​ថ្លែង​​​ថា៖ ​«​ខ្ញុំ​នឹង​ប្រមូល​ទិញ​ទូរស័ព្ទ​ Huawei ឡើង​វិញ បើ​ខ្ញុំ​លក់​​វា​ចេញ​អស់​មួយ​ចំនួន​វិញ​​​​»។​

ក្រៅ​ពី​ក្រុមហ៊ុន​អាមេរិក ក្រុមហ៊ុន​​ជប៉ុន​ដូច​ជា ​ក្រុមហ៊ុន ​Panasonic ​ក្រុមហ៊ុន ​SoftBank ​ និង​ក្រុមហ៊ុន​របស់​​ប្រទេស​​ផ្សេង​ទៀត​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​​អាមេរិក ​ក៏​ប្រកាស​លែង​សហការ​ជាមួយ​ ​Huawei ​ផង​ដែរ​នា​​ពេល​នេះ​។

ទោះបី​​យ៉ាង​ណា​ អ្នក​គ្រប់គ្រង​​នៅ​ហាង​លក់​ទូរស័ព្ទ​ នីកា សាខា​គិរីរម្យ បាន​និយាយ​យ៉ាង​​ខ្លី​ថា ការ​លក់​ទូរស័ព្ទ​ប្រភេទ Huawei ​គ្រប់​​ម៉ូដែល​​នៅ​ហាង​របស់​លោក​​​មិនមាន​ការ​ប្រែប្រួល​នោះ​ទេ ចាប់​តាំង​ពី​អាមេរិក​សម្រេច​ឈប់​​ផ្តល់​បច្ចេកវិទ្យា​ដល់​ក្រុមហ៊ុន​ Huawei មក។ ​

លោក​បាន​​​ថ្លែង​​ថា៖ «​នៅ​សាខា​​របស់​ខ្ញុំ​ការ​​លក់​ទូរស័ព្ទ Huawei ​នៅ​តែ​​មាន​ដំណើរ​ល្អ​ជា​ធម្មតា» ៕