ភ្នំពេញៈ អាជីវកម្ម​លក់​ទំនិញ​តាម​អនឡាញ និង​តាម​ដងផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​បាន​អះអាងថា ការលក់​ទឹក​អាល់កុល ជែលលាងដៃ និង​ម៉ាស់​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល ២ ​សប្តាហ៍​ចុងក្រោយ​នេះ ខណៈ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ថា​រហូតមក​ទល់​ពេល​នេះ​មិនទាន់​មាន​ករណី​ថ្មី​ឆ្លង​វីរុស​កូរ៉ូណា​ឡើយ​។

ទោះបី​ជា​យ៉ាងណា ក្រសួង​សុខាភិបាល​នៅតែ​អំពាវនាវ​ឲ្យ​ប្រជាជន​រក្សា​ការធ្វើ​អនាម័យ និង​រក្សា​គម្លាត​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការឆ្លង​វីរុស​នេះ​។

ចាប់តាំងពី​មាន​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ជា​សកល​កាលពី​ចុង​ឆ្នាំ​មុន​មក វា​បាន​ផ្តល់​ឱកាស​ឲ្យ​អ្នកលក់​ផលិតផល​ការពារ​សុខភាព​មួយ​ចំនួន​ដូចជា អាល់កុល ទឹក​ជែល​លាងដៃ និង​ម៉ាស់​ក្នុង​ទីក្រុង​ភ្នំពេញ​ទទួល​បាន​ភាពកាក់កប​ពី​អាជីវកម្ម​នេះ​យ៉ាងខ្លាំង ប៉ុន្តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​សកម្មភាព​លក់ដូរ​ពួកគេ​ហាក់​មាន​ការថយចុះ​ជា​បន្តបន្ទាប់​។

អ្នកស្រី ស្រី លក្ខណ៍ ជា​អាជីវករ​លក់​ទំនិញ​តាម​អនឡាញ​បាន​ឲ្យ​ដឹងថា អ្នកស្រី​មាន​នៅ​សល់​ទឹក​ជែល​លាងដៃ​ប្រមាណ ១ ០០០ ​ដប​នៅក្នុង​ស្តុក ដោយសារ​លក់​មិន​ចេញ​ចាប់​តាំងពី​ពាក់កណ្តាល​ខែ​មេសា​មក​។ អ្នកស្រី​បន្តថា​កាលពី​ខែ​មុន អ្នកស្រី​លក់​ទឹក​ជែល​សម្លាប់​មេរោគ​ចំណុះ ២៥០ ​មិល្លីលីត្រ ​អស់​ប្រហែល ២០០ ​ដប​ ក្នុង​ ១ ​សប្តាហ៍​ ក្នុងតម្លៃ ៨ ​ដុល្លារ​ក្នុង​ ១ ​ដប ប៉ុន្តែ​បច្ចុប្បន្ន​ទឹក​ជែល​លាងដៃ​ចំណុះ ១០០ ​មិលី្លលីត្រ​ ក្នុង​ ១ ​ដប​តម្លៃ ៣ ​ដុល្លារ​លក់​មិន​ចេញ​ទាល់តែ​សោះ​។

អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ទឹក​ជែល​លាងដៃ​ខ្ញុំ​លក់​មិន​ចេញ​នៅពេល​នេះ​អាច​មកពី​អ្នកទិញ​មិន​ទាន់​ប្រើ​អស់ ហើយ​ក៏​អាច​ដោយសារ​ការឆ្លង​កូវីដ ១៩ នៅ​ស្រុក​យើង​ធូរស្រាល​ដែរ​»​។

អ្នកលក់​ទំនិញ​ ១ ​រូប​ទៀត​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា​កាលពី​ដើម​ខែមេសា ម៉ាស់ ២០០ ​ប្រអប់​លក់​អស់​ក្នុង​រយៈពេល ២ ​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​នេះ ម៉ាស់ និង​ទឹក​ជែល​លាងដៃ​លក់​មិន​ចេញ​ទេ​

លោក​ថ្លែងថា​៖ «​ទឹក​ជែល​ជាង ២០០ ​ដប​លក់​អត់​ចេញ ហើយ​សព្វ​ថ្ងៃនេះ​ខ្ញុំ​ក៏​ផ្អាក​នាំចូល​ម៉ាស់​មួយរយៈ​សិន​ដែរ ព្រោះ​លក់​អត់​ដាច់​។ ខ្ញុំ​យល់​ថា ប្រជាជន​ភាគច្រើន​និយម​លាងដៃ​ជាមួយ​សាប៊ូ ជា​ជាង​ការចំណាយលុយ​ទិញ​អាល់កុល និង​ជែល​លាងដៃ ហើយ​ម្យ៉ាង​គាត់​កាត់បន្ថយ​ការដើរ​ចេញ​ក្រៅ​ផ្ទះ​ផងដែរ​»​។

ទន្ទឹម​នឹងនេះ​បុគ្គលិក​ផ្នែក​លក់​នៅ​ផ្សារទំនើប កែវនិមល សាខា​ក្បែរ​ផ្សារ​កាប់គោ​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា មួយរយៈ​នេះ​ទឹក​ជែល​លាងដៃ និង​ទឹក​អាល់កុល​ហាក់​មិនសូវ​លក់ដាច់​ទេ ដោយ​ ១ ​ថ្ងៃ​លក់​មិន​ដល់​ ៥០ ​ដប​ផង​។ អ្នកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​សង្កេតឃើញ​ថា ១ ​ខែ​ចុងក្រោយ​នេះ លក់​អត់​សូវ​ដាច់​សោះ ប្រហែល​ជា​ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ធូរស្រាល​ក៏​មិនដឹង​»​។

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែ​មេសា​ ក្រសួង​ពុំបាន​រកឃើញ​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩ ទេ ខណៈ​អ្នកជា​សះស្បើយ​កើន​ដល់​ ១១៩ ​នាក់ ​ក្នុងចំណោម​អ្នកផ្ទុក​ជំងឺ​កូវីដ ​១៩ សរុប ១២២ ​នាក់​។

ទន្ទឹម​នឹងនេះ​ក្រសួង​ពាណិជ្ជកម្ម​ក៏​កំពុង​ធ្វើការ​បង្ក្រាប​ការចរាចរ​ផលិតផល​សម្លាប់​មេរោគ​រួមមាន​អាល់កុល ទឹក​ជែល​លាងដៃ និង​ម៉ាស់​ក្លែងក្លាយ​ដែល​គ្មាន​លិខិត​បញ្ជាក់​គុណភាព និង​លិខិត​អនុញ្ញាត​ឲ្យ​នាំចូល​ពី​ក្រសួង​សុខាភិបាល​ផងដែរ​៕ LA