ក្រុងញូវយ៉កៈ ការលក់​រាយ​តាម​អនឡាញ​នៅ​ថ្ងៃ​លក់រាយ​ដ៏ធំ​របស់​អាមេរិក គឺ​ថ្ងៃ Black Friday បាន​កើនឡើង​ដល់​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន ៧,៤ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ដោយ​ប្រតិបត្តិ​ការទិញ​លក់​ដែល​បញ្ជា​ចេញពី​ទូរស័ព្ទដៃ​ទំនើប​មាន​ការកើនឡើង​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​ក្រុមហ៊ុន Adobe Analytics​។

ក្រុមហ៊ុន Adobe Analytics បាន​ឲ្យ​ដឹងថា តួលេខ​នេះ​កើនឡើង ១៩,៦ ភាគរយ ​ធៀប​នឹង​ការលក់​នៅ​ថ្ងៃ Black Friday កាលពី​ឆ្នាំមុន និង​ជា​ទឹកប្រាក់​លក់​ច្រើន​បំផុត​ទី​ ២ ​នៃ​ការលក់​អនឡាញ​បន្ទាប់ពី​ចំណូល​ពី​ការលក់​ចំនួន ៧,៩ ពាន់​លាន​ដុល្លារ​ ដែល​បាន​ពី​ការលក់​អនឡាញ​នៅ​ថ្ងៃ Cyber Monday កាលពី​ឆ្នាំមុន​។ ថ្ងៃ​លក់ Cyber Monday ប្រព្រឹត្ត​ទៅ​បន្ទាប់​ពីថ្ងៃ Black Friday​។

ក្រុមហ៊ុន​នេះ​វាស់វែង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​លក់រាយ​អនឡាញ​ធំ​បំផុត​របស់​អាមេរិក​ចំនួន ៨០ ​ក្រុមហ៊ុន​ក្នុង​ចំណោម​ក្រុមហ៊ុន ១០០​។

នៅ​ឆ្នាំ​ ២០១៩ ​នេះ ៣៩ ​ភាគរយ​ នៃ​ការទិញ​អនឡាញ​គឺ​ធ្វើ​ឡើង​ចេញ​ពី​ទូរស័ព្ទដៃ​ទំនើប​ដែល​កើនឡើង ២១ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក Taylor Schreiner អ្នកវិភាគ​ និង​ជា​ប្រធាន​ក្រុមហ៊ុន Adobe Digital Insights បាន​ថ្លែងថា​៖ «​ដោយសារ​ថ្ងៃបុណ្យ​ណូអែល​ឥឡូវ​កាន់តែ​ខិតជិត​មកដល់​នោះ អ្នក​ប្រើប្រាស់​បាន​ប្រើប្រាស់​ទូរស័ព្ទដៃ​ដើម្បី​ទិញ​ជា​ជាង​មកឈរ​តម្រង់​ជួរ​»​។

របស់​ក្មេង​លេង​ដែល​លក់ដាច់​បំផុត​រួមមាន​តុក្កតា L.O.L. Surprise និង​ទំនិញ​ផ្សេងៗ​ទៀត​ដែលជា​តួអង្គ​ក្នុង​រឿង Frozen 2 របស់​ក្រុមហ៊ុន Disney​។ សម្រាប់​ប្រភេទ​វីដេអូ​ហ្គេម​វិញ ហ្គេម​ដែល​លក់ដាច់​បំផុត​គឺ​ហ្គេម​បាល់ទាត់ FIFA 20 ហ្គេម Madden 20 និង​ហ្គេម Nintendo Switch​។

គ្រឿង​អេឡិចត្រូនិក​ដែល​មាន​ប្រជាប្រិយ​បំផុត​គឺ​កុំព្យូទ័រ​យួរដៃ Apple, AirPods និង​ទូរស័ព្ទ Samsung​។

ក្រុមហ៊ុន Adobe Analytics ប៉ាន់ប្រមាណ​ថា ការលក់​អនឡាញ​នៅ​ថ្ងៃ Cyber Monday នឹង​មើលឃើញ​ការលក់​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ៩,៤ ពាន់​លាន​ដុល្លារ​ ដែល​កើនឡើង​ជិត ១៩ ភាគរយ​ ធៀប​នឹង​ឆ្នាំមុន​។

ក្រុមហ៊ុន Adobe Analytics បាន​ឲ្យ​ដឹងថា អ្នកដើរ​ទិញ​ទំនិញ​បាន​ចំណាយ​ទឹកប្រាក់​ចំនួន ៤,២ ពាន់​លាន​ដុល្លារ​ ក្នុង​អំឡុង​ថ្ងៃបុណ្យ Thanksgiving កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។

ប្រទេស​ ចិន​ ក៏មាន​ព្រឹត្តិការណ៍​លក់​អនឡាញ​ដ៏ធំ​មួយ​ដែរ​គឺ​នៅ​ថ្ងៃទី​ ១១ ខែវិច្ឆិកា​ ដែល​គេ​ហៅថា Single''s Day​។ នៅ​ឆ្នាំនេះ​ការលក់​នៅ​ថ្ងៃ Single''s Day កើន ២៦ ​ភាគរយ ​ដល់ ៣៨,៤ ពាន់​លាន​ដុល្លារ​ ធៀប​នឹង​ឆ្នាំមុន ដែល​មាន​ការលក់ទំនិញ​ចំនួន ២ សែន​ម៉ាក​យីហោ និង​អ្នកទិញ​មកពី ៧៨ ​ប្រទេស​៕ KC