ក្រុង​ប៉េកាំងៈ ការ​លក់​រាយ​តាម​អនឡាញ​របស់​ប្រទេស ​ចិន ​​បាន​កើន​ឡើង​លើស​ពី​ចំនួន ៩ ពាន់​ពាន់​លាន​យន់​ (១,៣៣ ពាន់​ពាន់​លាន​ដុល្លារ) នៅ​ឆ្នាំ ២០១៨ ដែល​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភព​លោក​រយៈពេល ៦ ឆ្នាំ​ជាប់​គ្នា។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក Gao Feng អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​កាល​ពី​សប្តាហ៍​មុន​ក្នុង​​សន្និសីទ​​​របស់​ក្រសួង។

លោក Gao ដែល​ក៏​ជា​អគ្គនាយក​​រង​នៃ​ការិយាល័យ​ទូទៅ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ផង​ដែរ​នោះ ​បាន​ថ្លែង​ថា ការ​លក់​រាយ​តាម​អនឡាញ​របស់​ចិន​បាន​រក្សា​​កំណើន​ខ្ពស់​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយ​។

លោក Gao បាន​ចង្អុល​បង្ហាញ​​ថា កំណើន​នៃ​ការ​លក់​រាយ​តាម​អនឡាញ នៅ​តែ​មាន​កំណើន​រហ័ស ហើយ​វិស័យ​នេះ​​នៅ​តែ​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​​មួយ​សម្រាប់​ការ​ប្រើប្រាស់។

ក្នុង​ពេល ២ ខែ​ដំបូង​ក្នុង​ឆ្នាំ ២០១៩ នេះ ការ​លក់​រាយ​នៃ​​ទំនិញ​​ប្រើប្រាស់​​តាម​អនឡាញ បាន​​កើន​​​ឡើង​ ១៩,៥ ភាគរយ​ធៀប​នឹង​​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៨ ដល់ ១,១ ពាន់​ពាន់​លាន​​យន់។ សមាមាត្រ​នៃ​ការ​លក់​រាយ​តាម​អនឡាញ​ទៅ​នឹង​ការ​លក់​ទំនិញ​ប្រើប្រាស់​​សរុប គឺ​មាន ១៦,៥ ភាគរយ។

យោង​តាម​លោក Gao ​អត្រា​កំណើន​នៃ​ការ​លក់​ទំនិញ​ប្រើប្រាស់​អនឡាញ​មាន​ខ្ពស់​ជាង​ ១១,៣ ភាគរយ​ធៀប​នឹង​អត្រា​កំណើន​នៃ​ការ​លក់​​រាយ​សរុប​នៃ​ទំនិញ​ប្រើប្រាស់។

អ្នក​នាំពាក្យ​រូប​នេះ​​ថ្លែង​ថា ទម្រង់​និង​រចនា​សម្ព័ន្ធ​នៃ​ការ​លក់​រាយ​អនឡាញ ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​​ថែម​ទៀត។

យោង​តាម​ស្ថិតិ​របស់​ក្រសួង​ទម្រង់​​ពាណិជ្ជកម្ម​ទៅ​​អតិថិជន (B2C) បាន​​មើល​ឃើញ​ចំណែក​ទីផ្សារ​​​កើន​ឡើង​​ដល់ ៧៣,៥ ភាគរយ​ធៀប​​នឹង ៧​០,២ ភាគរយ​​ក្នុង​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុន៕ People''s Daily/KC