ភ្នំពេញៈ ទំនាក់ទំនង​ស៊ី​ជម្រៅ​ និង​ផ្អែមល្ហែម​រវាង​កម្ពុជា និង​​ចិន​​​បាន​នាំ​យក​ឥទ្ធិពល​ដ៏ខ្លាំង​របស់​ចិន​មក​លើ​កម្ពុជា​ដែល​គេ​បាន​​មើលឃើញ​លំហូរ​ចូល​យ៉ាង​គំហុក​ទាំង​ការវិនិយោគ និង​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​។

ពេល​នេះ​វា​ក្លាយ​ជា​ការវិនិយោគ​បរទេស និង​ភ្ញៀវទេសចរ​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា ហើយ​ការវិនិយោគ​ភាគច្រើន​នៅក្នុង​វិស័យ​សំណង់ធំៗ ខណៈ​​កាស៊ីណូ​ និង​សណ្ឋាគារ​កំពុង​កើត​មាន​ច្រើន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​ជា​ខេត្ត​ឆ្នេរសមុទ្រ​ដ៏សំខាន់​មួយ​របស់​កម្ពុជា​។

ទិសដៅ​ឆ្នេរ​ល្បី​ឈ្មោះ​បំផុត​របស់​កម្ពុជា​សម្រាប់​ភ្ញៀវទេសចរ​ហាក់​ដូចជា​កំពុង​ក្លាយ​ទៅ​ជា​ឋានសួគ៌​សម្រាប់​ជនជាតិ​ចិន ទាំង​ការរស់នៅ និង​ការធ្វើ​ពាណិជ្ជកម្ម​ដែល​រាប់​ចាប់ពី​អាជីវកម្ម​ខ្នាតតូច​ដល់​គម្រោង​ធំៗ​ដូចជា​សណ្ឋាគារ និង​កាស៊ីណូ​ជាដើម​។

ជាមួយ​នឹង​លំហូរ​ចូល​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន​នេះ​បាន​ធ្វើឲ្យ​តម្លៃ​ដី​ក្នុង​ខេត្ត​ព្រះសីហនុ​ហក់​ឡើង​ជិត​ ២ ​ដង​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ​គ្រាន់តែ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​។

ទោះបី​យ៉ាង​នេះ​ក្តី​ខេត្ត​នេះ​មិនមែន​ជា​ទិសដៅ​សម្រាប់​មហិច្ឆតា​របស់​ជនជាតិ​ចិន​តែ​ ១ ​ប៉ុណ្ណោះ​ទេ ខណៈ​តំបន់​មាន​សក្ដានុពល​ផ្សេង​ទៀត​របស់​កម្ពុជា​នៅពេល​នេះ​កំពុង​បង្ហាញ​ការ​ទាក់ទាញ​ផង​ដែរ​។

ខេត្ត​កំពត​ដែល​ជា​តំបន់​ជាប់​សមុទ្រ​ដ៏ពេញនិយម​ទី​ ២ ​របស់​កម្ពុជា​ត្រូវបាន​រំពឹង​ថា​នឹង​ក្លាយ​ជា​ខេត្ត​មាន​សក្ដានុពល​ផ្សេង​ទៀត​។

ដោយ​សង្ឃឹម​ថា​ខេត្ត​នេះ​នឹង​ទាក់ទាញ​ក្រុម​វិនិយោគិន​ចិន​កាន់តែ​ច្រើន​នៅ​ពេល​អនាគត​អាជ្ញាធរខេត្ត​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អភិវឌ្ឍន៍​សំខាន់ៗ​នៅក្នុង​ខេត្ត​នេះ​បច្ចុប្បន្ន​ភាគច្រើន​ជា​ក្រុម​វិនិយោគិន​ចិន​ក្នុង​ស្រុក​។

លោក ជាវ តាយ អភិបាល​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា ខណៈ​មាន​ការលើកឡើង​ថា កំណើន​ការវិនិយោគ​ចិន​នៅក្នុង​ខេត្ត​ព្រះសីហនុ​កំពុង​ហូរ​ចូល​ទៅ​ក្នុង​ខេត្ត​កំពត ខេត្ត​នេះ​មើល​ឃើញ​ការចូល​មក​របស់​ជនជាតិ​ចិន​បន្តិចបន្តួច​នៅពេល​នេះ​។

លោក​ថ្លែង​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ​យើង​មិន​មាន​ភ្ញៀវទេសចរ និង​ក្រុម​វិនិយោគិន​ចិន​ច្រើន​ទេ​នៅ​ក្នុង​ខេត្ត​នេះ ហើយ​ភាគច្រើន​នៃ​ការវិនិយោគ​ធំៗ​នៅ​ទី​នេះ​គឺជា​ការវិនិយោគ​របស់​អ្នក​ក្នុង​ស្រុក​»​។

ប៉ុន្តែ​ក្រុង​ប៉ោយប៉ែត​ទំនង​ជា​ក្លាយ​ទៅ​ជា​តំបន់​ជួរមុខ​ទី​ ២ សម្រាប់​ការវិនិយោគ​លើ​វិស័យ​កាស៊ីណូ និង​សណ្ឋាគារ​របស់​វិនិយោគិន​ចិន ខណៈ​ជនជាតិ​ចិន​កាន់តែ​ច្រើន​កំពុង​ហូរចូល​មក​ក្នុង​ក្រុង​នេះ​ចាប់​តាំងពី​ពាក់​កណ្ដាល​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​។

លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​កាសែត​ភ្នំពេញ-ប៉ុស្ដិ៍​ថា ចាប់​តាំងពី​ពាក់កណ្ដាល​ឆ្នាំ ២០១៧ ក្រុង​នេះ​បាន​មើល​ឃើញ​លំហូរ​ចូល​យ៉ាង​ច្រើន​នៃ​ជនជាតិ​ចិន ការវិនិយោគ​ដែល​រាប់​ចាប់​ពី​សណ្ឋាគារ ការ​លក់​រាយ សេវា​ដឹកជញ្ជូន​រហូត​ដល់​កាស៊ីណូ​។

លោក​ថ្លែង​ថា​៖ «​ចាប់​តាំងពី​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៧ មក​មាន​ជនជាតិ​ចិន​ជាច្រើន​បាន​ចូល​មក​ក្នុង​ក្រុង​នេះ​សម្រាប់​គោលបំណង​ទេសចរណ៍ និង​ការរកស៊ី​»​។ លោក​បន្ត​ថា​៖ «​ការ​មក​ដល់​របស់​ជនជាតិ​ចិន​កំពុង​ប្រែ​ក្លាយ​ក្រុង​ប៉ោយប៉ែត​ទៅ​ជា​ទីកន្លែង​ទី​ ២ ដែល​ទាក់ទាញ​ជនជាតិ​ចិន បន្ទាប់ពី​ក្រុង​ព្រះសីហនុ​»​។

ចំនួន​ជនជាតិ​ចិន​សរុប​ដែល​កំពុង​ស្នាក់នៅ​ទាំង​អ្នកទេសចរ និង​ពាណិជ្ជករ ក្នុង​ក្រុង​ប៉ោយប៉ែត​បច្ចុប្បន្ន​មាន​ជាង ២០ ០០០ ​នាក់ ។ នេះ​បើ​យោង​តាម​ សាន ស៊ានហូ​។

ក្រុង​ប៉ោយប៉ែត​ជា​ច្រក​ទា្វរ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ព្រំដែន​ភ្ញៀវទេសចរ​ដ៏សំខាន់​របស់​កម្ពុជា បច្ចុប្បន្ន​នេះ​មាន​កាស៊ីណូ​ជាង​ ៣០ (​លេង​ដោយ​ផ្ទាល់ និង​អនឡាញ​) ដែល​ភាគច្រើន​គ្រប់គ្រង​ដោយ​ក្រុម​វិនិយោគិន​ចិន ដែល​ទិញ​អាជីវកម្ម​បន្ត​។ នេះ​បើ​យោង​តាម​លោក សាន ស៊ានហូ​។

លោក​បន្ត​ថា​៖ «​កំណើន​វិនិយោគ​គិន​ចិន​នាពេល​នេះ​កំពុង​រួម​ចំណែក​យ៉ាងច្រើន​នៅ​ក្នុង​ការបង្កើត​ឱកាស​ការងារ និង​ជួយ​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​»​។

ប្រទេស​ចិន​គឺជា​ប្រភព​វិនិយោគ​ផ្ទាល់​បរទេស​ ( FDI) ​និង​ជំនួយ​អភិវឌ្ឍន៍​ដ៏សំខាន់​របស់​កម្ពុជា​ក្នុង​រយៈពេល​ជាង​ ២០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លំហូរ​ចូល FDI ពី​ប្រទេស​ចិន​មក​ប្រទេស​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​ ១៩៩៤ ដល់​ឆ្នាំ ២០១៤ មាន​ជាង​ ១៩,២ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​កាលពី​ឆ្នាំ​មុន​។

តួលេខ​ក្រសួង​ទេសចរណ៍​កាលពី​ឆ្នាំ​ ២០១៧ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​ ៥,៦ ​លាន​នាក់​ក្នុង​នោះ​ភ្ញៀវទេសចរ​ចិន​មាន​ជាង ១,២ ​លាន​នាក់ កើនឡើង​ចំនួន ៤៥,៩ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​​ ២០១៦​។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បង្ហាញ​ការបារម្ភ​ដោយសារ​លំហូរ​ចូល​យ៉ាងគំហុក​នៃ​គម្រោង​វិនិយោគ​របស់​ចិន ខណៈ​ស្ថានភាព​សេដ្ឋកិច្ច និង​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​កម្ពុជា​នៅ​មាន​ចន្លោះ​ប្រហោង​។

លោក​បាន​បញ្ជាក់​ថា​៖ «​សម្រាប់​ការអភិវឌ្ឍ​ក្នុង​វិស័យ​សំណង់​របស់​ប្រទេស​នេះ យើង​នៅ​តែ​មាន​បញ្ហា​ត្រូវការ​បំពេញ​ដូចជា​កង្វះខាត​ទាក់ទង​នឹង​ច្បាប់​សាងសង់ និង​ប្លង់​មេ​អភិវឌ្ឍន៍​ជាដើម​»​។

ទោះ​យ៉ាង​ណា​ជាមួយ​នឹង​កំណើន​លំហូរ​ចូល​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន​មក​ក្នុង​ប្រទេស​កម្ពុជា​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ដើម​ខែ​កក្កដា​បាន​ការពារ និង​គាំទ្រ​ចំពោះ​ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ដោយ​លោក​លើក​ឡើង​ថា «​ភាព​ជា​ដៃគូ​ជា​យុទ្ធសាស្ដ្រ​ដ៏ទូលំទូលាយ​» របស់​ប្រទេស​ទាំង​ ២ ​នេះ​។

លោក​ថ្លែង​ថា​កម្ពុជា​ក៏ដូចជា​បណ្ដា​ប្រទេស​អាស៊ី​ផ្សេង​ទៀត​ដែរ បាន​ទទួល​យ៉ាង​ខ្លាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ចិន​ក្នុង​ការ​បង្កើន​ពាណិជ្ជកម្ម​។

គម្រោង​វិនិយោគ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​មន្ទិល

ក្រុមហ៊ុន​ចិន​មួយ​ចំនួន​នៅ​កម្ពុជា​ពេល​នេះ​កំពុង​បង្ហាញ​គម្រោង​វិនិយោគ​ធំៗ​ជាច្រើន​ក្នុង​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន Yuetai Group ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ទើប​តែ​ទទួល​បាន​កិច្ចព្រមព្រៀង​ជួល​ដី​រយៈពេល ៥០ ​ឆ្នាំ​ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) សម្រាប់​គោលបំណង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ខុនដូ និង​សណ្ឋាគារ​ផ្កាយ​ ៥ មាន​តម្លៃ​ជួល​តែ​ ១៦,៥ ​លាន​ដុល្លារ តែ​មិន​ទាន់​បាន​បង្ហាញ​ពី​តម្លៃ​វិនិយោគ​នៅ​ឡើយ​ទេ​។

ប៉ុន្តែ​គម្រោង​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​មួយ​ចំនួន​កំពុង​ស្ថិត​ក្នុង​ការសង្ស័យ ទោះបី​ជា​គម្រោង​មួយ​ចំនួន​ត្រូវ​បាន​ប្រកាស​ជាច្រើន​ឆ្នាំ​កន្លង​មក​ក៏ដោយ​។

ក្រុមហ៊ុន Tian Rui(Cambodia) Agricultural Cooperation SEZ Co Ltd ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Qingdao Tian Rui Group របស់​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន De Zhou Zhong Group មកពី​ខេត្ត​សានទុង​កាលពី​ឆ្នាំ​មុន​ដើម្បី​វិនិយោគ​ទឹកប្រាក់​ ២ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​កសិកម្ម​លើក​ដំបូង​នៅ​ខេត្ត​កំពង់ស្ពឺ​។

ការវិនិយោគ​រួម​មួយ​រវាង​ក្រុមហ៊ុន​ចិន AMC International និង​ក្រុមហ៊ុន SV International របស់​ម៉ាឡេស៊ី​កាលពី​ខែ​មិថុនា​បាន​ប្រកាស​គម្រោង​រមណីយដ្ឋាន​ក្រុង​ព្រះសីហនុ​មាន​តម្លៃ​ជាង​ ១ ​ពាន់​លាន​ដុល្លារ​ដែល​ហៅថា Wisney World ជា​គម្រោង​ដ៏ធំ​មួយ​ដែល​អភិបាល​ខេត្ត​មិន​បាន​ដឹង​ទេ​នៅពេល​នោះ​។

មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ព័ត៌មាន​វិវឌ្ឍន៍​ណា​មួយ​ពី​គម្រោង​នោះ​នៅ​ឡើយ​ទេ​។

លោក សេង ឡូត អ្នក​នាំពាក្យ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បដិសេធ​អត្ថាធិប្បាយ​លើ​គម្រោង​វិនិយោគ​របស់​ជនជាតិ​ចិន​។

លោក ង៉ែត ជូ បាន​កត់សម្គាល់​ថា​ដោយសារ​កំណើន​ប្រជាជន និង​ក្រុម​វិនិយោគិន​ចិន​មាន​ប្រភេទ​គម្រោង​ច្រើន​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ប្រកាស ប៉ុន្តែ​គម្រោង​ទាំង​នោះ​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​។

លោក​បាន​បន្ថែម​ថា​៖ «​សម្រាប់​គម្រោង​ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ទាំង​នោះ​មិន​ទាន់​លេច​ឡើង​នៅ​ឡើយ​ទេ វា​ឆាប់​ពេក​សម្រាប់​ខ្ញុំ មិន​អាច​សន្មត​បាន​ទេ​ថា តើ​គម្រោង​ទាំងនោះ​កើតឡើង​ឬ​អត់​? ដោយសារ​តែ​វា​ត្រូវការ​ពេលវេលា ប្រភព​ហិរញ្ញវត្ថុ និង​ដៃគូ​វិនិយោគ​»​។

កាលពី​ដើម​សប្តាហ៍​នេះ Yunnan Shengmao Investment (Cambodia) Co., Ltd ដែល​ជា​ក្រុមហ៊ុន​ចិន​មួយ​ផ្សេង​ទៀត​ទើប​តែ​បាន​ប្រកាស​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​តម្លៃ​ ១ ​ពាន់​លាន​ដុល្លារ​នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ​៕LA