ក្រុង​ប៉េកាំងៈ ការ​វិនិយោគ​ផ្ទាល់​ក្រៅ​ប្រទេស (ODI) ​នៃ​វិស័យ​មិនមែន​ហិរញ្ញវត្ថុ​របស់​ប្រទេស ​ចិន ​ក្នុង​ក្រុមហ៊ុន​ចំនួន ១ ៤១៦ ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​និង​តំបន់​ចំនួន ១៣៨ មាន​ទឹក​ប្រាក់​ចំនួន ១៥,៦៦ ពាន់​​លាន​ដុល្លារ​ក្នុង​រយៈពេល ២ ខែ​ដំបូង​ក្នុង​ឆ្នាំ​​នេះ។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ចុង​សប្តាហ៍​មុន។

ក្នុង​រយៈពេល​ពី​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ តម្លៃ​កិច្ច​សន្យា​ថ្មី​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​សម្រាប់​គម្រោង​បរទេស បាន​កើន​ឡើង​ដល់ ២២,៩៨ ពាន់​លាន​ដុល្លារ ហើយ​ទំហំ​អាជីវកម្ម​បាន​កើន​ឡើង​ដល់ ១៧,៦៣ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម​លោក Gao Feng អ្នក​នាំពាក្យ​​ក្រសួង​ពាណិជ្ជកម្ម​ចិន​ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​មួយ​របស់​ក្រសួង។

យោងតាម​លោក Gao ប្រទេស​ ​ចិន ​បាន​បញ្ជូន​បុគ្គលិក​ចំនួន ៦៨ ០០០ នាក់​ឲ្យ​ទៅ​ធ្វើ​ការ​ផ្សេងៗ​​នៅ​បរទេស ដោយ​ធ្វើ​ឲ្យ​ចំនួន​បុគ្គលិក​ និង​​ពលករ​នៅ​ក្រៅ​​ប្រទេស​សរុប​​កើន​ឡើង​ដល់ ៩៦៦ ០០០ នាក់​គិត​ត្រឹម​ដំណាច់​ខែ​កុម្ភៈ។

ការ​វិនិយោគ​នៅ​ក្រៅ​ប្រទេស (ODI) ​របស់​ចិន បាន​បន្ត​អភិវឌ្ឍ​ប្រកប​ដោយ​ដំណើរការ​ល្អ​ក្នុង​រយៈពេល​ ២ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ។

កិច្ច​ប្រឹងប្រែង​ប្រកប​ដោយ​វិជ្ជមាន​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​វិនិយោគ​ជា​មួយ​ប្រទេស​ដែល​ចូលរួម​ក្នុង​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ។ ការ​វិនិយោគ​ថ្មី​របស់​ក្រុមហ៊ុន​ចិន​​ក្នុង​ប្រទេស​ចំនួន ៤៨ ប្រទេស ដែល​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់ និង​ផ្លូវ បាន​កើន​ឡើង ៧ ភាគរយ​ធៀប​​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន ដល់ ២,៣ ពាន់​លាន​ដុល្លារ​ក្នុង​​ពេល ២ ខែ​នេះ។

តម្លៃ​កិច្ចសន្យា​ថ្មី​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​​ទាំង​នេះ បាន​កើន​ឡើង​​​ដល់ ១២,២៣ ពាន់​លាន​ដុល្លារ៕ People''s Daily/KC