ក្រុងប៉េកាំងៈ ការវិនិយោគ​ផ្ទាល់​ក្រៅប្រទេស (ODI) មិនមែន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រទេស​ ចិន ​បាន​បង្ហាញ​កំណើន​ប្រកប​ដោយ​ស្ថិរភាព​ក្នុង​រយៈពេល​ ៣ ត្រីមាស​ដំបូង​ក្នុង​ឆ្នាំនេះ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​កាលពី​ថ្ងៃ​ពុធ​។

ODI មិនមែន​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ និង​តំបន់​ចំនួន ១៦៤ មាន​ចំនួន ៥៥១,១១ ពាន់​លាន​យន់ (​ប្រហែល ៧៨,៥ ពាន់​លាន​ដុល្លារ​) ក្នុងអំឡុង​ពេលនេះ​ដែល​កើនឡើង ៣,៨ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​។

អត្រា​នេះ​បាន​កើនឡើង​ពី ២,៧ ភាគរយ​ ដែល​បាន​ចុះបញ្ជី​ក្នុង​រយៈពេល ៨ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​។ គ្រាន់តែ​ក្នុង​ខែកញ្ញា ODI របស់​ប្រទេស​ ចិន​ បាន​កើនឡើង ១៤,២ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដល់​ប្រហែល ៦២ ​ពាន់​លាន​យន់​។

ក្រុមហ៊ុន​ចិន​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​នានា​ដែល​បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​ក្នុង​អំឡុង ៩ ​ខែ​ដំបូង​ក្នុងឆ្នាំនេះ ដោយ​បន្ថែម​ការវិនិយោគ​ថ្មី​សរុប​ចំនួន ១០,០៤ ពាន់​លាន​ដុល្លារ​ ក្នុង​ប្រទេស​ដែល​ស្ថិត​ក្នុង​គម្រោង​ខ្សែក្រវាត់​ និង​ផ្លូវ​ចំនួន​ ៥៦ ដែល​ស្មើនឹង ១២,៤ ​ភាគរយ ​នៃ​ទឹកប្រាក់​សរុប​។

រចនាសម្ព័ន្ធ​របស់ ODI បាន​បន្ត​ប្រសើរ​ឡើង​ដោយ​ការវិនិយោគ​ជា​ចម្បង​បានធ្វើ​ឡើង​ចំពោះ​វិស័យ​នានា រួមទាំង​សេវា​ជួប និង​សេវា​អាជីវកម្ម ផលិតកម្ម លក់ដុំ និង​លក់រាយ​។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹងថា មិន​មាន​គម្រោង ODI ថ្មី​ត្រូវបាន​រាយការណ៍​នៅក្នុង​វិស័យ​អចលនទ្រព្យ កីឡារ​ កម្សាន្ត​នោះទេ​។

ក្នុង​រយៈពេល ៣​ ​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​ក្រុមហ៊ុន​របស់​ប្រទេស​ចិន បានបញ្ចប់​គម្រោង​ច្របាច់​បញ្ចូល​គ្នា និង​ទិញ​លក់​ភាគហ៊ុន (M&A) ឆ្លង​ព្រំដែន​ចំនួន ២៤៧ ​គម្រោង​ នៅក្នុង​ប្រទេស និង​តំបន់​ចំនួន​ ៥០ ​ដូចជា​ប្រទេស​ហ្វាំងឡង់ និង​អាល្លឺម៉ង់​ជាដើម​ដោយ​តម្លៃ​ប្រតិបត្តិការ​សរុប​បាន​កើនឡើង​ដល់​ចំនួន ២៨,១១ ​ពាន់​លាន​ដុល្លារ​។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​នៅ​បរទេស​ធំៗ​បាន​នាំមក​នូវ​អត្ថប្រយោជន៍​ទៅវិញ​ទៅមក​។ នៅត្រឹម​ចុងខែ​មុន ក្រុមហ៊ុន​ចិន​បាន​ផ្តល់​ការងារ​ចំនួន ៨១៥ ០០០ កន្លែង​ ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន​៕ People''s Daily/KC