ភ្នំពេញៈ ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​បាន​នាំយក​ទៅ​វិនិយោគ​ផ្ទាល់​នៅ​បរទេស​ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០១៩ បាន​ធ្លាក់ចុះ​ជាង​ ១៣ ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ។ នេះ​បើតាម​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​។

របាយការណ៍​ព្រឹត្តិបត្រ​ស្ថិតិ ជញ្ជីង​ទូទាត់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​ចុះហត្ថលេខា​ដោយ​លោក ជា ចាន់តូ ទេសាភិបាល NBC កាលពី​ថ្ងៃ​ ៦ ខែមករា​បាន​ឲ្យ​ដឹងថា ការវិនិយោគ​ផ្ទាល់​របស់​កម្ពុជា​នៅក្រៅ​ប្រទេស​ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០១៩ មានតម្លៃ​សរុប​ជាង ​៨១,៣៨ លាន​ដុល្លារ​ធ្លាក់​ចុះ​ ១៣,៤៥ ​ភាគរយ​ពី ៩៤,០៣ ​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។

របាយការណ៍​បានបង្ហាញ​ទៀតថា ការវិនិយោគ​ផ្ទាល់​របស់​កម្ពុជា​នៅក្រៅ​ប្រទេស​ក្នុង​ត្រីមាស​ទី​ ៣ បាន​កើនឡើង​ប្រមាណ​ជិត ១២ ​ភាគរយ​មាន​តម្លៃ​ជាង ២៩,៨៩ ​លាន​ដុល្លារ​ធៀប​នឹង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៨ ដែល​មាន​ជាង ២៦,៦៩ ​លាន​ដុល្លារ​កាលពី​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៨​។

ទោះយ៉ាងណា​របាយការណ៍​នេះ​មិនបាន​បង្ហាញ​ពី​ប្រទេស​ដែល​វិនិយោគិន​កម្ពុជា​ចេញ​ទៅ​បណ្តាក់ទុន​នោះទេ​។

ទិន្នន័យ​ឲ្យ​ដឹង​ទៀតថា​កាលពី​ឆ្នាំ​ ២០១៨ ការវិនិយោគ​ផ្ទាល់​របស់​កម្ពុជា​នៅក្រៅ​ប្រទេស​មាន​តម្លៃ​សរុប​ជាង ១២២,៩ ​លាន​ដុល្លារ​ដោយ​មាន​កំណើន ៧,៧៣ ​ភាគរយ​ពី​ចំនួន ១១៤,០៨ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង កាលពី​ម្សិលមិញ​បាន​និយាយ​ថា ទន្ទឹម​នឹង​កំណើន​ការវិនិយោគិន​ផ្ទាល់​បរទេស​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ចំនួន​នៃ​ការ​ចេញ​ទៅ​វិនិយោគ​ផ្ទាល់​របស់​វិនិយោគិន​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ក៏​បាន​កើនឡើង​ផងដែរ គ្រាន់តែ​ការចេញ​ទៅ​វិនិយោគ​ផ្ទាល់​នៅក្រៅ​ប្រទេស​របស់​កម្ពុជា​មិន​មាន​ទ្រង់ទ្រាយ​ធំ​តែប៉ុណ្ណោះ​។

លោក​បាន​បន្តថា ការវិនិយោគ​ផ្ទាល់​របស់​កម្ពុជា​នៅក្រៅ​ប្រទេស​មានដូចជា វិស័យ​ហិរញ្ញវត្ថុ អចលនទ្រព្យ និង​សំណង់ និង​ការនាំចេញ នាំចូល​ទំនិញ​ជាដើម​។

លោក​ថ្លែងថា​៖ «​តាម​ខ្ញុំ​ដឹង ក្រៅពី​វិស័យ​ហិរញ្ញវត្ថុ​ដែល​កម្ពុជា​កំពុង​បណ្តាក់ទុន​នៅក្នុង​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា ថ្មីៗ​នេះ​ក៏មាន​វិនិយោគិន​កម្ពុជា​គ្រោង​ទៅ​បណ្តាក់ទុន​លើ​វិស័យ​សំណង់​នៅ​ប្រទេស​ចិន​ផងដែរ​»​។

ខណៈ​កម្ពុជា​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​បើកចំហ និង​មាន​កំណើន​ជា​បន្តបន្ទាប់​នោះ​លោក លឹម ហេង បាន​អះអាងថា​ការ​ចេញទៅ​បណ្តាក់ទុន​ពី​សំណាក់​វិនិយោគិន​កម្ពុជា​នៅ​បរទេស​នឹង​មាន​កំណើន​បន្ថែម​ទៀត​នៅពេល​ខាងមុខ ជាពិសេស​នៅតាម​ប្រទេស​ដែល​ទើប​មាន​សេដ្ឋកិច្ច​រីកចម្រើន​។ លោក​បន្តថា​៖ «​កម្ពុជា​ក៏បាន​ជំរុញ​ឲ្យ​វិនិយោគិន​របស់ខ្លួន​ចេញទៅ​បណ្តាក់ទុន​នៅ​បរទេស​ផងដែរ​»​។

លោក​ប្រាប់​ទៀត​ថា ក្រៅពី​ប្រទេស​ក្នុង​តំបន់​បច្ចុប្បន្ន​កម្ពុជា​ក៏​កំពុង​សម្លឹង​ឃើញ​ពី​ឱកាស​វិនិយោគ​នៅ​ប្រទេស​មួយចំនួន ដូចជា នេប៉ាល់ និង​បង់ក្លាដែស​ជាដើម​។

បើតាម​លោក លឹម ហេង ប្រទេស​ដែល​វិនិយោគិន​កម្ពុជា​កំពុង​ទៅ​បណ្តាក់ទុន មានដូចជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា និង​ចិន​។

កាលពីពេល​ថ្មីៗ​នេះ​របាយការណ៍​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ​ ២០១៩ និង​ទស្សនវិស័យ​ឆ្នាំ​ ២០២០ របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០១៩ ទាំងមូល​លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា មានតម្លៃ​សរុប ៣ ៥៨៨ ​លាន​ដុល្លារ​ ក្នុង​នោះ​វិស័យ​ហិរញ្ញវត្ថុ​មាន​តម្លៃ ២ ៣៨៥ ​លាន​ដុល្លារ និង​វិស័យ​មិនមែន​ហិរញ្ញវត្ថុ​មាន ១ ២០៣ ​លាន​ដុល្លារ​។ តម្លៃ​ ៣ ៥៨៨ ​លាន​ដុល្លារ​នេះ ​គឺ​កើនឡើង ១១,៧ ​ភាគរយ​ ពី​ចំនួន ៣ ២១២ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។

ទិន្នន័យ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ចំនួន​ទាំងអស់នោះ​គឺ​មាន​មកពី​ប្រទេស​ចិន ៤៣ ​ភាគរយ កូរ៉េ​ខាងត្បូង​មាន​ ១១ ​ភាគរយ វៀតណាម ៧ ​ភាគរយ សិង្ហបុរី ៦ ​ភាគរយ ជប៉ុន ៦ ​ភាគរយ និង​ប្រទេស​ផ្សេងៗ​ទៀត​ចំនួន ២៧ ​ភាគរយ​៕ LA