ភ្នំពេញៈ លំ​ហូរ​វិនិយោគ​ផ្ទាល់​ពី​ចិន​មក​កម្ពុជា ​នឹង​បន្ត​កើន​ឡើង​ខ្លាំង​ទៀតនា​ពេល​ខាង​មុខ​ ខណៈ​បច្ចុប្បន្ន​​បាន​ឈរនៅ​លេខ​រៀង​ទី​មួយ​​រយៈ​ពេល ៥ ឆ្នាំ​ជាប់​ៗ​ក្នុង​នាម​ជា​​វិនិ​យោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាមការ​លើក​ឡើង​របស់​​មន្រ្តី​ជាន់​ខ្ពស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC នៅ​ក្នុង​វេ​ធិ​ការ​ធុរកិច្ច​ និង​វិនិ​យោគ ​​កម្ពុជា​-ចិន ​២០១៨​ នៅ​ព្រឹក​នេះ។

វេទិកា​នេះ​ត្រូវ​បាន​ចូល​រួម​ដោយ​គណៈប្រតិ​ភូចិន​ជាង ​៥០ ​រូប​ ដែល​តំណាង​ក្រុម​ហ៊ុនចំនួន​ ២០ មក​ពីវិស័យ​ផ្សេងៗ​ដែលរួម​មាន​ឧស្សាហ​​កម្ម​រថយន្ត​ ​​អំពូល​ភ្លើង​ ​​ជីវៈគីមី ​វាយណ​ភណ្ឌ​ ផលិត​ផល​ចេញ​ពី​កៅ​ស៊ូ និង​ឧស្សា​ហកម្ម​ធន់​ធ្ងន់​។​

លោក​ នុត​ អ៊ុនរ័ណរ៉ា​ អគ្គ​លេខាធិ​ការ​រង​គណៈ​កម្មាធិ​ការ​វិនិយោគ​កម្ពុជានៃ​ CDC បាន​ប្រាប់​គណៈ​ប្រតិភូ​ចិន​នៅ​ក្នុង​វេទិ​កា​នេះថា​៖ «​នៅ​ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំ​ចុង​ក្រោយ​ជាប់គ្នា ចាប់​ពី​ឆ្នាំ​ ២០១៣ ដល់ ​២០១​៧ ប្រទេស​ចិន​គឺជា​វិនិយោគិន​ផ្ទាល់​បរទេស​ឈា​ន​មុខ​គេ​របស់​កម្ពុជា​ ដោយ​មាន​ការវិ​និយោ​គ​ ៥,៣​ ពាន់​លាន​ដុល្លារ​ ឬ​ប្រហែល ​១ ​ពាន់​លាន​ជា​មធ្យម​ប្រចាំ​ឆ្នាំ​»​។

លោក​បន្តថា​៖ «​ការវិនិ​យោគ​របស់​ប្រទេស​ចិន​ កំពុង​កើនឡើង​ ហើយ​នឹង​បន្ត​កើនឡើង​​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុងវិស័យជាច្រើន​ដូច​ជា​ធនាគារ ឧ​ស្សាហ​កម្ម និង​ហេដ្ឋារច​នា​សម្ព័ន្ធ​»​។

យោង​តាម​តួលេខ​កាល​ពី​ឆ្នាំ ២០១៧ ​CDC ​បាន​អនុម័ត​លើ​គម្រោង​​វិនិយោគ​ មាន​តម្លៃសរុប​ ៦,​៣​ពាន់​លាន​ដុល្លារ​ ដែល​កើន​ឡើង​ស្ទើរ​ពីរដង​ពី ​៣,៦​ ពាន់​លានដុល្លារ​កាល​ពី​ឆ្នាំ​ ២០១​៦​។​

នៅ​ក្នុង​វេទិកានេះ មិន​មាន​កិច្ច​ព្រម​ព្រៀង​ និង​ការ​វិនិ​យោគ​ណា​មួយ​ បាន​ប្រកាស​ពី​គណៈ​ប្រតិភូ​នោះ​ទេ​ ប៉ុន្តែ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​រំពឹង​ថា ​ការរៀបចំ​​ព្រឹត្តិការ​ណ៍នេះ​នឹង​សម្រួល​ដល់ការ​បង្កើន​ការវិនិយោគ​ពី​ប្រទេស​ចិន​​មក​កម្ពុជា​៕​LA