ភ្នំពេញ: ការវិនិយោគ​លើ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ក្នុង​រយៈពេល​ ១៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​មានតម្លៃ​សរុប​ ៦,១ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​។

របាយការណ៍​បង្ហាញថា​ចាប់ពី​ឆ្នាំ​ ២០០៦ ដល់​ដំណាច់ឆ្នាំ​ ២០១៩ ការវិនិយោគ​នេះ​មាន​តម្លៃ​សរុប ៦,១ ​ពាន់​លាន​ដុល្លារ​ដែល​ឆ្លុះបញ្ចាំង​អំពី​ភាពរីកចម្រើន​នៃ​វិស័យ​ថាមពល​របស់​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​បច្ចុប្បន្ន និង​អនាគត​។

របាយការណ៍​នេះ​ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការអនុវត្ត​កម្មវិធី​ការងារ​ ២០១៩ និង​តម្រង់ទិសដៅ​កម្មវិធី​ការងារ​ ២០២០ និង​ ២០២១ ​របស់​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ថ្ងៃ​អង្គារ​។

លោក ទី នរិន្ទ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែងថា បច្ចុប្បន្ន​នេះ​វិស័យ​ឯកជន​បាន​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការវិនិយោគ​លើ​វិស័យ​អគ្គិសនី​ដែល​ជា​គន្លឹះ​សំខាន់​នៃ​ការបង្កើនល្បឿន ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី​របស់​រដ្ឋាភិបាល​។

តាម​លោក នរិន្ទ គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០១៩ ក្នុងចំណោម​ការវិនិយោគ​សរុប​នេះ ការវិនិយោគ​ពី​វិស័យ​ឯកជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​មាន​តម្លៃ ៤,៦ ​ពាន់​លាន​ដុល្លារ និង​ការវិនិយោគ​របស់​រដ្ឋ​តាមរយៈ​ជំនួយ​ឥណទាន និង​ថវិកា​ផ្ទាល់​របស់​រដ្ឋ​មាន​តម្លៃ ១,៥ ​ពាន់​លាន​ដុល្លារ​។

លោក​បន្តថា បច្ចុប្បន្ន​ប្រភព​អគ្គិសនី​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន ២ ៧៥៦ មេហ្គាវ៉ាត់​ដែល​មាន​តម្លៃ ៣,៣ ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​វិនិយោគ​លើ​អនុស្ថានីយ​ចំនួន​ ៣៦ ដែល​មាន​តម្លៃ ១,១ ​ពាន់ លាន​ដុល្លារ ខណៈ​ការវិនិយោគ​លើ​បណ្តាញ MV មាន​ប្រវែង ៣៤ ០៥៦ ​គីឡូម៉ែត្រ​ ដែល​មាន​ត្រង់ស្វូ​ចែកចាយ ១៨ ៤៦២ ​គ្រឿង និង​វិនិយោគ​លើ​បណ្តាញ LV មាន​ប្រវែង ៣៦ ៨៥៣ ​គីឡូម៉ែត្រ​ រួមទាំង​ការភ្ជាប់​ចរន្ត​ដាក់​កុងទ័រ​ជាង​ ២,៨ លាន​កន្លែង ដែល​មាន​តម្លៃ ១ ៧០០ ​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​គ្មាន​ការវិនិយោគ​របស់​វិស័យ​ឯកជន រដ្ឋ​ត្រូវ​វិនិយោគ​ដោយ​ខ្លួនឯង​ចាប់ពី​ឆ្នាំ​ ២០០៦ ​មក​យើង​យ៉ាងតិច​ត្រូវការ​ពេល​ ៥០ ​ឆ្នាំ ដើម្បី​មាន​ទំហំ​វិនិយោគ​ប៉ុន​នេះ​មាន​ន័យថា លុះត្រាតែ​ដល់​ឆ្នាំ ២០៥៦ ទើប​យើង​អាច​អភិវឌ្ឍ​បាន​ដូច​ស្ថានភាព​បច្ចុប្បន្ន​»​។

លោក​បន្តថា​៖ «​ការវិនិយោគ​របស់​វិស័យ​ឯកជន​កន្លងមក​បាន​ធ្វើឲ្យ​វិស័យ​អគ្គិសនី​ដើរ​លឿន​ជាង​ការវិនិយោគ​ដោយ​រដ្ឋ​តែឯង​ចំនួន ៣៦ ​ឆ្នាំ​»​។

លោក​បន្ថែមថា បើ​តាម​ការពិនិត្យ ការគោរព​ដោយ​ខ្ជាប់ខ្ជួន​នូវ​ខ្លឹមសារ​កិច្ចសន្យា​វិនិយោគ ការផ្តល់​ឲ្យ​នូវ​អត្រា​រំលស់​ទុនវិនិយោគ​សម​ស្រប និង​ការទូទាត់​យ៉ាង​ទៀងទាត់​របស់​អគ្គិសនី​កម្ពុជា​ដល់​អ្នក​ផលិត​អគ្គិសនី​ឯកជន បន្ថែម​ពី​លើ​ការធានា​របស់​រដ្ឋាភិបាល​បាន​ធ្វើឲ្យ​អ្នក​វិនិយោគឯកជន​ទុកចិត្ត ចូលរួម​វិនិយោគ​ក្នុង​វិស័យ​​អគ្គិសនី​យ៉ាងច្រើន​ដែល​ស្មើនឹង​ ៣ ​ដង​នៃ​ការវិនិយោគ​របស់​រដ្ឋ និង​អគ្គិសនី​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ឯកជន​ឲ្យ​ចូលរួម​វិនិយោគ​ក្នុង​វិស័យ​អគ្គិសនី រាជរដ្ឋាភិបាល​បាន​បើកចំហ​ឲ្យ​វិនិយោគឯកជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ធ្វើការ​វិនិយោគ​លើ​គ្រប់មុខ​ព្រួញ​នៃ​វិស័យ​អគ្គិសនី​»​។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការអនុវត្ត​កម្មវិធី​ការងារ​ ២០១៩ និង​តម្រង់​ទិសដៅ​កម្មវិធី​ការងារ​ ២០២០ និង ​២០២១ របស់​ក្រសួង​រ៉ែ និង​ថាមពល​ថា​ការអភិវឌ្ឍ​ប្រភព​អគ្គិសនី ដើម្បី​បង្កើន​សមត្ថភាព​ផលិត បញ្ជូន ចែកចាយ និង​ការតភ្ជាប់​បណ្តាញ​ឲ្យ​អ្នកប្រើប្រាស់​គឺជា​ការងារ​ចម្បង​របស់​ក្រសួង​ដែល​កំពុង​នឹង​បន្ត​អនុវត្ត​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើឱ្យ​កម្ពុជា​មាន​ប្រភព​អគ្គិសនី​ផ្គត់ផ្គង់​គ្រប់គ្រង​ស្ថិរភាព​សម្រាប់​បំពេញ​តម្រូវការ​កំណើន​ប្រើប្រាស់​។ លោក​ថ្លែងថា​៖ «​ជាមួយ​គ្នា​នេះ ការកែលម្អ​ការផ្តល់​សេវា​អគ្គិសនី​ដល់​អ្នកប្រើប្រាស់ និង​ការបញ្ចុះតម្លៃ​អគ្គិសនី​ក៏បាន​ និង​កំពុងផ្តល់​គុណប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​»​។

បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​ផលិត​ថាមពល​សរុប ១១ ២៦១ GWh ក្នុង ​ឆ្នាំ​ ២០១៩ កើនឡើង ២១ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន ៩ ៤២៧ GWh​។

របាយការណ៍​នេះ​បង្ហាញ​ថា​កម្ពុជា​បាន​លក់​ថាមពល​អគ្គិសនី​ចំនួន​ ១០ ៨៨៥ GWh ទៅ​ឲ្យ​អតិថិជន​ជាង ១,១ លាន​នាក់​កាលពី​ឆ្នាំ​មុន​។

គណៈរដ្ឋមន្ត្រី​កម្ពុជា​កាលពី​សប្តាហ៍​មុន​បាន​អនុម័ត​គម្រោង​អភិវឌ្ឍន៍​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ២ ​កន្លែង និង​គម្រោង​អភិវឌ្ឍន៍​ខ្សែបណ្តាញ​បញ្ជូន​ចំនួន​ ១ ដែល​មាន​តម្លៃ​​វិនិយោគ​សរុប​ជាង ១,៧ ​ពាន់​លាន​ដុល្លារ​។

គម្រោង​វិនិយោគ​ទាំង​ ៣ ​នេះ​ពិតជា​មាន​ភាពចាំបាច់​ក្នុង​ការបំពេញ​ឲ្យ​បាន​គ្រប់គ្រាន់​នូវ​ប្រភព​អគ្គិសនី ធានា​សុវត្ថិភាព និង​សន្តិសុខ​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៤ ជាពិសេស​នៅ​រដូវប្រាំង​ដែល​វារីអគ្គិសនី​មួយ​ភាគ​ធំ​ពុំមាន​លទ្ធភាព​ផលិត​បាន​ច្រើន​៕