ភ្នំពេញៈ គម្រោង​វិនិយោគ​លើ​ថាមពល​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ដែល​មាន​អានុភាព ៨០ ​មេហ្គាវ៉ាត់​ របស់​ក្រុមហ៊ុន The Blue Circle ស្ថិតក្នុង​ខេត្ត​កំពត អាច​នឹង​លេច​រូបរាង​ឡើង​នៅពេល​ឆាប់ៗ ខណៈ​ក្រុមហ៊ុន​កំពុង​ចរចា​តម្លៃ​លក់​ថាមពល​ដែល​ផលិត​បាន​ទៅ​ឲ្យ​អគ្គិសនី​កម្ពុជា​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។

The Blue Circle ជា​ក្រុមហ៊ុន​ជំនាញ​ក្នុង​ការសាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ពី​ខ្យល់​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ប្រតិបត្តិការ​ជាច្រើន​ក្នុង​បណ្តា​ប្រទេស​តំបន់​អាស៊ាន ពិសេស​ប្រទេស​វៀតណាម​។

លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃអាទិត្យ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន The Blue Circle កំពុង​ចរចា​ជាមួយ​ក្រុមការងារ​អគ្គិសនី​កម្ពុជា តាមរយៈ​ការដាក់​តម្លៃ​លក់ ទិញ​អគ្គិសនី​រវាង​គ្នា មុននឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្លូវការ ដើម្បី​សាងសង់​ស្ថានីយ​ទាញយក​ថាមពល​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ស្ថិត​នៅ​តំបន់ភ្នំ​បូកគោ ខេត្តកំពត​។ គម្រោង​ជំហាន​ដំបូង​នេះ​នឹង​អាច​ផលិត​ថាមពល​បាន ៨០ មេហ្គាវ៉ាត់​។ លោក​បន្តថា គម្រោង​នេះ​ត្រូវបាន​ក្រុមហ៊ុន និង​អាជ្ញាធរ​កម្ពុជា​ធ្វើការ​ពិភាក្សា​គ្នា​រយៈពេល​ជាង​កន្លះ​ឆ្នាំ​រួច​មក​ហើយ​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​គិតថា យើង​នឹង​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ឆាប់ៗ​នេះ ដោយ​សង្ឃឹម​ថា ភាគី​ទាំង​ ២ ​នឹង​ចរចា​តម្លៃ​ត្រូវ​គ្នា​»​។ លោក​បន្តថា​៖ «​ដោយសារ​វា​ជា​ថាមពល​ដែល​ទទួល​បាន​ពី​ខ្យល់ ឬ​ហៅថា ថាមពល​បៃតង ខ្ញុំ​ពិតជា​គាំទ្រ​ឲ្យ​មាន​គម្រោង​បែបនេះ​ច្រើន​នៅ​កម្ពុជា​»​។

បើ​យោង​តាម​លោក ហ្សូនា តម្លៃ​នៃ​ការចរចា​រវាង​ក្រុមហ៊ុន និង​អាជ្ញាធរ​កម្ពុជា កំពុង​ស្ថិត​ក្នុង​រង្វង់​ក្រោម ០,០៧ ​ដុល្លារ​ ​ក្នុង ១ ​គីឡូវ៉ាត់ម៉ោង​។

ខណៈ​បច្ចុប្បន្ន​អគ្គិសនី​កម្ពុជា​កំពុង​ទិញ​ថាមពល​ពី​ក្រុមហ៊ុន​វិនិយោគ​ជាច្រើន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មក​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក​នោះ លោក ហ្សូនា បាន​បដិសេធ​ប្រាប់​តម្លៃ​ដែល​អាជ្ញាធរ​បាន​ទិញ​ពី​ប្រភព​ទាំងអស់​នោះ​ដោយ​លោក​លើកឡើង​ថា តម្លៃ​អគ្គិសនី​រដ្ឋ​ទិញ​ពី​ក្រុមហ៊ុន គឺ​មាន​ភាពប្រែប្រួល​ទៅ​តាម​ស្ថានភាព​ប្រភព ទីតាំង និង​បរិមាណ ជាដើម​។

តាម​លោក ហ្សូនា ប្រសិន​បើ​អ្វីៗ​ដំណើរការ​ទៅមុខ​ល្អ The Blue Circle នឹង​សាងសង់​ទួរប៊ីន​ខ្យល់​ចំនួន ១០ ​ដែល​មាន​សមត្ថភាព​ផលិត​សរុប ៨០ មេហ្គាវ៉ាត់​ ក្នុង​ ១ ​ឆ្នាំ​។

លោក​បន្ថែមថា The Blue Circle គឺជា​ក្រុមហ៊ុន​ធំ និង​មាន​បទពិសោធ​ច្រើន​លើ​ការងារ​នេះ​។ លោក​និយាយ​ថា​៖ «​បើតាម​ខ្ញុំ​ដឹង ក្រុមហ៊ុន​នេះ​កំពុង​វិនិយោគ​នៅលើ​ការផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ជាច្រើន​រយ​មេហ្គាវ៉ាត់​នៅ​ប្រទេស​វៀតណាម​ពេលនេះ​»​។

កន្លងមក​ក្រុមហ៊ុន​បាន​ធ្វើការ​សិក្សា​នៅ​ទីតាំង​ចំនួន ៣ ដែល​រួមមាន ខេត្តកំពត ព្រះសីហនុ និង​មណ្ឌលគិរី​។ នេះ​បើតាម​លោក វិចទ័រ ហ្សូនា​។

លោក នាម កូពី អគ្គនាយក​ក្រុមហ៊ុន​ផ្នែក​បរិស្ថាន CES Co.,Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការទាញយក​ថាមពល​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ជា​ក្តីប្រាថ្នា​ដែល​អ្នក​បរិស្ថាន​ចង់ឃើញ ព្រោះ​វា​មិន​បង្ក​ជា​ផលប៉ះពាល់​ដល់​បរិស្ថាន​ច្រើន​ដូច​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ និង​ធ្យូងថ្ម​ជាដើម​។ លោក​បន្តថា ការទាញយក​ថាមពល​អគ្គិសនី​ពី​ខ្យល់​កំពុង​មាន​និន្នាការ​កើនឡើង​ច្រើន​នៅ​តំបន់​អឺរ៉ុប និង​ប្រទេស​រីកចម្រើន​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​មាន​ការវិនិយោគ​លើ​ថាមពល​បែបនេះ​ក្នុង​នាម​ជា​អ្នក​បរិស្ថាន​ខ្ញុំ​ពិតជា​រីករាយ និង​សូម​ចូលរួម​គាំទ្រ​យ៉ាងខ្លាំង​»​។

ការពង្រីក​ការវិនិយោគ​លើ​ថាមពល គឺជា​រឿង​ចាំបាច់ តែ​ការគិតពី​បរិស្ថាន​ក៏​ចាំបាច់​ផងដែរ​។ នេះ​បើ​តាម​លោក កូពី​។

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល កម្ពុជា​ផលិត​ថាមពល​សរុប ១១ ២៦១ លាន​គីឡូវ៉ាត់ម៉ោង (GWh) ក្នុង​ឆ្នាំ ២០១៩ កើនឡើង ២១ ​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៨ ដែល​មាន​ចំនួន ៩ ៤២៧ ​លាន​គីឡូវ៉ាត់ម៉ោង​ (GWh)៕ LA