ទំនោរ​មាស​ បាន​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ​ចាប់​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ ២០២០ រហូត​ដល់​បច្ចុប្បន្ន​ពី​តម្លៃ ១៨០០ ដុល្លារ​ប្លាយ​រហូត​ដល់ ១៩៤០ ដុល្លារ ក្នុង​មួយ​អោនស៍​ដែល​កំណើន​នេះ​ ដោយសារ​តែ​វិបត្តិ​កូវីដ-១៩ ភាព​តាន​តឹង​នៃ​ការ​ផ្ទេរ​អំណាច​ដល់​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី នៅ​សហរដ្ឋ អាមេរិក ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ក្នុង​រដ្ឋ Georgia លទ្ធផល​កិច្ច​ប្រជុំ​ធនាគារ​កណ្ដាល​កាល​ពី​ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ មករា ឆ្នាំ ២០២១ និង​របាយការណ៍​ការងារ​នៅ​ដើម​ឆ្នាំ ២០២១ នៅ​អាមេរិក។

ដោយឡែក តម្លៃមាស ក្នុង​សប្ដាហ៍នេះ​ទទួល​រង​ឥទ្ធិពល​ខ្លាំង​ដោយសារ​កត្ដា​ព័ត៌មាន​សំខាន់ៗ​ខាង​លើ​នេះ​ដែរ។ បើ​យោង​តាម​របាយការណ៍ Worldometer ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២១ អត្រា​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​សហរដ្ឋ​អាមេរិក បាន​កើន​ឡើង​ដល់ ២២ លាន​នាក់ ហើយ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើស​ពី ៣៧៤០០០ នាក់​ដែល​ជា​តួលេខ​ខ្ពស់​បំផុត​នៅ​លើ​ពិភព​លោក។

ជោគជ័យ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ក្នុង​រដ្ឋ Georgia និង​លទ្ធផល​នៃ​របាយការណ៍​នៃ​កិច្ច​ប្រជុំ​គោល​នយោបាយ​រូបិយវត្ថុ​របស់​ធនាគារ​កណ្តាល​អាមេរិក​សម្រាប់​ឆ្នាំ ២០២១ នឹង​ជះ​ឥទ្ធិពល លើ​តម្លៃ​មាស​លើ​ទីផ្សារ។ ស្ថាប័នធំៗ​និង​វិនិយោគិន​បាន​នឹង​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​ធំៗ​មួយ​ចំនួន​ដូចជា គោល​នយោបាយ​បន្ធូរ​បន្ថយ​បរិមាណ​និង​លក្ខខណ្ឌ​នៃ​ការ​កែ​តម្រូវ​គោល​នយោបាយ​អត្រា​ការ​ប្រាក់។

នៅ​ថ្ងៃ​សុក្រទី ៨ សប្តាហ៍​នេះ ស្ថាប័ន​ស្ថិតិ​ជាតិ​របស់​អាមេរិក​នឹង​ប្រកាស​ពី​របាយការណ៍​អត្រា​ការងារ​របស់​ប្រជាពលរដ្ឋ​អាមេរិក​ប្រចាំ​ខែ​ធ្នូ ឆ្នាំ ២០២០ ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​ មាន​ចំនួន ៦៩ ០០០ នាក់​ធ្លាក់​ចុះ​បើ​ធៀប​នឹង​អត្រា​ការងារ​ក្នុង​ខែ​វិចិ្ឆកា ដែល​មាន​ចំនួន ២៤៥ ០០០ នាក់។

ម្យ៉ាង​ទៀត ផ្អែក​លើ​ការ​វិភាគ​បែប​បច្ចេកទេស តម្លៃមាស បាន​បំបែក​របារ​តម្លៃ​ទី​មួយ ១៨៦០ ដុល្លារ និង​ទីពីរ ១៨៩០ ដុល្លារ ហើយ​កំពុង​រត់​ឆ្ពោះ​ទៅ​តម្លៃ ២០០០ ដុល្លារ។ ក្នុង​ថេរ​វេលា ១ ម៉ោង តម្លៃ​មាស បាន​ឡើង​ថ្លៃ​ខ្ពស់​បំផុត ១៩០០ ដុល្លារ​សម្រាប់​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​ធ្នូ។

ដូច្នេះ អ្នក​វិនិយោគ​គួរ​តែ​ទិញ​នៅ​ពេល​ថ្លៃ​ឡើង​រហូត​ដល់ ១៩៥៦ ដុល្លារ ដោយ​ដាក់​មុខងារ​កំណត់​ប្រាក់​ចំណេញ​ទី ១ ក្នុង​តម្លៃ ១៩៨០ ដុល្លារ និង​ទី ២ ក្នុង​តម្លៃ ២០០០ ដុល្លារ និង​ដាក់​មុខងារ​កំណត់​ហានិភ័យ​នៅ​តម្លៃ ១៩៤៧ ដុល្លារ។ អ្នក​វិនិយោគ​ក៏​អាច​ទិញ​នៅ​ពេល​ថ្លៃ​ធ្លាក់​ដល់ ១៩១៧ ដុល្លារ ដោយ​កំណត់​មុខងារ​កាត់​ប្រាក់​ចំណេញ​ទី​មួយ​នៅ​តម្លៃ ១៩២៩ ដុល្លារ និង​ទី២ នៅ​តម្លៃ ១៩៤៥ ដុល្លារ ដោយ​កំណត់​មុខងារ​ការពារ​ហានិភ័យ​ក្នុង​តម្លៃ ១៩១១ ដុល្លារ។

វិភាគ​ដោយ លោក ជា ប្រាសិទ្ធ ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញ​វត្ថុ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល