ក្រុង​ហ្វ្រេង​ហ្វឺតៈ អង្គការ​ឃ្លាំ​មើល​ទីផ្សារ​របស់​ប្រទេស​ អាល្លឺ​ម៉ង់​ បាន​ឲ្យ​ដឹង​ថា សម្បទាន​ដែល​ផ្ដល់​ដោយ​​ក្រុមហ៊ុន Siemens និង​ក្រុមហ៊ុន Alstom របស់​ប្រទេស បារាំង ដើម្បី​ទទួល​​បាន​ការ​ច្របាច់​បញ្ចូល​គ្នា​​នូវ​​ក្រុមហ៊ុន​ផ្លូវ​ដែក​របស់​ពួក​គេ មិន​គ្រប់គ្រាន់​ក្នុង​ការ​សម្រាល​ការ​បារម្ភ​អំពី​​ការ​​​ប្រកួតប្រជែង​នោះទេ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​កាល​​ពី​ថ្ងៃ​ចន្ទ។​

លិខិត ១ ច្បាប់​របស់​​និយតករ Bundeskartellamt ផ្ញើ​ទៅ​​គណៈ​កម្មការ​អឺរ៉ុប​ដែល​​ត្រូវ​បាន​មើល​ឃើញ​ដោយ​កាសែត Financial Times និង​កាសែត​​នានា​របស់​អាល្លឺម៉ង់ ព្រមាន​ថា សម្បទាន​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​ទាំង​ ២ នេះ​គឺ «មិន​សមរម្យ និង​មិន​គ្រប់គ្រាន់» ក្នុង​ការ​បំបាត់​ក្តី​​បារម្ភ​បែប​នោះ​ឡើយ។​

កាសែត Frankfurter All​gemeine Zeitung បាន​រាយ​ការណ៍​ថា អាជ្ញាធរ​មាន​មូលដ្ឋាន​​នៅ​ទីក្រុង Bonn ចែក​រំលែក​ការ​បារម្ភ​របស់​ទីក្រុង​ប៊្រុចសែល​​អំពី​​កិច្ច​ព្រមព្រៀង​នេះ។​

មន្ដ្រី​គណៈ​កម្មការ​នេះ មាន​ពេល​វេលា​រហូត​ដល់​ថ្ងៃ​ទី ១៨ ខែ​​កុម្ភៈ ដើម្បី​​សម្រេច​លើ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ Alstom ជា​ក្រុមហ៊ុន​ផលិត​រថភ្លើង TGV ដ៏​ល្បី​របស់​ប្រទេស​ បារាំង និង​​ក្រុមហ៊ុន Siemens ដែល​មាន​​មូលដ្ឋាន​នៅ​ទី​ក្រុង​ Munich ដែល​ត្រូវ​បាន​ប្រកាស​​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​ ២០១៧​។​

ក្រុម​អ្នក​គាំទ្រ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ប្រតិបត្តិការ​ផ្លូវ​ដែក​របស់​ក្រុមហ៊ុន​​ទាំង ២ នេះ ដូច​ជា​លោក Bruno Le Maire រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ បារាំង​ លើក​ឡើង​ថា ការ​ប្រកួត​ប្រជែង​នៅ​អឺរ៉ុប​ចាំ​បាច់​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ប្រកួត​ប្រជែង​​ជា​មួយ​ក្រុមហ៊ុន​ CRRC ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​របស់​ប្រទេស ចិន ​នៅ​លើ​ទីផ្សារ​ពិភព​លោក​។​

លោក​ក៏​បាន​ច្រាន​ចោល​ការ​បង្ហាញ​ការ​បារម្ភ​ពី​ការ​ប្រកួត​ប្រជែង​ទាំង​នេះ​។​

ប្រសិន​បើ​ត្រូវ​បាន​អនុញ្ញាត ការ​ច្របាច់​បញ្ចូល​គ្នា​នេះ នឹង​បង្កើត​បាន​ជា​​​ក្រុមហ៊ុន​ផ្លូវ​ដែក​ដ៏​ធំ​មួយ ដោយ​មាន​ប្រតិបត្តិ​ការ​​នៅ​ក្នុង​ប្រទេស​ចំនួន ៦០ និង​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ ១៥,៦១៧,​៩ពាន់​លាន​ដុល្លារ។​

ក្រុមហ៊ុន​ទាំង​ ២ នេះ​បាន​ឲ្យ​ដឹង​​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន​ថា ពួក​គេ​បាន​ផ្ដល់​សម្បទាន​ដល់​គណៈ​កម្មការ​នេះ ដោយ​ពួក​គេ​ជឿជាក់​ថា នឹង​​បន្ធូរ​បន្ថយ​ការ​បារម្ភ​​ពី​ការ​ប្រកួត​ប្រជែង​ ដែល​រួម​​ទាំង​ការ​លក់​ចេញ ឬ​ការ​ផ្ដល់​អាជ្ញា​ប័ណ្ណ​រថភ្លើង​ល្បឿន​លឿន​​​មួយ​ចំនួន និង​បញ្ហា​បច្ចេក​វិទ្យា​​ផង​ដែរ៕ AFP/LA