ភ្នំពេញៈ ទោះបី​ជំងឺ​ផ្តាសាយ​សកល​កូវីដ ១៩ នៅ​កំពុង​បន្ត​រីករាលដាល ក៏​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​ ដែល​មាន​តម្លៃ​ជាង ១,៩ ​ពាន់​លាន​ដុល្លារ​ មិនបាន​ពន្យារពេល​នោះទេ ដោយ​មកដល់​ពេល​នេះ​សម្រេចបាន​ជាង ២៦ ​ភាគរយ ខណៈ​ការសាងសង់​គ្រោង​នឹងត្រូវ​បញ្ចប់​នៅ​ប្រមាណ​ ២ ​ឆ្នាំ​ខាងមុខ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ផ្លូវ​ល្បឿន​លឿនទី​ ១ នៅ​កម្ពុជា​ដែលមាន​ប្រវែង​សរុប​ជាង ១៩០ ​គីឡូម៉ែត្រ​នេះ​តភ្ជាប់​ពី​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ដល់​សង្កាត់​លេខ​ ៣ ក្រុង​ព្រះសីហនុ​ដោយ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ៨,៣០ ​គីឡូម៉ែត្រ ខេត្ត​កណ្តាល ៩,១០ ​គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០ ​គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២ ​គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​មាន​ប្រវែង​ ៨៩,៨៩ គីឡូម៉ែត្រ​។

ផ្លូវ​នេះ​ចាប់ផ្តើម​សាងសង់​ពីថ្ងៃ​ទី​ ២២ ខែ​មីនា ឆ្នាំ​ ២០១៩ ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់ ប្រទេស​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd​។

លោក វ៉ាស៊ឹម សុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​នា​ថ្ងៃ​ចន្ទ​ថា ការសាងសង់​ផ្លូវ​ល្បឿន​លឿន​នៅពេល​នេះ​សម្រេច​បាន ២៦,៨៦ ​ភាគរយ ដោយ​ការសាងសង់​កំពុងមាន​ដំណើរ​ទៅមុខ​ជាប្រចាំ​។ លោក​បន្តថា មន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ​តែងតែ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​សាងសង់ ដើម្បី​ធ្វើឱ្យ​ការសាងសង់​អាច​បញ្ចប់​បាន​ទៅ​តាម​ផែនការ​។

លោក​ថ្លែងថា​៖ «​បើ​មើល​តាម​ក្រាហ្វិក គឺ​ដំណើរការ​សាងសង់​ផ្លូវ​នេះ​កំពុង​ដើរ​ស្របគ្នា​ជាមួយ​នឹង​ផែនការ​ដែល​បាន​កំណត់​ទុក ដែល​អាច​បញ្ចប់​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២»​។

លោក​លើកឡើង​ទៀតថា ផ្លូវ​ល្បឿន​លឿន​នេះ​នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​កម្ពុជា តាមរយៈ​ការកាត់បន្ថយ​ចំណាយ​ពី​ភ្នំពេញ​ទៅកាន់​តំបន់​កំពង់ផែ​សមុទ្រ​អន្តរជាតិ​ទឹក​ជ្រៅ ព្រមទាំង​រយៈពេល​ធ្វើដំណើរ​ផងដែរ​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​និយាយថា សម្រាប់​ចម្ងាយ​ផ្លូវ​ប្រមាណ ៨០ ​គីឡូម៉ែត្រ​​ ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ បច្ចុប្បន្ន​ការចាក់ដី និង​ដាក់លូ សម្រេចបាន ១០០ ​ភាគរយ​ហើយ ខណៈ​ស្ពាន​ឆ្លងកាត់​លើផ្លូវ​ជាតិ​លេខ ៤ ចំនួន ២ ​កន្លែង​នៅ​មិនទាន់​រួចរាល់​ទេ​។ ផ្លូវ​នេះ​នឹង​ក្លាយជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​ដ៏សំខាន់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ខេត្តកំពង់ស្ពឺ​។

ទោះបី​ជា​យ៉ាងណា​លោក សំណាង ប្រាប់ថា ការសាងសង់​ផ្លូវ​ថ្មី​នេះ​ក៏​បាន​ប៉ះពាល់​ដល់​ដីឯកជន​មួយចំនួន​ដែរ ប៉ុន្តែ​ការដោះស្រាយ​ផលប៉ះពាល់​ទាំងនោះ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ជា​បន្តបន្ទាប់​។ លោក​បញ្ជាក់ថា​៖ «​ការដោះស្រាយ​ផលប៉ះពាល់​ពេលនេះ​គឺ​មាន​នៅសល់​តែ ៥-៦ ​គ្រួសារ​តែប៉ុណ្ណោះ​»​។

លោក​និយាយថា​៖ «​សម្រាប់​ការសាងសង់​ផ្លូវ​ឆ្លងកាត់​ខេត្ត​ដែល​មាន​ប្រវែង ៨០ ​គីឡូម៉ែត្រ ខ្ញុំ​សង្កេតឃើញ​ថា មាន​ដំណើរការ​ទៅមុន​យ៉ាង​រលូន​»​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​ (CLA) លោក ស៊ិន ចន្ធី ធ្លាប់បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ថា នៅពេល​ផ្លូវ​ល្បឿន​លឿន​បើក​ដំណើរការ​វា​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​នៅក្នុង​វិស័យ​ដឹកជញ្ជូន​។ លោក​ថ្លែងថា​៖ «​ទោះជា​ការបើកបរ​តាមផ្លូវ​ល្បឿនលឿន​ត្រូវ​បង់ប្រាក់​ក៏ដោយ តែ​បើ​យើង​ធៀប​ជាមួយ​ការប្រើប្រាស់​ផ្លូវ​បច្ចុប្បន្ន​ដែល​មាន​ភាពតូចចង្អៀត និង​ចម្ងាយ​ឆ្ងាយ​ជាង​ប្រហែល ៤០ គីឡូម៉ែត្រ​នោះ​ឃើញថា ការចំណាយ​លើ​ប្រេងឥន្ធនៈ​គឺ​អស់​តិចជាង និង​ប្រើពេល​ខ្លី​ទៀតផង​»​។

លោក​បន្តថា ផ្លូវ​នេះ​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការដឹកជញ្ជូន​ទំនិញ​ពី​ភ្នំពេញ ទៅ​កំពង់ផែ​ទឹក​ជ្រៅ​របស់​កម្ពុជា​។

បើ​តាម​លោក ចន្ធី បច្ចុប្បន្ន​ការដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​កុងតឺន័រ​រវាង​ភ្នំពេញ និង​ក្រុងព្រះសីហនុ​ដែល​មាន​ចម្ងាយ ២៣២ គីឡូម៉ែត្រ​ត្រូវ​ចំណាយពេល​ពី ៦ ទៅ ៨ ​ម៉ោង​។

លោក​លើកឡើង​ថា វិស័យ​ឯកជន​ពិតជា​ចង់បាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយ​ដែល​ល្អប្រសើរ ព្រោះ​នៅពេល​មាន​ផ្លូវថ្នល់​ល្អ​វា​នឹង​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិត​៕ LA