
ផ្សារគំរូព្រំដែន កម្ពុជា ដែលស្ថិតនៅតាមព្រំដែនកម្ពុជា-វៀតណាម។ រូបថត FN
ភ្នំពេញៈ គម្រោងសាងសង់ផ្សារនៅតាមព្រំដែនរវាងកម្ពុជាវៀតណាមចំនួន ២ កន្លែងក្នុងខេត្តកំពត និងស្វាយរៀងដែលប្រកាសដោយនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន កាលពីចុងឆ្នាំ ២០១៩ រហូតមកដល់ពេលនេះនៅមិនទាន់បានចាប់ផ្តើមធ្វើការសាងសង់ជាផ្លូវការនោះទេ។ នេះបើតាមការអះអាងរបស់អាជ្ញាធរពាក់ព័ន្ធ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងពិធីបើកសម្ពោធផ្សារព្រំដែនដារដែលស្ថិតក្នុងខេត្តត្បូងឃ្មុំកាលពីចុងខែធ្នូ ឆ្នាំ ២០១៩ បានបញ្ជាឱ្យក្រសួងពាណិជ្ជកម្មសហការជាមួយអាជ្ញាធរខេត្តកំពត និងស្វាយរៀង ដើម្បីសាងសង់ផ្សារជាប់ព្រំដែនចំនួន ២ បន្ថែមទៀត។
លោកបន្ថែមថា លោកចង់ឃើញមានការកសាងផ្សារសហគមន៍គំរូនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ឱ្យបានច្រើនថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើជំនួញ និងពាណិជ្ជកម្មតូចធំ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង ២ មានទីផ្សារសមរម្យលក់ដូរក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ។ ម្យ៉ាងទៀតវាក៏នឹងជួយធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងទំហំពាណិជ្ជកម្មទ្វេភាគីមានកំណើនផងដែរ។
ក្នុងឱកាសនោះលោកក៏បានបញ្ជាឱ្យអាជ្ញាធរខេត្តកំពត និងស្វាយរៀង ត្រៀមរកទីតាំង និងជួយសម្របសម្រួលកិច្ចការមួយចំនួនខណៈក្រសួងពាណិជ្ជកម្ម ត្រូវធ្វើការសិក្សា និងរៀបចំផ្សារនៅតាមព្រំដែនដោយយកតាមរចនាប័ទ្មខ្មែរ និងប្រើថវិកាជាតិសម្រាប់សាងសង់។
លោកថ្លែងថា៖ «គោលបំណងរបស់ផ្សារនេះនឹងបម្រើជាផ្សារនាំចេញទៅវៀតណាម។ យើងចង់ប្រើប្រាស់ថវិកាជាតិរបស់យើង ដើម្បីសាងសង់ផ្សារគំរូ ២ បន្ថែមទៀត។ នេះជាការជំរុញរបស់ខ្ញុំ ជាមួយនឹងទិសដៅប្រែក្លាយព្រំដែនជាមួយបណ្ដាប្រទេសជិតខាង ដែលធ្វើឱ្យវាត្រូវបានអភិវឌ្ឍកាន់តែច្រើន»។
លោក ជាវ តាយ អភិបាលខេត្តកំពតបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តកំពតកំពុងធ្វើការជាមួយមន្ត្រីជំនាញពីក្រសួងពាណិជ្ជកម្ម ដើម្បីសិក្សា និងធ្វើការវាយតម្លៃលម្អិតលើទីតាំងមុននឹងចាប់ផ្តើមធ្វើការសាងសង់។ ការសាងសង់អាចចាប់ផ្តើមពេលណានោះគឺអាស្រ័យទៅលើក្រសួង ខណៈអាជ្ញាធរខេត្តមានទីតាំងត្រៀមបម្រុងរួចហើយ។
លោកបន្តថា ផ្សារព្រំដែននឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយជំរុញឱ្យការផ្លាស់ប្តូរផលិតផលរបស់ប្រជាជនក្នុងតំបន់រវាងប្រទេសកម្ពុជា និងវៀតណាមឱ្យកាន់តែមានភាពសកម្មឡើង។
លោកនិយាយថា៖ «មកដល់ពេលនេះមិនទាន់បានសាងសង់ទេ ព្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ហើយក្រសួងក៏នៅមិនទាន់បានកំណត់ពេលសាងសង់ដែរ»។
យោងតាមលោក ជាវ តាយ ទីតាំងដែលអាជ្ញាធរខេត្ត និងក្រសួងបានកំណត់អាចនឹងនៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ទល់ជាមួយខេត្តគៀងយ៉ាង។
ចំណែកអ្នកនាំពាក្យសាលាខេត្តស្វាយរៀង លោក រស់ ផារិទ្ធ បាននិយាយថា គម្រោងសាងសង់ផ្សារព្រំដែនក្នុងខេត្តស្វាយរៀងកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាទីតាំងដោយមានទីតាំង ២ កន្លែងដែលអាជ្ញាធរគិតថា នឹងមានសក្តានុពលយូរអង្វែងសម្រាប់ការអភិវឌ្ឍ គឺមួយនៅភាគខាងកើតជាប់ខេត្តតាយនិញ និងមួយទៀតនៅជាប់គ្នាជាមួយព្រំប្រទល់ខេត្តឡុងអាន ប្រទេសវៀតណាម។
លោកបន្តថា ការសាងសង់ផ្សារនៅតាមព្រំដែន មិនត្រឹមតែជួយធ្វើឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរស្របគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការប្រែក្លាយបន្ទាត់ព្រំដែន ឱ្យទៅជាកន្លែងមានសន្តិភាព កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងផងដែរ។
លោកបន្ថែមថា៖ «ខ្ញុំនៅមិនទាន់ហ៊ានអះអាងថាបែបណានោះទេចំពោះទីតាំងទាំង ២ កន្លែងនេះ ព្រោះក្រុមការងារនៅមិនទាន់បានសម្រេចជាផ្លូវការទេ ប៉ុន្តែការចុះពិនិត្យទីតាំងរួមគ្នារវាងអាជ្ញាធរខេត្ត និងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្មបានធ្វើរួចរាល់ហើយ»។
លោកលើកឡើងថា៖ «នៅពេលមានហេដ្ឋារចនាសម្ព័ន្ធ និងផ្សារនៅតាមព្រំដែនកាន់តែច្រើន កំណើននៃការអភិវឌ្ឍក៏មានសម្ទុះដែរ ពិសេសវាបង្កនូវភាពងាយស្រួលដល់ប្រជាជនមូលដ្ឋានក្នុងការដោះដូរផលិតផលកសិផល»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានប្រាប់យ៉ាងខ្លីថា ការសាងសង់ផ្សារព្រំដែនទាំង ២ខាងលើនៅមិនទាន់ចាប់ផ្តើមទេ ដោយអាចនៅឆ្នាំក្រោយ ព្រោះការគ្រោងកញ្ចប់ថវិកានេះក៏នៅឆ្នាំក្រោយដែរ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា វៀតណាម ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២០ នេះ មានតម្លៃសរុប ២,១៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៨,១ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅវៀតណាមមានតម្លៃ ៤៧៦ លានដុល្លារ ធ្លាក់ចុះ ១៥ ភាគរយ ខណៈកម្ពុជានាំចូលវិញមានតម្លៃសរុប ១,៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៦ ភាគរយ៕ LA