ភ្នំពេញៈ ​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ថ្មី​ដែល​មាន​តម្លៃ ៨៨០ ​លាន​ដុល្លារ​ បានបញ្ចប់​ជិត​ ៣០ ​ភាគរយ​ហើយ ខណៈ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​នេះ​បាន​អះអាង​ថា ដំណាក់កាល​ទី​ ១ នេះ​នឹង​រួចរាល់​តាម​ការគ្រោងទុក​នៅ​ខែ​មីនា ឆ្នាំ​ ២០២៣​។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល (SSCA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ការពិនិត្យ​ដល់​ទីកន្លែង​ដោយ​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រី​ទទួល​បន្ទុក SSCA កាលពី​ថ្ងៃទី​ ១៥ មិថុនា​ថា​គម្រោង​នេះ​បាន​បញ្ចប់​ការសាងសង់ ២៥ ​ភាគរយ​ហើយ​នៃ​ដំណាក់កាល​ទី​ ១ នៅក្នុង​ចំណោម​នោះ ការសាងសង់​គ្រឹះ​សម្រាប់​ស្ថានីយ​អ្នកដំណើរ​បានបញ្ចប់​ជិត ៩៨ ​ភាគរយ​ហើយ ខណៈ​ផ្លូវ​រត់​ប្រវែង ​៣ ៣០០ ម៉ែត្រ​ក៏​ជិត​បញ្ចប់​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​យើង​មើលឃើញ​ថា ទោះបី​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​បាន​ជួបនឹង​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ក៏​ពួកគេ​នៅតែ​ប្ដេជ្ញាចិត្ត​ចំពោះ​គម្រោង​ដែល​បង្ហាញ​ការរីកចម្រើន​ខ្លាំង​បំផុត​មួយ​នេះ​»​។

លោក​បាន​បន្តថា ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​បង្អាក់​ការងារ​នេះ​កាលពី​ខែមេសា ដោយសារ​ក្រុម​អ្នកជំនាញ​មួយចំនួន​មិនអាច​ធ្វើដំណើរ​ត្រឡប់​ពី​ប្រទេស​ចិន​មក​កម្ពុជា​បាន​។ ទោះយ៉ាងណា ពេលនេះ​ក្រុមហ៊ុន​បាន​បង្កើន​ការងារ​ពេលយប់​ដើម្បី​សម្រេច​បាន​តាម​ការគ្រោងទុក​។

លោក​លើកឡើង​ថា​៖ «​តាម​ផែនការ ពួកគេ​នឹង​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​ ២០២៣​។ ខ្ញុំ​គិតថា គម្រោង​នេះ​នឹង​ដំណើរការ​តាម​ការគ្រោងទុក ដោយសារ​ពួកគេ​បង្កើន​ការងារ​ដើម្បី​ប៉ះប៉ូវ​ផលប៉ះពាល់​ដោយសារ​ការពន្យារពេល​កាលពី​ខែ​មេសា ព្រោះ​ជំងឺ​កូវីដ​១៩ ប៉ះពាល់​ដល់​លំហូរ​ការងារ​របស់​ពួកគេ​»​។

ព្រលានយន្តហោះ​ថ្មី​នេះ​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ៧៥០ ​ហិកតា​ នៅ​ស្រុក​សូទ្រនិគម នា​ជាយក្រុង​សៀមរាប​។ គម្រោង​នេះ​នឹង​ត្រូវ​សាងសង់​ជា ៣ ​ដំណាក់កាល​។ ក្រុមហ៊ុន​នឹង​វិនិយោគ ៥០០ ​លាន​ដុល្លារ​ក្នុង​ដំណាក់កាល​ដំបូង និង​ដំណាក់កាល​ទី​ ២ ដែល​នឹង​អនុញ្ញាត​ឲ្យ​យន្តហោះ​ដឹក​អ្នកដំណើរ​ធុន​មធ្យម​ដូចជា​យន្តហោះ Boeing 737 និង​យន្តហោះ Airbus A320 ចុះចត​បាន​។ ទឹកប្រាក់​ ៣០០ ​លាន​ដុល្លារ​ផ្សេងទៀត​នឹង​ត្រូវ​លៃ​ទុក​សម្រាប់​ដំណាក់កាល​ទី​ ៣​។

កាលពី​ខែតុលា ឆ្នាំ​ ២០១៧ កិច្ចព្រមព្រៀង​សាងសង់​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​ក្រុមហ៊ុន Yunnan Investment Hol-dings, Ltd ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ចិន​។ កិច្ចព្រមព្រៀង​នេះ​ផ្ដល់​ដល់​ក្រុមហ៊ុន​ចិន​នូវ​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការគ្រប់គ្រង និង​ដំណើរការ​ព្រលានយន្តហោះ​នេះ​ក្នុង​រយៈពេល​សម្បទាន ៥៥ ​ឆ្នាំ​ស្ថិត​ក្រោម​ផែនការ​សាងសង់ ប្រតិបត្តិការ ផ្ទេរ​ (BOT)​។

កាលពី​ថ្ងៃទី​ ១៩ ខែ​មិថុនា​ លោក ម៉ៅ ហាវណ្ណាល់ បានប្រគល់​ផែនការមេ​របស់​ព្រលាន​យន្តហោះ​នេះ​ដល់​លោក Lu Wei ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន AIAI សម្រាប់​ការទទួល​យក​លើ​លក្ខណៈ​បច្ចេកទេស​នៅក្នុង​ផែនការ​មេនេះ​។

លោក Lu បាន​ឲ្យ​ដឹង​ថ្មីៗ​នេះ​ថា ដោយ​មាន​ការគាំទ្រ​ពីរដ្ឋាភិបាល​កម្ពុជា ពិសេស SSCA គម្រោង​សាងសង់​នេះ​នឹងត្រូវ​បញ្ចប់​ទាំងស្រុង​នៅ​ថ្ងៃទី​ ១៤ ខែ មីនា ឆ្នាំ​ ២០២៣​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ក្រុមបច្ចេកទេស​របស់ SSCA ដោយ​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​លើ​ការដំឡើង​ឧបករណ៍​បច្ចេកទេស និង​ការរចនា​ប្លង់​ព្រលាន​យន្តហោះ​នេះ​។

តាម​លោក ចាន់សេរីវុត្ថា តាមរយៈ​ការសិក្សា​ព្រលាន​ថ្មី​នេះ​អាច​ទទួល​អ្នកដំណើរ ៧ ​លាន​នាក់​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍ​ជាមួយ​នឹង​ផ្លូវ​រត់​ប្រវែង ៣ ៣០០ ​ម៉ែត្រ និង​អ្នកដំណើរ​ ១០ ​លាន​នាក់​ នៅក្នុង​ដំណាក់កាល​ទី​ ២ មាន​ផ្លូវ​រត់ ៣ ៦០០ ​ម៉ែត្រ​ ក្នុង​ឆ្នាំ​ ២០៣០ និង ២០ ​លាន​នាក់​នៅត្រឹម​ឆ្នាំ​ ២០៥០ សម្រាប់​ដំណាក់កាល​ទី​ ៣ ជាមួយ​នឹង​ផ្លូវ​រត់​ប្រវែង ៤ ០០០ ​ម៉ែត្រ​៕LA