ភ្នំពេញៈ ការសាងសង់រោងចក្រអគ្គិសនីដំណើរការដោយធ្យូងថ្មកម្លាំង ២៦៥ មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន Han Seng Coal Mine Co Ltd (HSCMC) នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មកទល់ពេលនេះសម្រេចបានជាង ៥០ ភាគរយហើយ ខណៈការសាងសង់អាចនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២១។ នេះបើតាមអភិបាលខេត្តឧត្តរមានជ័យ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ» កាលពីថ្ងៃអង្គារ អភិបាលខេត្តឧត្តរមានជ័យលោក ប៉ែន កុសល្យ បាននិយាយថា ការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មពេលនេះសម្រេចបានជាង ៥០ ភាគរយហើយ ដោយការសាងសង់អាចនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០២១។
លោកបន្តថា គម្រោងនេះនឹងផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនក្នុងមូលដ្ឋាន និងតំបន់មួយចំនួនក្នុងខេត្តសៀមរាប។ លោកថ្លែងថា៖ «ការសាងសង់នៅពេលនេះសម្រេចបានចន្លោះពី ៥០-៦០ ភាគរយ»។
តាមផែនការ បន្ទាប់ពីសាងសង់រួចរោងចក្រនេះនឹងប្រើប្រាស់ធ្យូងថ្មក្នុងតំបន់សម្រាប់ប្រើប្រាស់តែម្តង។
តាមអ្នកនាំពាក្យរដ្ឋាភិបាលលោក លោក ផៃ ស៊ីផាន ធ្លាប់បាននិយាយថា គម្រោងរោងចក្រអគ្គិសនីដំណើរការដោយធ្យូងថ្មនេះត្រូវការទុនវិនិយោគ ២៩៤,៣ លានដុល្លារ ហើយនឹងប្រតិបត្តិការនៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២។
លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្តិ៍នាពេលកន្លងមកថា បច្ចុប្បន្នកម្ពុជាអាចផលិតថាមពលអគ្គិសនីបានប្រហែលពី ៧០-៨០ ភាគរយ នៃការប្រើប្រាស់ថាមពលអគ្គិសនីក្នុងស្រុកសរុប៕LA