ភ្នំពេញៈ រដ្ឋាភិបាលមានគម្រោងសង់សារមន្ទីរថាមពលកកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែន កំពត ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនានៅតំបន់ឆ្នេរសមុទ្រមួយនេះ។
លោក ជាវ តាយ អភិបាលខេត្តកំពតបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃចន្ទថា គម្រោងកសាងសារមន្ទីរថាមពលកកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែន កំពត គឺជាការអនុវត្តគម្រោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលអគ្គិសនីកម្ពុជា (EDC) ជាអ្នកអនុវត្ត។ លោកបន្តថា គម្រោងនេះនឹងសាងសង់លើផ្ទៃដីទំហំ ៨,៦០ ហិកតា ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំមាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ គម្រោងនេះនឹងអាចចាប់ផ្តើមនៅក្នុងឆ្នាំនេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២។
លោកថ្លែងថា៖ «យើងសម្តែងការគាំទ្រដល់ការអនុវត្តនូវគម្រោងរបស់ជាតិដ៏មានសារៈសំខាន់មួយនេះឡើងក្នុងស្មារតីសហការ ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងនេះសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់បម្រើប្រយោជន៍សាធារណៈ ពិសេសក្នុងវិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានទឹកឈូ ខេត្តកំពត»។
ទោះយ៉ាងណាលោកប្រាប់ថា រដ្ឋាភិបាលមិនទាន់អាចវាយតម្លៃពីខ្ទង់ចំណាយគម្រោងនេះនៅឡើយទេ។
លោកបន្ថែមថា៖ «នេះជាសក្តានុពលមួយធំដែលនឹងជួយទាក់ទាញភ្ញៀវទេសចរទៅលេងកាន់តែច្រើននៅខេត្តកំពតនៅពេលអនាគត»។
ក្នុងកិច្ចប្រជុំស្តីពីកិច្ចសហការ និងការសិក្សាពីផលប៉ះពាល់ការអនុវត្តគម្រោងនេះកាលពីសប្តាហ៍មុននៅរដ្ឋបាលខេត្តកំពត លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាបានថ្លែងថា សារមន្ទីរនេះនឹងបង្កើតឲ្យមានការប្រមូលផ្តុំប្រភពផលិតថាមពលអគ្គិសនីរបស់កម្ពុជា ដូចជា វារីអគ្គិសនី ពន្លឺព្រះអាទិត្យ និងថាមពលអគ្គិសនី ធ្យូងថ្មជាដើម។ លោកបន្តថា ការសាងសង់ឧទ្យានជាតិនេះក៏ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕ LA