ភ្នំពេញៈ ការ​សិក្សា​ពី​សមិទ្ធិ​លទ្ធភាព​លើ​ការ​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​មួយ​ក្នុង​ខេត្ត​ស្ថិត​នៅ​​ភាគឦសាន​ប្រទេស ​កម្ពុជា​ នឹង​ត្រូវ​ដំណើរការ​នៅ​ឆមាស​ទី​២ ​ឆ្នាំ​នេះ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​វិនិយោគ​​ពី​វិស័យ​ឯកជន។ នេះ​បើ​​តាម​ការ​បញ្ជាក់​របស់​​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​​​កាល​ពី​ម្សិលមិញ​។

ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ផែនការ​នេះ​ត្រូវ​បាន​អនុម័ត​កាល​ពី​សប្ដាហ៍​មុន​​​ក្នុង​កិច្ច​ប្រជុំ​ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ទេសចរណ៍​។​

លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​​ផលិតផល​ទេសចរណ៍​​នៃ​ក្រសួង​ទេសចរណ៍​ បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​ពី​ការ​សាងសង់​​​ព្រលាន​យន្តហោះ​​​ថ្មី​តូច​មួយ​នៅ​ខេត្ត​មណ្ឌល​គិរី​ នឹង​ត្រូវ​ចំណាយ​ពេល ៦ ខែ​ ហើយ​ផែនការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​នេះ ដែល​មាន​សក្ដានុពល​សម្រាប់​អេកូ​ទេសចរណ៍​ និង​ជា​​ទិសដៅ​មួយ​ក្នុង​ចំណោម​ទិស​ដៅ​ទេសចរណ៍​ជា​ច្រើន​ដែល​គ្មាន​ព្រលាន​យន្តហោះ​។

លោក​បាន​ថ្លែង​ថា៖ «​ខេត្ត​មណ្ឌលគិរី​មាន​សក្ដានុពល​ទេសចរណ៍​ ប៉ុន្តែ​យើង​មិន​អាច​ត​​ភ្ជាប់​តាម​​ផ្លូវ​អាកាស​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ»។​

លោក​បន្ត​ថា៖​ «​ដូច្នេះ​ប្រសិន​បើ​យើង​មាន​ព្រលាន​យន្តហោះ​ វា​នឹង​ផ្ដល់​ជម្រើស​កាន់​តែ​ច្រើន​សម្រាប់​ភ្ញៀវ​ទេសចរ ដោយសារ​តែ​វា​នឹង​សន្សំ​ពេលវេលា​បាន​ច្រើន និង​អាច​ចូល​ទៅ​កាន់​​​ប្រទេស​ជិត​ខាង​បាន​ដោយ​ងាយ​ស្រួល»។​

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​​​ប្រមូល​ព័ត៌មាន​ទាំង​អស់​ ដើម្បី​គាំទ្រ​ផែនការ​មេ​នេះ​។​

លោក​បញ្ជាក់​ថា​៖ ​«​​​បើ​យើង​សម្លឹង​មើល​ទៅ​ទីផ្សារ​ព្រលាន​យន្តហោះ​​ ទិស​ដៅ​ទេសចរណ៍​​ក្នុង​ប្រទេស​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព្រលាន​យន្តហោះ​របស់​ខ្លួន ដូច្នេះ​ខេត្ត​មណ្ឌលគិរី គឺ​ជា​ទិសដៅ​​ទេសចរណ៍​មួយ​ដែរ ដែល​​គួរ​តែ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព្រលាន​យន្តហោះ​ប្រកប​​ដោយ​​សក្ដានុពល​»។​

លោក​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី​សមិទ្ធិ​លទ្ធភាព​លើ​ការ​សាងសង់​ព្រលាន​យន្តហោះ​នេះ​នៅ​ចុង​ឆ្នាំ​នេះ ​វា​នឹង​ជា​ឱកាស​មួយ​សម្រាប់​វិនិយោគិន​​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​នេះ។​

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ស្វាគមន៍​ចំពោះ​ដំណឹង​​អំពី​ការ​សិក្សា​ពី​​ការ​សាងសង់​ព្រលាន​យន្តហោះ​​នេះ​។​ ប៉ុន្តែ​លោកស្រី​លើក​ឡើង​ថា ដើម្បី​លើក​កម្ពស់​វិស័យ​​ទេសចរណ៍​ ក្នុង​ពេល​នេះ​ក្រសួង​ទេសចរណ៍​គួរ​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​សម្ភារ​រូបវន្ត​​ទេសចរណ៍​ផ្សេង​ទៀត​វិញ។​

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​រដ្ឋាភិបាល​គួរ​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​ទេសចរណ៍​នានា​ដូចជា​ បញ្ហា​កង្វះ​សណ្ឋាគារ​​ និង​ភោជនីយដ្ឋាន និង​កង្វះ​សម្ភារ​រូបវន្ត​​កម្សាន្ត ខណៈ​ដែល​ពួក​គេ​កំពុង​សិក្សា​ផែនការ​ព្រលាន​យន្តហោះ​នេះ»។

លោកស្រី​បន្ត​ថា​៖ «​ប្រសិន​បើ​យើង​មាន​ព្រលាន​យន្តហោះ ខណៈ​ដែល​​សម្ភារ​រូបវន្ត​ទេសចរណ៍​របស់​យើង​នៅ​មាន​​កង្វះ​ខាត​​នោះ នៅ​ពេល​​នោះ​វា​នឹង​គ្មាន​ប្រយោជន៍​​ក្នុង​ការ​មាន​ព្រលាន​យន្តហោះ​»។​

បច្ចុប្បន្ន​ ​កម្ពុជា​មាន​ព្រលាន​យន្តហោះ​ចំនួន ៣ ដែល​​ស្ថិត​នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ។

បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស ​៦,២​ លាន​នាក់ ​កាល​ពី​ឆ្នាំ​មុន កើន​ឡើង​ ​១០,៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៧ និង​រក​ប្រាក់​បាន ៤,៣​ ពាន់​លាន​ដុល្លារ​ កើន​ឡើង ​២០ ភាគរយ។ ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​​​កើន​ឡើង​ដល់​ ១១ ​​លាន​នាក់​កាល​ពី​ឆ្នាំ​មុន កើន​ ​១,៨​ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ហើយ​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​ក្រៅ​ប្រទេស​​​កើន​​ដល់​ ២ ​លាន​នាក់​ កើន​ឡើង ​១៤ ​ភាគរយ៕​ LA​