ភ្នំពេញ: ប្រទេស​កម្ពុជា​ នឹង​ទទួល​បាន​គម្រោង​វិនិយោគ​ទំនប់​វារីអគ្គិសនី​ថ្មី​មួយទៀត​មាន​ទំហំ ១៥០ ​មេហ្គាវ៉ាត់​ ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការជំរុញ​ការវិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​។

លោក សុខ សុទ្ធី អភិបាលរង​ខេត្តកោះកុង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការសិក្សា​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​លើ​គម្រោង​ទំនប់​វារីអគ្គិសនី​ថ្មី​នេះ​ជិត​រួចរាល់​ហើយ​ដោយ​រំពឹងថា​នឹង​អាច​បញ្ចប់​ការសិក្សា​នៅពេល​ឆាប់ៗ​នេះ ដើម្បី​ឈាន​ដល់​ការចរចា​លើ​ការវិនិយោគ​។

លោក​និយាយថា​៖ «​យើង​បាន​សិក្សា​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​បាន​ប្រហែល ៨០ ​ភាគរយ​ហើយ ដោយ​មិនមាន​ផលប៉ះពាល់​សង្គម​ច្រើន​ទេ​។ យើង​បាន​ធ្វើការ​សិក្សា​ផលប៉ះពាល់​សម្រាប់​គម្រោង​នេះ​លើ​ឃុំ​ចំនួន​ ២ ​គឺ​ឃុំ​ឫស្សីជ្រំ និង​ឃុំ​តាតៃលើ ស្ថិត​ក្នុង​ខេត្ត​កោះកុង​»​។

លោក​បន្តទៀត​ថា ទំនប់​វារីអគ្គិសនី​ថ្មី​នេះ​នឹងត្រូវ​កសាង​ឡើង​ដោយ​ក្រុមហ៊ុន China National Heavy Machinery Corporation (CHMC) ​របស់​ប្រទេស​ចិន​ ក្នុងតម្លៃ​វិនិយោគ ៣៨០ ​លាន​ដុល្លារ​។ វារីអគ្គិសនី​ថ្មី​នេះ​ត្រូវ​រំពឹង​ថា នឹង​ជួយ​បង្កើន​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ខេត្ត​កោះកុង និង​បណ្តា​ខេត្ត​នៅជាប់​ខេត្ត​នេះ​ផង​ដែរ​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​នេះ​មិន​ត្រឹមតែ​ជួយ​អភិវឌ្ឍ​ខេត្តកោះកុង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជា​ធុងអាគុយ​មួយ​ដែល​នឹង​ជួយ​ចែកចាយ​ថាមពល​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នៅពេល​អនាគត​»​។

បើ​យោងតាម​លោក សុទ្ធី បច្ចុប្បន្ន​នៅ​ខេត្តកោះកុង​មាន​ទំនប់​វារីអគ្គិសនី​ចំនួន ៣ ​កំពុង​ប្រតិបត្តិការ​ដែលមាន​សមត្ថភាព​ផលិត​ថាមពល​សរុប ៦០២ មេហ្គាវ៉ាត់​ក្នុង​នោះ​ទំនប់​វារីអគ្គិសនី​គិរីរម្យ​ ៣ មាន​អានុភាព ១៨ ​មេហ្គាវ៉ាត់ វារីអគ្គិសនី​ឫស្សី​ជ្រំក្រោម​មាន​អានុភាព ៣៣៨ ​មេហ្គាវ៉ាត់ និង​វារីអគ្គិសនី​តាតៃ ២៤៦ មេហ្គាវ៉ាត់​។

លោក​ វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹងថា ពេលនេះ​ក្រុមហ៊ុន​កំពុង​សិក្សា​ក្នុង​ដំណាក់កាល​ដំបូង​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​តាតៃលើ ដោយ​មិនទាន់​ឈាន​ដល់​ការវិនិយោគ​នៅឡើយ​។

លោក​បាន​បន្តថា ទោះ​យ៉ាងណា​តាម​ការសិក្សា​ក្រុមហ៊ុន​បាន​វាយតម្លៃថា គម្រោង​នេះ​មាន​លក្ខណៈ​បច្ចេកទេស​ល្អ​ដែល​អាច​ផ្តល់​ថាមពល​លើសពី​ ៥០ ​ភាគរយ​នៅ​រដូវប្រាំង​។

លោក​ថ្លែងថា​៖ «​ជា​យោបល់​ខ្ញុំ​ផ្ទាល់ គម្រោង​នេះ​មាន​លក្ខណៈ​បច្ចេកទេស និង​សេដ្ឋកិច្ច​ល្អ ដូច្នេះ​បើ​យើង​សម្រេច​បាន​លើ​ការចរចា​ពី​តម្លៃ តាម​ផែនការ​គម្រោង​នេះ​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​ ២០២៦ ប៉ុន្តែ​ជាក់ស្តែង​នៅពេលនេះ​យើង​មិន​ទាន់​ឈានដល់​ការជជែក​ពិភាក្សា​ពី​រឿង​តម្លៃ​នៅឡើយ​ជាមួយ​គ្នា​នៅឡើយ​ទេ​»​។

បច្ចុប្បន្ន​នេះ​កម្ពុជា​អាច​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​បាន​ចន្លោះ ៧០ ទៅ ៨០ ​ភាគរយ​ នៃ​តម្រូវការ​ប្រើប្រាស់​សរុប​ក្នុងស្រុក​។ ក្រៅពី​នេះ​ជា​ការនាំចូល​មកពី​ប្រទេស​ឡាវ ថៃ និង​វៀតណាម​។ នេះ​បើ​យោង​តាម​លោក ហ្សូនា​។

លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា (EDC) កាលពី​ពេល​កន្លងមក​បាន​និយាយថា អគ្គិសនី​កម្ពុជា​កំពុង​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​ស្វែងរក​ថាមពល​ថ្មី​បន្ថែម​ឲ្យ​បាន ១ ០០០ មេហ្គាវ៉ាត់​ នៅមុន​ដំណាច់​ឆ្នាំ ២០២០ ដែល​ទាញ​ប្រភព​ថាមពល​ពី​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម ពន្លឺព្រះអាទិត្យ និង​ការទិញ​ពី​ប្រភព​ដែល​មាន​តម្លៃ​ទាប​។

របាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) ប្រចាំ​ឆ្នាំ​ ២០១៨ បានបង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​បាន​បង្កើន​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ចំនួន ២ ៨៧០, ៦៥ មេហ្គាវ៉ាត់​ នៅក្នុង​ឆ្នាំ​ ២០១៩ កើនឡើង​ពី ២ ៦៥០,២៦ មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ ២០១៨៕ LA