ភ្នំពេញៈ ជំនាញភាសាអង់គ្លេសរបស់ពលរដ្ឋកម្ពុជានឹងមិនមែនជាឧបសគ្គសម្រាប់ ការប្រកួតប្រជែងនៃតម្រូវការទីផ្សារក្នុងតំបន់ទេ ទោះបីជាការសិក្សាមួយរបស់ក្រុមហ៊ុន Education First (EF) បង្ហាញថា កម្រិតនៃជំនាញភាសាអង់គ្លេសរបស់ពលរដ្ឋកម្ពុជានៅទាបបំផុតក្នុងតំបន់ក៏ដោយ។ នេះបើតាមអ្នកជំនាញក្នុងវិស័យអប់រំ។

កម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេស មានប្រជាជនមានភាពស្ទាត់ជំនាញផ្នែកភាសាអង់គ្លេសកម្រិតទាបបំផុតក្នុងការសិក្សាមួយរបស់ក្រុមហ៊ុនផ្នែកអប់រំឈ្មោះ EF ដោយបានចាត់ថ្នាក់កម្ពុជាស្ថិតនៅលេខរៀង ៧៧ ក្នុងចំណោមប្រទេស ៨០ ដែលត្រូវបានសិក្សា។

យោងតាមការបោះពុម្ពផ្សាយលើកទី ៧ នៃសន្ទស្សន៍ជំនាញភាសាអង់គ្លេសរបស់ EF មានមូលដ្ឋាននៅប្រទេស ស៊ុយអែត កម្ពុជាទទួលបានពិន្ទុ ៤០,៨៦ នៃសន្ទស្សន៍ជំនាញភាសាអង់គ្លេសកើនឡើងបន្តិចពី ៣៩,៤៨ ពិន្ទុ នៅក្នុងការបោះពុម្ពផ្សាយលើកទី ៦ របស់ខ្លួន។

ការសិក្សាបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី ៧៧ លើប្រទេស ឡាវ ដែលជាប់ចំណាត់ថ្នាក់ទី ៨០។ ប្រទេស ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់ទី ១៣ ហ្វីលីពីន ទី ១៥ វៀតណាម ទី ៣៤ ឥណ្ឌូនេស៊ី ទី ៣៩ និងថៃ ទី ៥៣។ សិង្ហបុរីឈរនៅលំដាប់លេខ ៥ ខណៈ មីយ៉ាន់ម៉ា និងប៊្រុយណេ មិនត្រូវបានដាក់បញ្ចូលក្នុងការសិក្សានេះទេ។

ការសិក្សាបង្ហាញថា៖ «សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ការផ្លាស់ប្តូរពីផលិតកម្មទៅសេដ្ឋកិច្ចពឹងលើចំណេះដឹង តម្រូវឲ្យមនុស្សពេញវ័យមានជំនាញភាសាអង់គ្លេសខ្លាំង ដែលអាចសហការជាអន្តរជាតិ»។

ការសិក្សានេះផ្អែកលើទិន្នន័យបានពីអ្នកចូលរួមធ្វើតេស្ដជាង១លាននាក់ ដែលបានបញ្ចប់ ៣ កម្រិតផ្សេងៗគ្នា នៃ តេស្ដភាសាអង់គ្លេសស្ដង់ដារ EF (EFSET) កាលពីឆ្នាំ ២០១៧។

ទោះបីយ៉ាងនេះក្តី ការសិក្សាមិនបានលម្អិតចំនួនអ្នកធ្វើតេស្ដមកពីកម្ពុជានោះទេ គ្រាន់តែបញ្ជាក់ថា មានតែប្រទេសដែលមានអ្នកធ្វើតេស្ដអប្បបរមា ៤០០ ប៉ុណ្ណោះ ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសន្ទស្សន៍នេះ។

យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកវិស័យអប់រំកម្ពុជា លើកឡើងថា ការរកឃើញនៅក្នុងរបាយការណ៍នេះហាក់មិនបានឆ្លុះបញ្ចាំងពីសមត្ថភាពជាក់ស្តែងរបស់ប្រជាជនកម្ពុជាទាក់ទងនឹងជំនាញភាសាអង់គ្លេសទេ។

លោក ប៉ិច ប៉ូឡែន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនផ្នែកអប់រំ Westline Education Group បានឲ្យដឹងថា បច្ចុប្បន្នពលរដ្ឋនៅទីក្រុងភ្នំពេញ និងតំបន់ទីក្រុងតាមខេត្តកំពុងបង្ហាញពីចំណេះដឹងភាសាអង់គ្លេសកាន់តែល្អ។

លោកថ្លែងថា៖ «សមត្ថភាពរបស់ពលរដ្ឋកម្ពុជា ដែលប្រើប្រាស់ភាសាអង់គ្លេសត្រឹមត្រូវ បានរីកចម្រើនយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ»។

លោកបន្ថែមថា និស្សិតកម្ពុជា បានឈ្នះពានរង្វាន់ប្រកួតជើងឯកនិយាយជាសាធារណៈកម្រិតពិភពលោកកាល ពីឆ្នាំ២០១៥ ដែលត្រូវបានចូលរួមដោយនិស្សិតមកពី ១១៥ ប្រទេស។

លោកបញ្ជាក់ថា៖ «បើយើងប្រៀបធៀបចំណេះដឹងភាសាអង់គ្លេសរបស់សហគ្រិនកម្ពុជា និងបណ្ដាប្រទេសជិតខាងផ្សេងទៀតដូចជា ថៃ ឡាវ និងវៀតណាម មិនរាប់បញ្ចូល ហ្វីលីពីន ឬសិង្ហបុរី ព្រោះភាសាអង់គ្លេសត្រូវបានប្រើប្រាស់ជាភាសាទី២ ខ្ញុំគិតថា សមត្ថភាពរបស់សហគ្រិនកម្ពុជារបស់យើង មានសមត្ថភាពប្រកួតប្រជែង ឬកាន់តែប្រសើរឡើង»។

ខណៈទទួលស្គាល់ពីភាពខ្សោយខាងជំនាញចំណេះបច្ចេកទេស លោក មីុ កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល នៅសាកលវិទ្យាល័យភូមិន្នភ្នំពេញមិនយល់ស្របជាមួយនឹងការរកឃើញនេះទេ។

លោកថ្លែងថា៖ «ជំនាញចំណេះដឹងភាសាអង់គ្លេស ក្នុងចំណោមប្រជាជនកម្ពុជា មិនមែនជាបញ្ហានោះទេ តែការបារម្ភអំពីចំណេះបច្ចេកទេស ដែលនៅតែខ្សោយនៅឡើយ។ ទាក់ទងនឹងការគិតបែបវិភាគ ឡូស៊ិក យើងនៅតែតាមមិនទាន់ប្រទេសជិតខាងរបស់យើង»។

កម្ពុជា បានមើលឃើញពីកំណើននៃការវិនិយោគលើវិស័យអប់រំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលភាសាអង់គ្លេសត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយចាប់តាំងពីកម្រិតមត្តេយ្យ ដែលបានរួមចំណែកពីការចូលមកនៃការវិនិយោគឯកជន៕LA