
ទីស្នាក់ការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ រូបថត ហ្វេសប៊ុក CDC
ភ្នំពេញៈ ការស្នើសុំចុះបញ្ជីក្រុមហ៊ុននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញពីកំណើនជាបន្តបន្ទាប់នាពេលនេះ បើទោះបីជាកម្ពុជាកំពុងខ្វះខាតវត្ថុធាតុដើមមួយចំនួនសម្រាប់បម្រើឲ្យចង្វាក់ផលិតកម្មក្នុងស្រុក និងការបាត់បង់សិទ្ធិអនុគ្រោះពន្ធមួយចំនួនពីការនាំចេញទំនិញទៅកាន់ទីផ្សារសហភាពអឺរ៉ុបនាពេលខាងមុខក៏ដោយ។
តាមរយៈកិច្ចប្រជុំ «ច្រកចេញ-ចូលតែមួយ» របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃពុធមានគម្រោងថ្មីចំនួន ១៥ ដែលត្រូវបានយកមកពិនិត្យ និងពិភាក្សាលើកមតិសុំការពិនិត្យសម្រេចពីរាជរដ្ឋាភិបាលដែលគម្រោងទាំងនោះមានទឹកប្រាក់ប្រមាណ ៥៣៩ លានដុល្លារ។
គម្រោងទាំងនោះមានដូចជា គម្រោងវិនិយោគផលិត និងផ្គុំដំឡើងបន្ទះសូឡា Transformer, Switchboard, ខ្សែភ្លើង និងសម្ភារបរិក្ខារអគ្គិសនី ការវិនិយោគរោងចក្រផលិតសម្បកកង់រថយន្ត និងគ្រឿងបង្គុំកង់រថយន្ត គម្រោងវិនិយោគសណ្ឋាគារផ្កាយ ៣ គម្រោងបង្កើតកសិដ្ឋានដាំចេក គម្រោងបង្កើតរោងចក្រកែច្នៃ និងផលិតម្សៅមីគម្រោងសាងសង់រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគម្រោងសាងសង់មន្ទីរពហុព្យាបាល រោងចក្រកែច្នៃដែក និងរោងចក្រផលិតស្បោងប្លាស្ទិកជាដើម។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ភាពល្អប្រសើរនៃទំនាក់ទំនងផ្នែកនយោបាយ និងពាណិជ្ជកម្មជាមួយប្រទេសជាច្រើនលើពិភពលោក ពិសេសមហាយក្សចិន គឺជាមូលហេតុសំខាន់ដែលជំរុញឲ្យមានក្រុមហ៊ុនបរទេសជាច្រើនចាប់អារម្មណ៍ចូលមកបណ្តាក់ទុននៅកម្ពុជា។ លោកបន្តថាជាមួយនឹងការទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់នេះ លោកគិតថាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ នេះនឹងមិនអាចធ្លាក់ចុះច្រើនពីកំណើនជាង ៧ ភាគរយកាលពីឆ្នាំ ២០១៩ នោះទេទោះជាមានបញ្ហាកូវីដ ១៩ និងការដកយកពន្ធ EBA ២០ ភាគរយក៏ដោយ។
លោកថ្លែងថា៖ «ចាប់តាំងពីដើមឆ្នាំ ២០២០ មកខ្ញុំឃើញមានគម្រោងវិនិយោគជាច្រើនបានដាក់ពាក្យស្នើសុំ និងទទួលបានការយល់ព្រមពី CDC ដែលភាគច្រើននៃគម្រោងទាំងអស់នោះគឺមកពីប្រទេសចិន»។
លោកប្រាប់ទៀតថា ការទទួលបានការវិនិយោគផ្ទាល់ពីបរទេស ពិសេសប្រទេសចិននឹងចូលរួមចំណែកក្នុងការជួយបង្កើតការងារថ្មីសម្រាប់ប្រជាជន ដើម្បីប៉ះប៉ូវការបាត់បង់ការងាររបស់កម្មករនៅក្នុងវិស័យវាយនភណ្ឌមួយចំនួន។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថា ទន្ទឹមនឹងវត្ថុធាតុដើមសម្រាប់ទ្រទ្រង់ដល់ការផលិតនៅកម្ពុជាត្រូវបានបញ្ជូនពីប្រទេសចិនជាបន្តបន្ទាប់ លោកគិតថាដំណើរការផលិត និងការត្រៀមបើកដំណើរការផលិតកម្មថ្មីៗនៅកម្ពុជានឹងកើនឡើងច្រើនចាប់ពីពេលនេះតទៅ ដោយលើកលែងតែក្នុងវិស័យទេសចរណ៍មួយចេញ។
លោកលើកឡើងថា៖ «តាមរយៈកំណើននៃការសុំចុះបញ្ជីនៅ CDC ខ្ញុំអាចនិយាយថា កម្ពុជាជាប្រទេសដែលមានសក្តានុពលលើគ្រប់វិស័យ ព្រោះមិនត្រឹមតែការផលិតសម្ភារសម្រាប់នាំចេញប៉ុណ្ណោះទេ តែក៏មានគម្រោងអភិវឌ្ឍន៍មួយចំនួនដែលវិនិយោគដើម្បីគាំទ្រដល់ចង្វាក់ផលិតសម្រាប់នាំចេញផងដែរ»។
លោកពន្យល់ថា គម្រោងអភិវឌ្ឍន៍ដែលវិនិយោគដើម្បីគាំទ្រដល់ចង្វាក់ផលិតសម្រាប់នាំចេញមានដូចជារោងចក្រអគ្គិសនីជាដើម។
អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោក សុក ចិន្តាសោភា កាលពីចុងខែកុម្ភៈបាននិយាយថា បើទោះបីកម្ពុជាកំពុងទទួលរងឥទ្ធិពលអវិជ្ជមានពីការផ្ទុះឡើងនៃជំងឺដែលបង្កឡើងដោយវីរុសកូវីដ ១៩ និងត្រូវបាត់បង់ការផ្តល់ភាពអនុគ្រោះពន្ធ ២០ ភាគរយសម្រាប់ការនាំចូលទៅសហភាពអឺរ៉ុបក្នុងខែសីហា ខាងមុខ ប៉ុន្តែការដាក់ពាក្យស្នើសុំការចុះបញ្ជីនៅ CDC មិនបានធ្លាក់ចុះទេ។ លោកបន្តថា កម្ពុជាមានយុទ្ធសាស្ត្រជាច្រើនក្នុងការរក្សា និងបន្តការទាក់ទាញការវិនិយោគថ្មីៗចូលមកកម្ពុជាផងដែរ។
លោកថ្លែងថា៖ «មានការផ្អាក និងបិទគម្រោងខ្លះ ប៉ុន្តែទន្ទឹមនឹងនោះក៏មានអ្នកថ្មីមកដែរ»៕ LA