ភ្នំពេញៈ ការស្នើសុំឥណទានពីកម្មវិធីពិសេសរបស់រដ្ឋាភិបាលដែលមានទឹកប្រាក់ ៥០ លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានកើនដល់ទឹកប្រាក់ជាង ៣៧ លានដុល្លារ ហើយគិតត្រឹមថ្ងៃទី ៩ ខែកក្កដា នេះ។
លោក កៅ ថាច អគ្គនាយក ARDB ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា បច្ចុប្បន្ន ARDB ទទួលបានពាក្យស្នើកម្ចីពីហិរញ្ញប្បទានពិសេសរបស់រដ្ឋាភិបាលកើនដល់ជាង ៣៥០ ពាក្យដែលមានទឹកប្រាក់ជាង ៣៧ លានដុល្លារចាប់តាំងពីរដ្ឋាភិបាលបញ្ចេញមូលនិធិ ៥០ លានដុល្លារជាផ្លូវការកាលពីខែមីនា ខណៈទឹកប្រាក់កម្ចីជាង ១០ លានដុល្លារត្រូវបានអនុម័តរួចរាល់ហើយ។
លោកបានថ្លែងថា៖ «អ្នកចិញ្ចឹមត្រី និងសត្វបានដាក់ពាក្យស្នើសុំកម្ចីច្រើនជាងគេ បន្ទាប់មកអ្នកដាំបន្លែផ្លែឈើ»។
លោកបានបន្ថែមថា៖ «ការអនុម័តប្រាក់បានប៉ុណ្ណឹង គឺដោយសារការបំពេញនីតិវិធីលើឯកសារមួយចំនួននៅមូលដ្ឋានមានការយឺតយ៉ាវ ដែលនាំឲ្យការអនុម័តរបស់យើងក៏យឺតទៅតាមហ្នឹងដែរ»។
រដ្ឋាភិបាលកម្ពុជាបានបញ្ចេញមូលនិធិ ៥០ លានដុល្លារជាផ្លូវការកាលពីខែមីនាទៅឲ្យ ARDB សម្រាប់ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យកសិឧស្សាហកម្មក្នុងអត្រាការប្រាក់ទាប។
លោក កៅ ថាច បានឲ្យដឹងទៀតថា ឥណទាននេះនឹងផ្តល់លទ្ធភាពឲ្យសហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យកសិឧស្សាហកម្មពង្រីកអាជីវកម្ម និងខ្សែចង្វាក់ផលិតកម្មរបស់ពួកគេបន្ថែមទៀតក្នុងគោលដៅពង្រឹងភាពប្រកួតប្រជែង និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
លោកបញ្ជាក់ថា៖ «យើងនៅតែបន្តអំពាវនាវ និងលើកទឹកចិត្តឲ្យបងប្អូនរួសរាន់រៀបចំឯកសារស្នើសុំកម្ចីពីឥណទានពិសេសរបស់យើងក្នុងករណីបងប្អូនត្រូវការដើមទុនពង្រីកអាជីវកម្មរបស់ខ្លួន»។
កសិករចិញ្ចឹមបង្កងនៅខេត្តបន្ទាយមានជ័យ ១ រូបសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោកកំពុងពិចារណាដាក់ពាក្យស្នើសុំកម្ចីប្រាក់ពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រដ្ឋាភិបាលតាមរយៈធនាគារ ARDB ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។ លោកបានបន្តថា បង្កងមានទីផ្សារក្នុងស្រុកល្អដោយមានតម្លៃ ៣០ ដុល្លារក្នុង ១ គីឡូក្រាម។
លោកនិយាយថា៖ «ខ្ញុំចាប់អារម្មណ៍ខ្ចីប្រាក់ពីធនាគារនេះ ព្រោះអត្រាការប្រាក់ទាប សព្វថ្ងៃខ្ញុំទើបនឹងចាប់ផ្តើមចិញ្ចឹមបង្កងចំនួនជាង ៤ ០០០ ក្បាល ហើយខ្ញុំចង់បានទុនបន្ថែមដើម្បីពង្រីកការចិញ្ចឹមឲ្យបានច្រើនជាងនេះ»។
បច្ចុប្បន្ន ARDB បានផ្តល់កម្ចីចាប់ពី ១០ ០០០-៣០០ ០០០ ដុល្លារ ជាមួយនឹងអត្រាការប្រាក់ ៥ ភាគរយក្នុង ១ ឆ្នាំសម្រាប់ទុនបង្វិល និង ៥,៥ ភាគរយសម្រាប់ទុនវិនិយោគដោយមិនគិតកម្រៃសេវាផ្សេងៗ។
យោងតាមលោក កៅ ថាច ARDB អាចនឹងទទួលបានចំណែកខ្លះទៀតពីហិរញ្ញប្បទាន ៣០០ លានដុល្លារ របស់ក្រសួងសេដ្ឋកិច្ច ដែលបានត្រៀមថវិកាសម្រាប់ហិរញ្ញប្បទានបន្ថែម ដើម្បីគាំទ្រក្នុងការជំរុញកំណើនតាមវិស័យសំខាន់ៗក្នុងអំឡុងពេល និងក្រោយពេលវិបត្តិជំងឺកូវីដ ១៩៕ LA