ភ្នំពេញៈ ការបន្ថែម​ចម្ងាយ​ផ្លូវ​រត់នៅ​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ​នឹង​ជួយ​ជំរុញ​ឲ្យ​ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ប្រទេស​នានា​លើ​ពិភពលោក​កាន់​តែមាន​សក្តានុពល​ខ្លាំង​។ នេះ​បើតាម​អ្នកជំនាញ​នៅ​កម្ពុជា​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​» កាលពី​សប្តាហ៍​មុន​លោក ជា អូន រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ឲ្យ​ដឹងថា ការសង់​ផ្លូវ​រត់​បន្ថែម​ពី ២ ៥០០ ​ម៉ែត្រ​ដល់ ៣៣០០ ​ម៉ែត្រ​ក្នុង​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ​នឹង​ត្រូវ​បញ្ចប់​ក្នុង​ខែមិថុនា​។ លោក​បន្តថា ពេល​ផ្លូវ​នេះ​រួចរាល់ វា​នឹង​អនុញ្ញាត​ឲ្យ​យន្តហោះ​ហោះ​ចម្ងាយ​ឆ្ងាយ​ហោះ​ផ្ទាល់​មក​កម្ពុជា​បាន​។

លោក​ថ្លែងថា​៖ «​នៅពេល​នេះ​យើង​បានបញ្ចប់​ការពន្លូត​ប្រវែង​ផ្លូវ​រត់​នេះ​បាន ២ ៥០០ ​ម៉ែត្រ​រួចហើយ ដោយ​បច្ចុប្បន្ន​យើង​កំពុង​បន្ត​ធ្វើការ​ជាមួយ​ក្រុមហ៊ុន SCA លើ​ចម្ងាយ ៨០០ ​ម៉ែត្រ​ទៀត ដើម្បី​ឲ្យ​គ្រប់​ប្រវែង ៣ ៣០០ ​ម៉ែត្រ​។ នៅ​ចុងខែ​មិថុនា​នេះ​យើង​នឹង​ចប់​ផ្លូវ​រត់ (Runways) ​នេះ​នឹង​អនុញ្ញាត​ឲ្យ​យន្តហោះ​ប្រភេទ​ធំៗ​ចុះ និង​ឡើង​បាន​»​។

បើ​តាម​លោក ជា អូន អាកាសយានដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​អាច​ទទួល​បាន​យន្តហោះ​ដែល​ហោះ​ក្នុង​រង្វង់ ៦ ​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់ពី​មាន​ការពង្រីក​ចម្ងាយ​ផ្លូវ​គឺ​អាច​ទទួល​យន្តហោះ ហោះ ១២ ​ម៉ោង​បាន (​ទៅដល់​ប៉ារីស​)​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការពង្រីក​ផ្លូវ​ហោះហើរ​មិន​ត្រឹមតែ​ជួយ​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ តែ​វា​នឹងចូលរួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការពង្រីក​ទីផ្សារ​ផលិតផល​កសិកម្ម​កម្ពុជា​ទៅកាន់​ប្រទេស​ជាច្រើន​។

លោក​ថ្លែងថា​៖ «​នៅពេល​ការហោះហើរ​ត្រង់​ធ្វើ​បាន​កាន់តែ​ឆ្ងាយ ឱកាស​នាំចេញ​ផលិតផល​កសិកម្ម ពិសេស​បន្លែស្រស់ និង​ផ្លែឈើ​ស្រស់​ដែល​ដាំដុះ​នៅ​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​នៅ​ឆ្ងាយៗ​មាន​កាន់តែច្រើន​»​។

បច្ចុប្បន្ន​ការដឹកជញ្ជូន​ទំនិញ​កម្ពុជា​តាម​ផ្លូវ​អាកាស​មាន​ជាង ១០ ​ភាគរយ​ក្រៅពី​នោះ​ជា​ការដឹក​តាម​ផ្លូវទឹក​។ នេះ​បើតាម​លោក ចន្ធី​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក ហុង វណ្ណៈ បាន​និយាយ​ថា ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ធ្វើដំណើរ និង​ដឹកជញ្ជូន​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការទាក់ទាញ​អ្នកវិនិយោគ​មក​ឲ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ព្រោះ​ការវិនិយោគ​ទាំងអស់​សុទ្ធតែ​ត្រូវការ​ដឹកជញ្ជូន​ទំនិញ​ទៅ​លក់​នៅលើ​ទីផ្សារ​។ លោក​បន្តថា​៖ «​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​មួយ​ការរៀបចំ​គ្រឹះហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច គឺជា​ការចាំបាច់​»​។

លោក តាំង សុចិត្រគ្រឹះស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លើកឡើង​ថា ការតភ្ជាប់​ការហោះហើរ​ទៅកាន់​គោលដៅ​កាន់តែ​ច្រើន និង​ឆ្ងាយ​នឹង​ជួយ​ធ្វើឲ្យ​វិស័យ​ទេសចរណ៍​កាន់តែ​មាន​ឧត្តមភាព ហើយ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​ក៏​នឹង​មាន​កំណើន​ផងដែរ​។ លោក​លើក​ឡើង​ថា នៅពេល​វិស័យ​ដឹកជញ្ជូន​ខ្លាំង វិស័យសេដ្ឋកិច្ច​កម្ពុជា​ក៏​កើនឡើង​ដែរ​។

លោក​ថ្លែងថា​៖ «​ការបន្ថែម​ចម្ងាយ​ហោះហើរ វា​នឹង​ជួយ​ដល់​វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​លើ​គ្រប់​វិស័យ​»៕ LA