ភ្នំពេញៈ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា (SECC) បានអះអាងថា SECC នឹងអនុម័តលើពាក្យសុំរបស់ធនាគារពាណិជ្ជសំខាន់ ២ នៅត្រីមាសដំបូងឆ្នាំ ២០២០ នេះ ដើម្បីបើកផ្លូវឲ្យពួកគេជួញដូរភាគហ៊ុន និងបណ្ណបំណុលនៅលើផ្សារមូលបត្រកម្ពុជា (CSX)។
អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជដំបូងដែលបានទទួលការយល់ព្រមជាគោលការណ៍លើការពិនិត្យលទ្ធភាពស្នើសុំចុះបញ្ជីមូលបត្រពីផ្សារមូលបត្រកម្ពុជា (CSX) ខណៈដែលធនាគារ PPCBank ទទួលបានដូចគ្នាលើការចុះបញ្ជីមូលបត្របំណុល។
លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា (SECC) បានប្រាប់ភ្នំពេញ- ប៉ុស្តិ៍កាលពីសប្តាហ៍មុនថា SECC នឹងដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមួយដើម្បីត្រួតពិនិត្យការដាក់ពាក្យសុំរបស់ធនាគារទាំង ២ មុនពេលកិច្ចប្រជុំ សម្រាប់ការយល់ព្រមពីលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅពេលណាមួយនៅត្រីមាសទី ១នេះ។
លោកថ្លែងថា៖ «យើងនឹងធ្វើវានៅត្រីមាសទី ១ ឆ្នាំនេះ។ យើងនឹងដំណើរការលើការដាក់ពាក្យសុំរបស់អេស៊ីលីដា និងធនាគារ PPCB នៅពេលតែមួយ»។
លោក Shin Chang Moo ប្រធានធនាគារ PPCBank បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ធនាគារនៅមិនទាន់បានកំណត់ទំហំនៃមូលបត្របំណុលនៅឡើយទេ ខណៈលោកចាំបាច់ត្រូវមានកិច្ចប្រជុំ ២-៣ ដងបន្ថែមទៀតជាមួយ SECC CSX និងភ្នាក់ងារធានាទិញមូលបត្រ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីដាថ្លែងថា៖ «ភាគទុនិករបស់យើងបានយល់ព្រមជាឯកច្ឆន្ទថា ធនាគារនេះគួរតែឡើងផ្សារហ៊ុន ដើម្បីធ្វើពិពិធកម្មប្រភពនៃការផ្ដល់មូលនិធិនិងប្រើប្រាស់ទីផ្សារមូលធនកម្ពុជាសម្រាប់កំណើននៅពេលអនាគត»៕LA