ភ្នំពេញៈ អ្នក​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​មាន​សុទិដ្ឋិនិយម​ថា ប្រទេស​កម្ពុជា​ នឹង​កា្លយ​ជា​ទិសដៅ​គួរឱ្យ​ទាក់ទាញ និង​ការវិនិយោគ​ប្រកប​ដោយ​ភាពប្រកួតប្រជែង បើ​កម្ពុជា​អនុវត្ត​ថាមពល​ស្អាត​ប្រកប​ដោយ​ចីរភាព​។

លោកស្រី Karolien Caser-Diez តំណាង​ប្រចាំ​ប្រទេស​របស់​វិទ្យាស្ថាន​កំណើន​បៃតង​ពិភពលោក GGGI Cambodia បានឱ្យដឹង​នៅក្នុង​អំឡុង​កិច្ចពិភាក្សា​នៅ​សភាពាណិជ្ជកម្ម​អឺរ៉ុប​កាលពី​ថ្ងៃទី​ ១៤ ខែមករា ស្ដីពី «​តើ​យីហោ​អឺរ៉ុប​អាច​សម្រេច​បាន​ទិសដៅ​អាកាសធាតុ​ពិភពលោក​ផ្សេងទៀត​នៅ​ប្រទេស​កម្ពុជា​​ បាន​ដូចម្ដេច​»​។ ព្រឹត្តិការណ៍​នេះ​ប្រមូលផ្ដុំ​គ្នា​នូវ​ដៃគូ​អភិវឌ្ឍន៍ ដែល​ធ្វើការ​ក្នុង​វិស័យ​ថាមពល​ប្រកបដោយ​ចីរភាព រួមជាមួយ​នឹង​តំណាង​ជាច្រើន​មកពី​ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន H&M Group ដែលជា​សមាជិក RE100​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹងថា Switch Garment គឺជា​គម្រោង​កម្មវិធី SWITCH អាស៊ី​អឺរ៉ុប​បាន​អនុវត្ត​ដោយ​វិទ្យាស្ថាន​កំណើន​បៃតង​ពិភពលោក​ (GGGI)​។ Switch Garment លើកកម្ពស់​ការអនុវត្ត​ថាមពល​ប្រកបដោយ​ចីរភាព​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​របស់​ប្រទេស​កម្ពុជា ដែល​ផ្ដល់​ការងារ​ដល់​ប្រជាជន​ជាង ៨០០ ០០០ ​នាក់ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ (GMAC) ​និង​ដៃគូ​បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​គម្រោង Switch Garment ថាមពល​ស្អាត​បច្ចេកវិទ្យា​បៃតង​កាលពី​ខែកញ្ញា ឆ្នាំមុន​។

លោកស្រី Karolien ពន្យល់ថា​៖ «​រោងចក្រ​ជាច្រើន​ដែល​យើង​បាន​ចូលរួម​ជាមួយ​កំពុង​ចាប់ផ្ដើម​មើលឃើញ​សមត្ថភាព​ប្រកួតប្រជែង​បៃតង​ស្មើគ្នា​។ ដោយសារ​គំនិត​ផ្តួចផ្ដើម​ដូច RE100 រោងចក្រ​ជាច្រើន​យល់ថា ភាព​បៃតង គឺជា​អត្ថប្រយោជន៍​ជា​យុទ្ធសាស្ដ្រ​មួយ និង​អាចជួយ​ពួកគេ​ទទួល​បាន​កិច្ចសន្យា​ជាមួយ​យីហោ​អន្តរជាតិ​ជាច្រើន​»​។

RE100 គឺជា​គំនិត​ផ្តួចផ្ដើម​ពិភពលោក​ដែល​ចូលរួម​ដោយ​ក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក និង​បាន​ប្ដេជ្ញា​សម្រេច​ឱ្យបាន​ថាមពល​កកើត​ឡើងវិញ ១០០ ​ភាគរយ​។

លោក Peter Ford ទទួលបន្ទុក​និរន្តរភាព​បរិស្ថាន​នៅ​ក្រុមហ៊ុន H&M Group ​ប្រចាំ​ប្រទេស​កម្ពុជា វៀតណាម និង​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​ពី​ភាពពិសេស​នៃ​ការសម្រេច​បាន​ទិសដៅ​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​វា​នឹងមាន​ការពិបាក​ក្នុងការ​សម្រេចបាន​តាម​ទិសដៅ​របស់ RE100 ក្នុង​តំបន់​មួយ​ដែលមាន​ថាមពល​ដំណើរការ​ដោយ​ធ្យូងថ្ម​ស្ទើរតែ​ទាំងស្រុង​»​។ លោក​បន្តទៀតថា​៖ «​ទិសដៅ​ពិភពលោក​របស់​យើង​ច្បាស់​ណាស់​គឺ​អាកាសធាតុ​អព្យាក្រឹត​ត្រឹម​ឆ្នាំ​ ២០៣០ និង​អាកាសធាតុ​វិជ្ជមាន​ត្រឹម​ឆ្នាំ​ ២០៤០​។ បណ្ដា​ប្រទេស​នានា​អាច​ធ្វើ​ការងារ​ជាមួយ​ពួកយើង ដើម្បី​សម្រេច​បាន​ទិសដៅ​ទាំងនោះ​ភ្លាមៗ​និង​កាន់តែ​ទាក់ទាញ​»​។

អ្នកចូលរួម​ក្នុង​កិច្ចពិភាក្សា​នោះ​លោក Matthew Armstrong បាន​ជំរុញ​ឱ្យ​អ្នក​ចូលរួម​ត្រូវ​មើល​ឱ្យ​ឃើញ​ថា ការងារ​នេះ​គឺជា​ឱកាស​។ លោក​បន្ត​​ថា​៖ «​តើ​យីហោ​ទាំងនេះ​នឹង​រីកចម្រើន និង​ការវិនិយោគ​បន្ថែម​ដែរ​ឬ​ទេ បើ​កម្ពុជា​ពង្រឹង​ថាមពល​អគ្គិសនី​ខ្លួន​ឆ្ពោះ​ទៅ​រក​ថាមពល​បៃតង​? ចម្លើយ​គឺ​ផលិតផល​កម្ពុជា គឺជា​យីហោ​មួយ ចូរ​យក​ការងារ​នេះ​ធ្វើជា​ឱកាស​ក្នុងការ​ធ្វើឱ្យ​ទិសដៅ​នេះ​ក្លាយជា​យីហោ​កាន់តែ​ល្អប្រសើរ​»៕ LA