ភ្នំពេញ៖ លោកស្រី ជា សិរី ជំនួយការ​លោក​ទេសាភិបាល​នៅ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ឱ្យ​ដឹង​ថា កម្ពុជា​នៅ​តែ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ការ​ទូទាត់ និង​សេវា​ឌីជីថល​ដែល​តម្រូវ​ឱ្យ​មាន​ការ​សហការ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ក្រុមហ៊ុន​ឧស្សាហកម្ម និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ប្រកៀក​ស្មា​គ្នា ដើម្បី​ឆ្ពោះទៅ​ពិភព​ឌីជីថល។

លោកស្រី ជា សិរី បន្ត​ថា ក្នុង​អំឡុង​ពេល​ក្រៅ​ជំនួប​នៃ​កិច្ច​ប្រជុំ​តាម​វីដេអូ​ស្ដីពី «ការ​គ្រប់គ្រង​បច្ចេកវិទ្យា​សម្រាប់​ការ​ស្ទុះ​ងើប​ឡើង​វិញ ​ក្រោយ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ និង​ភាព​ធន់» នៅ​ក្នុង​សន្និសីទ​ស្តីអំពី​ការ​អភិវឌ្ឍ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កាល​ពី​រសៀល​ថ្ងៃទី ១៧ ខែ​មីនា ថា សេវា និង​ការ​ទូទាត់​ឌីជីថល​របស់​ប្រទេស​កម្ពុជា ​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដូចជា​ការ​ដាក់​បញ្ចូល​អតិថិជន​ថ្មីៗ​ទៅ​ក្នុង​ពិភព​ការ​ទូទាត់​បែប​ឌីជីថល​នៅ​លើ​កម្មវិធី​ឌីជីថល «KYC» ដែល​និយតករ​កំពុង​រៀបចំ​ផែនការ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល។

លោកស្រី​ថ្លែង​ថា៖ «កាល​ពី​ឆ្នាំ​មុន ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជួប​ជាមួយ​បណ្តា​ប្រតិបត្តិករ​ក្នុង​ឧស្សាហកម្ម នេះ​ហើយ យើង​បាន​យល់ព្រម​ថា យើង​ចាំ​បាច់​ត្រូវ​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ទៅ​លើ​កម្មវិធី KYC របស់​យើង ដូច្នេះ​ប្រជាជន​យើង​នឹង​មិនមាន​បញ្ហា​ក្នុង​ការ​ចូល​ប្រើប្រាស់​ឡើយ។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ ធនាគារជាតិ​ក៏​កំពុង​ធ្វើ​ការងារ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ​ដើម្បី​បង្កើន​ល្បឿន​កម្មវិធី KYC ឌីជីថល​នេះ»។

លោកស្រី​បាន​បន្ត​ថា ចំពោះ​ឧបសគ្គ​ទី២ គឺ​ការ​ដាក់​បញ្ចូល​អ្នក​ផ្គត់ផ្គង់​ថ្មី​នៃ​កម្មវិធី​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដែល​ភាគ​ច្រើន​ដោយសារ​តែ​កង្វះ​អក្ខរកម្ម​ឌីជីថល និង​ផ្លេតហ្វម​របស់​វា។

លោកស្រី​បញ្ជាក់៖ «ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​ប្រភេទ​នៃ​ការ​តាម​ដាន​រហ័ស និង​ច្បាប់​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដោយ​សង្ឃឹម​ថា វា​នឹង​ផ្ដល់​ការ​បញ្ជាក់​បន្ថែម​ទៀត​លើ​តួនាទី និង​ទំនួល​ខុស​ត្រូវ​របស់​អ្នក​អនុវត្ត​នីមួយៗ ក្នុង​គោល​បំណង ​ដើម្បី​លើក​កម្ពស់​ទំនុក​ចិត្ត​ជាមួយ​ប្រព័ន្ធ​អេកូស៊ី​ស្ដែម។ អ្វីដែល​យើង​បាន​អង្កេត​នោះ​គឺ​ថា នៅ​ពេល​ប្រជាជន​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ពាណិជ្ជកម្ម​អេឡិចត្រូនិក ការ​ទូទាត់​គឺ​នៅ​តែ​ផ្ដល់​ជូន​ដោយ​ផ្ទាល់ វា​ក៏​អាច​រារាំង​ដល់​ឌីជីថល​ទាំងមូល»។

ទន្ទឹម​នឹង​នេះ សម្រាប់​ឧបសគ្គ​ទី៣ ដែល NBC អង្កេត​ឃើញ គឺ​ទាក់ទិន​ទៅ​នឹង​តម្លៃ​សមរម្យ និង​ហេដ្ឋា​រចនាសម្ព័ន្ធ ​ICT និង​ការ​ផ្គត់ផ្គង់​អគ្គិសនី​ប្រកប​ដោយ​និរន្តរភាព​ដែល​ប្រទេស​កម្ពុជា បាន​ធ្វើ​ឱ្យ​មាន​ការរីក​ចម្រើន​យ៉ាង​ខ្លាំង​ដោយ​មាន​ប្រជាជន​ជាង ៩០ ភាគរយ ​មាន​អគ្គិសនី​ប្រើប្រាស់។

លោកស្រី សិរី បញ្ជាក់៖ «ទាក់ទង​នឹង​ចំណែក​ទីផ្សារ​អ៊ីនធឺណិត យើង​មាន​ប្រហែល ៥៨ ភាគរយ ​នៃ​ប្រជាជន​មាន​លទ្ធភាព​ប្រើប្រាស់​អ៊ីនធឺណិត ប៉ុន្តែ​បញ្ហា​មួយ​ដែល​ខ្ញុំ​កត់​សម្គាល់​ឃើញ​ផង​ដែរ ​គឺ​សេវា​អ៊ីនធឺណិត​របស់​យើង​គឺ ប្រហែល​ជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​តម្លៃ​ទាប​បំផុត​នៅលើ​ពិភពលោក»។

លោកស្រី​បន្ត៖ «ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​យើង​លើ​ការ​ទូទាត់​ឌីជីថល ប្រជាជន​ជា​ច្រើន​មិន​មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​នោះ​ទេ​។ វា​ពិត​ជា​រឿង​គួរ​ឱ្យ​ចង់​អស់​សំណើច​ក្នុង​ន័យ​នេះ ដែល​យើង​ជំរុញ​អ្វីៗ​គ្រប់​យ៉ាង​ទៅ​រក «ឌីជីថល» ប៉ុន្តែ​យើង​ភ្លេច​អំពី​អត្ថន័យ​ជា​មូលដ្ឋាន ចំពោះ​លទ្ធភាព​ទទួល​បាន​ការ​ប្រើប្រាស់​ពិភព​ឌីជីថល ដែល​ទូរស័ព្ទ​ស្មាតហ្វូន​ជា​ឧបករណ៍​ចាំបាច់។ យើង​សង្ឃឹម​ថា ថ្ងៃ​អនាគត​នឹង​មាន​ទូរស័ព្ទ​ស្មាតហ្វូន​មាន​តម្លៃ​ទាប​កាន់​តែច្រើន​លើ​ទីផ្សារ ដូច្នេះ​ប្រជាជន​អាច​មាន​លទ្ធភាព​ប្រើប្រាស់​វា»។

លោក អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា គ្រឹះស្ថាន​របស់​យើង​បាន​នាំ​មុខ​ការ​ផ្លាស់ប្តូរ​ទៅជា​ឌីជីថល​ជាមួយ​ការ​ចាប់​ផ្ដើម​ដំបូង​នៃ ACLEDA Unity កាល​ពី​ខែ​កក្កដា ​ឆ្នាំ ២០១០ ហើយ​នៅ​តែ​នាំមុខ​ក្នុង​ការ​បន្ត​អភិវឌ្ឍ​កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​កាល​ពី​ឆ្នាំ ២០១៧។

លោក ចាន់នី ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ពាក្យ​ឌីជីថល មាន​ន័យថា នឹង​គាំទ្រ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​កាន់​តែ​ខ្លាំង​ឡើង ហើយ​គ្រប់គ្នា​សុទ្ធ​តែ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ»។

លោក សាយ សូនី អនុប្រធាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ បាន​អះអាងថា លោក​បាន​ជូន​ដំណឹង​ដល់​អតិថិជន​ឱ្យ​ប្រើ​ប្រាស់​សេវា​ឌីជីថល​ក្នុង​ពេល​វិបត្តិ​សុខភាព​ដោយ​គិត​ត្រឹម​ថ្ងៃទី ១០ ខែ​មីនា ​កន្លង​ទៅ​នេះ ប្រាសាក់​មាន​ប្រតិបត្តិការ​តាម​អ៊ីនធឺណិត ​និង​ធនាគារ​ចល័ត​ជាង ១ លាន​ដង ​ជាមួយ​ប្រាក់​ជាង ៣៨ លាន​ដុល្លារ។

លោក​បន្តថា៖ «យើង​កំពុង​ព្យាយាម​ជូន​ដំណឹង​ដល់​អតិថិជន​ឱ្យ​ប្រើ​ប្រាស់​ធនាគារ​ចល័ត ឬ​ធនាគារ​អ៊ីនធឺណិត ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ប្រតិបត្តិការ​សាច់​ប្រាក់សុទ្ធ»។

គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ​ឆ្នាំ​មុន កម្ពុជា​មាន​ធនាគារពាណិជ្ជ​ចំនួន ៤៧ ដោយ​ក្នុង​នោះ រួម​មាន​ធនាគារ​ក្នុង​ស្រុក ១៧ ធនាគារ​បុត្រ​សម្ព័ន្ធ ១៧ និង​ធនាគារ​សាខា​បរទេស ១៣។ នេះ​បើ​យោង​តាម NBC៕LA