ភ្នំពេញៈ សហគ្រាស​ផលិត​ឱសថ PPM គឺ​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​នៅ​ក្នុង​ស្រុក​របស់​កម្ពុជា​តែ​មួយ​គត់​ដែល​បាន​ដំណើរការ​ជា​ផ្លូវការ​តាំង​ពី​ឆ្នាំ ១៩៩៦​។ ក្នុង​រយៈពេល​ជិត​ ២៣ ​ឆ្នាំ​មក​នេះ ក្រុមហ៊ុន​បាន​ចូល​​រួម​ចំណែក​យ៉ាង​​ធំ​​ក្នុង​ឧស្សាហកម្ម​ឱសថ​កម្ពុជា​ទាំង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច។

អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោកស្រី ចេង សុខហ័ង បាន​ជួប​សម្ភាស​ លោក ហៃ លីអ៊ាង ជា​អគ្គនាយក​របស់​សហគ្រាស PPM ដើម្បី​ចង់​ដឹង​ពី​បទ​ពិសោធ​នៃ​ការ​ផលិត​ឱសថ និង​ទីផ្សារ​លក់​ឱសថ​នៅ​​ប្រទេស ​កម្ពុជា ថា តើ​ឧស្សាហកម្ម​នេះ​អាច​ជា​សក្តានុពល​ចូល​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​សង្គម​កម្ពុជា​កម្រិត​ណា?

តើ​សហគ្រាស​ផលិត​ឱសថ PPM ចាប់​​ដំណើរការ​ឡើង​យ៉ាង​ដូច​ម្តេច​នៅ​​ប្រទេស​ កម្ពុជា?

បន្ទាប់​ពី​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម សហគ្រាស​ផលិត​ឱសថ PPM បាន​ចាប់​ផ្តើម​ចុះ​បញ្ជី​ជា​ថ្មី​ម្ដង​ទៀត​ជា​ផ្លូវ​ការ​នៅ​ក្នុង​ឆ្នាំ​ ១៩៩៦ សម្រាប់​ទីផ្សារ​លក់​ឱសថ ដោយ​មាន​ការ​គាំទ្រ​ពី​អតីត​ព្រះ​មហាក្សត្រ និង​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ សហគ្រាស​ផលិត​ឱសថ PPM ជា​ក្រុមហ៊ុន​ផលិត​ឱសថ​កម្ពុជា​ដំបូង​គេ បង្កើត​ឡើង​ដោយ​ឱសថ​បណ្ឌិត កុក សុខ​គីម។ លោក​បាន​រក​ឃើញ​ឱសថ​បំបាត់​ការ​ឈឺ​ចុកចាប់ ដែល​មាន​ឈ្មោះ​​ថា ឱសថ «គីណាល់» ដែល​ជា​ឱសថ​ដំបូង​គេ​ផលិត​នៅ​កម្ពុជា បន្ទាប់​ពី​ប្រទេស​ទទួល​បាន​ឯករាជ្យ​ពេញ​លេញ។

លោក ហៃ លីអ៊ាង អគ្គនាយករបស់សហគ្រាសផលិតឱសថ PPM​​។ រូបថត សហ​ការី

ឱសថ គី​ណាល់ ត្រូវ​បាន​បងើ្កត​ឡើង ៤ ឆ្នាំ​មុន​ឱសថ​ដ៏​ល្បី​របស់​​​ប្រទេស​ បារាំង Doliprane។ សហគ្រាស​ផលិត​​ឱសថ PPM បាន​ដំណើរ​ការ​តាំង​ពី​សម័យ​សង្គម​មក​ម្ល៉េះ ដែល​កាល​នោះ​ប្រទេស​​យើង​មាន​សហគ្រាស​ផលិត​ឱសថ​​ប្រហែល​ ២៧ តែ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​​នៅ​សម័យ​ប៉ុល ពត។ ក្រោយ​មក​នៅ​ឆ្នាំ ១៩៨៣-៨៤ យើង​ក៏​ចាប់​ផ្តើម​ឡើង​វិញ​ដោយ​ប្រទេស​យើង​មាន​ការ​ខ្វះខាត​ឱសថ។ ដំបូង​ការ​ផ្គត់ផ្គង់​ឱសថ​របស់​យើង​បាន​ត្រឹមតែ​នាំចូល ហើយ​ការ​ផ្គត់ផ្គង់​នៅ​មាន​កម្រិត ហើយ​ពុំ​មាន​ទីផ្សារ​ឱសថ​សេរី​​នោះ​ទេ យើង​អាច​ចូលរួម​ត្រឹមតែ​ជា​លក្ខណៈ​មនុស្ស​ធម៌​តែ​ប៉ុណ្ណោះ។

តើ​សហគ្រាស​ផលិត​ឱសថ PPM មាន​ការ​វិវឌ្ឍ​យ៉ាង​ណា​នៅ​ទីផ្សារ​ឱសថ​នៅ​កម្ពុជា​បច្ចុប្បន្ន?

តម្រូវ​ការ​ឱសថ​នៅ​​កម្ពុជា​មាន​​​ច្រើន ហើយ​យើង​អាច​ផលិត​ឱសថ​របស់​យើង​បាន​រហូត​ដល់​ ១០០​​ ប្រភេទ​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ។ ដោយ​សារ​​មាន​តម្រូវ​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ផលិតកម្ម​ឱសថ​របស់​យើង​ក៏​មាន​ការ​កើន​ឡើង​ដែរ។ យើង​មាន​បុគ្គលិក​ ៣០ ​​នាក់​តាំង​ពី​ដំណើរការ​ដំបូង​រហូត​ដល់​បច្ចុប្បន្ន​ នេះ​មាន​រហូត​​ដល់ ៤០០ នាក់​ដើម្បី​បំពេញ​​តម្រូវ​ការ និង​ការ​ផ្គត់ផ្គង់​ទីផ្សារ។

តើ​លោក​យល់​យ៉ាង​ណា​ចំពោះ​ការ​គាំទ្រ​ផលិតផល​ឱសថ​ខ្មែរ?

ផលិតផល​ឱសថ​របស់​យើង​មាន​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រសិទ្ធភាព រហូត​ឈាន​ទៅ​ដល់​ការ​នាំ​ចេញ​ ៥០ ​ប្រភេទ​ទៅ​កាន់​ប្រទេស​ ឡាវ មីយ៉ាន់ម៉ា វៀតណាម និង​តំបន់​អាហ្រ្វិក ដែល​ជា​ប្រទេស​ប្រើ​ភាសា​បារាំង។ រាល់​ផលិតផល​របស់​យើង​មាន​ការ​ត្រួត​ពិនិត្យ​តាំង​ពី​ចំណុច​ចាប់​ផ្តើម​ផលិត​រហូត​​​ទៅ​ដល់​ដៃ​អ្នក​ប្រើប្រាស់ គឺ​យើង​តែង​​​តាមដាន និង​ត្រួត​ពិនិត្យ​ពី​​គុណភាព និង​ប្រសិទ្ធភាព​នៅ​កន្លែង​​ផលិតកម្ម និងទីផ្សារ។ រាល់​ផលិតផល​​ឱសថ​នីមួយ​ៗ ត្រូវ​មាន​ការ​សុំ​អាជ្ញា​ប័ណ្ណ ការ​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​ក្រសួង​សុខាភិបាល មុន​នឹង​ចេញ​​លក់​ទៅ​ទីផ្សារ។ ដោយ​សារ​​​គុណភាព និង​ប្រសិទ្ធភាព ទើប​ធ្វើ​ឲ្យ​ផលិត​ផល​ឱសថ​របស់​យើង​ឈាន​ទៅ​ដល់​ទីផ្សារ​​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន។

តើ​លោក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ បច្ចុប្បន្ន?

ចំពោះ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ និង​​ការ​ហូរ​ចូល​ឱសថ​ដោយ​សេរី ជា​កត្តា​ប្រឈម និង​ហានិភ័យ​ចំពោះ​អ្នក​ប្រើប្រាស់។ មាន​ឱសថ​រាប់​ពាន់​ប្រភេទ ដែល​មាន​លក់​លើ​ទីផ្សារ និង​តាម Online ដែល​យើង​ពុំ​ដឹង​ពី​ប្រវត្តិ និង ប្រភព​នៃ​ការ​ផលិត ការ​ត្រួត​ពិនិត្យ​​ពី​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព​របស់​ឱសថ​នោះ​ទេ។

យើង​ពុំ​ដឹង​ថា តើ​​​មាន​ការ​សុំ​ច្បាប់​អនុញ្ញាត​ដែរ​ឬ​ទេ?​ ទាំង​នេះ​គឺ​ជា​ការ​ព្រួយ​បារម្ភ និង​ហានិភ័យ​ចំពោះ​អ្នក ប្រើប្រាស់។ មិន​តែ​ប៉ុណ្ណោះ យើង​ឃើញ​​រហូត​ដល់​មាន​ការ​ផ្សព្វផ្សាយ​តាម​រយៈ Facebook និង​វិទ្យុ​អំពី​ការ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ និង​ជំងឺ​មហារីក​ទៀត​ផង។ នេះ​គឺ​ហួស​ពី​ក្រម​សីលធម៌​ហើយ​ជា​ឃាតករ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ។ ក្នុង​នាម​យើង​ជា​អ្នក​ផលិត​ឱសថ ការ​ហូរ​ចូល​ក្នុង​ទីផ្សារ​ឱសថ​ដោយ​សេរី និង​ចរាចរណ៍​ឱសថ​ក្លែងក្លាយ ពិត​ជា​ប៉ះ​​ពាល់​​​ដល់​ទីផ្សារ ផលិតកម្ម និង​កេរ្តិ៍​ឈ្មោះ​របស់​យើង អ្នក​ប្រើប្រាស់​អាច​យល់​ច្រឡំ និង​បាត់​ជំនឿ​ដល់​ប្រសិទ្ធ​ភាព​ថ្នាំ​របស់​យើង។

តើ​រដ្ឋាភិបាល ពិសេស​ក្រសួង​សុខាភិបាល​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទប់​ស្កាត់​ឱសថ​ក្លែងក្លាយ​ឲ្យ​មាន​ប្រសិទ្ធភាព?

ខ្ញុំ​យល់​ថា​ ក្រសួង​សុខាភិបាល​គួរ​តែ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់​ចត់ តាម​ដាន និង​ត្រួត​ពិនិត្យ​ការ​លក់​ឱសថ​នៅ​លើ​ទីផ្សារ និង​ការ​ត្រួត​ពិនិត្យ​ចំពោះ​​ការ​នាំចូល និង​អនុវត្ត​ទៅ​តាម​នីតិវិធី​ដើម្បី​ធានា​ឲ្យ​បាន​​គុណភាព ប្រសិទ្ធ​ភាព និងសុវត្ថិភាព​នៃ​ឱសថ។ ការ​ចាត់​វិធានការ​ទៅ​តាម​ច្បាប់ ដូចជា​ ការ​បង់ពន្ធ និង​ការ​សុំ​អនុញ្ញាត​ផ្សេង​ៗ និង​​ធានា​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ ស្មើ​ភាព​​នៅ​លើ​ទីផ្សារ ចំពោះ​ផលិតករ​នៅ​ក្នុង​ស្រុក។

តើ​វិស័យ​ឱសថ​នៅ​កម្ពុជា​នៅ​មាន​សុក្តានុពល​សម្រាប់​អ្នក​វិនិយោគ​ទុន ឬទេ? ហើយ​តើ​សហគ្រាស​ផលិត​ឱសថ PPM មាន​ការ​វិនិយោគ​ប៉ុន្មាន​ហើយ​ចំពោះ​វិស័យ​ឱសថ​នេះ?

រហូត​មក​ដល់​បច្ចុប្បន្ន​ ការ​វិនិយោគ​របស់​យើង​ឈាន​ដល់​ប្រមាណ ២០ ​លាន​ដុល្លារ​ហើយ។ វិស័យ​ឱសថ​នៅ​តែ​មាន​សក្តានុពល​ច្រើន​ចំពោះ​វិនិយោគ​ទុន​បរទេស។ បច្ចុប្បន្ន​នេះ​យើង​មាន​ក្រុមហ៊ុន​ផលិត​ឱសថ​ប្រហែល​​ ៦ ​​ទៅ​ ៧ ក្រុមហ៊ុន។

ដើម្បី​ទទួល​បាន​ការ​វិនិយោគ ក្រសួង​សុខាភិបាល​ត្រូវ​បង្ហាញ​ពី​ភាព​ទទួល​ខុស​ត្រូវ និង​ការ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ទីផ្សារ​ឱសថ​។ ប្រសិន​បើ​មាន​ការ​វិនិយោគ​លើ​វិស័យ​ឱសថ យើង​នឹង​ទទួល​បាន​ចំណេញ​បន្ថែម​លើ​ផលិត​ផល ចំណេញ​ផ្នែក​បច្ចេកទេស និង​ផ្តល់​ការងារ​ដល់​ប្រជាជន​​របស់​​យើង​ទៀត​ផង​។ នេះ​ជា​ផល​ចំណេញ​ដ៏​ធំ​សម្រាប់​​សេដ្ឋកិច្ច​ជាតិ​៕ LA