
ភ្នំពេញៈ ការចិញ្ចឹមក្រពើក្នុងរយៈពេល ២ខែ ដើមឆ្នាំនេះមានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ប្រចាំខែពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍បង្ហាញថា ចំនួនក្រពើចិញ្ចឹមពីរខែដើមឆ្នាំនេះ សរុបមាន ២៥ ០០០ ក្បាលកើនចំនួន ១២ ០០០ ក្បាល ស្មើនឹង ៤៨ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
មន្ត្រីជំនាញនិយាយថា ការកើនឡើងនេះគឺដោយសារបច្ចុប្បន្នកសិករភាគច្រើនងាកមកចិញ្ចឹមក្រពើដើម្បីយកស្បែកជំនួសឲ្យការលក់កូនក្រពើទៅឲ្យប្រទេសជិតខាងខណៈការចុះស្រង់ស្ថិតិនៃចំនួនចិញ្ចឹមក្រពើដែលមានក្នុងកសិដ្ឋានមានភាពត្រឹមត្រូវជាងមុន។
លោក ហេង សុវណ្ណារ៉ា ប្រធានផ្នែកអភិវឌ្ឍន៍ក្រពើនៃអគ្គនាយកដ្ឋានរដ្ឋបាល ជលផល មានប្រសាសន៍ថា៖ «យើងចុះធ្វើស្ថិតិដើម្បីអនុវត្តទៅតាមប្រកាសរួមស្តីពីការចិញ្ចឹមក្រពើដែលម្ចាស់ត្រូវបង់សេវាសាធារណៈហើយអ្នកចិញ្ចឹមក៏ងាកមកចិញ្ចឹមដើម្បីយកស្បែកវិញ ដូច្នេះចំនួនក្រពើយើងកើនឡើង ជាពិសេសអ្នកចិញ្ចឹមនៅខេត្ត សៀមរាប»។
លោក សេន រិទ្ធ អនុប្រធាន សមាគមអភិវឌ្ឍន៍ការចិញ្ចឹមក្រពើ កម្ពុជា ខេត្ត សៀមរាប បញ្ជាក់ថា តម្រូវការស្បែកក្រពើ កម្ពុជា ពិតជាមានតម្លៃក្នុងទីផ្សារអន្តរជាតិ។ លោកបាននាំស្បែកក្រពើចេញបាន ២ ០០០ ស្បែកហើយក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ។ លោកថ្លែងថា៖ «ភាគច្រើនគេ [កសិករ] ចិញ្ចឹមយកស្បែកវិញហើយ។ ស្បែកក្រពើយើងមានទីផ្សារណាស់។ ឥឡូវយើងមិនទាំងមានស្បែកឲ្យគេផង។ បច្ចុប្បន្នឈ្មួញពីប្រទេស ចិន កំពុងចាប់អារម្មណ៍ការនាំចូលសាច់ ក្រពើពី កម្ពុជា។ កិច្ចសន្យាគេទាមទារសាច់ក្រពើចំនួន ៥ ពាន់ក្បាលក្នុងមួយខែៗ យើងមិនមានឲ្យគេទេ»។
រដ្ឋាភិបាលបានអំពាវនាវដល់អ្នកចិញ្ចឹមក្រពើឲ្យបញ្ឈប់ការនាំចេញកូនក្រពើទៅបណ្ដាប្រទេសជិតខាងតាំងពីឆ្នាំ ២០០៥។ បញ្ហាកង្វះទុននិងការព្រួយបារម្ភពីទីផ្សារសម្រាប់ស្បែកក្រពើនៅតែជាឧបសគ្គសម្រាប់ កម្ពុជា ក្នុងការក្លាយជាប្រទេសនាំចេញស្បែកក្រពើ។
កម្ពុជា នាំចេញកូនក្រពើ ស្បែកក្រពើ និងសាច់ក្រពើទៅប្រទេស វៀតណាម ប្រទេស ថៃ និងប្រទេស ចិន។ កសិករអាចលក់កូនក្រពើអាយុ ៣ខែ មួយថ្លៃពី ១២ ទៅ ១៤ ដុល្លារ ខណៈស្បែកក្រពើដែលមានអាយុបីឆ្នាំមួយក្បាលមានតម្លៃប្រមាណ ៨០ ដុល្លារ។
លោក ហេង សុវណ្ណារ៉ា អំពាវនាវឲ្យកសិករមកចិញ្ចឹមដើម្បីយកស្បែកសម្រាប់នាំចេញវិញ ដែលទីផ្សារនិងតម្លៃមានស្ថិរភាពជាង។ លោកថា៖ «តម្លៃស្បែកក្រពើនៅទីផ្សារពិភពលោកមិនធ្លាក់ចុះទេ។ គ្រាន់តែ សិង្ហបុរី មួយគេត្រូវការ ២០ ម៉ឺនស្បែកទៅហើយ ឲ្យតែ កម្ពុជា មានឲ្យគេ។ សំខាន់គឺគុណភាពស្បែករបស់យើង។ អ្នកចិញ្ចឹមកុំបារម្ភថា មិនមានទីផ្សារឲ្យសោះ»។
លោក អ៊ុង វិសាល អនុប្រធានសមាគមចិញ្ចឹមក្រពើ សៀមរាប អង្គរ បានឲ្យដឹងថា ក្រពើដែលមានក្នុងកសិដ្ឋានក្នុងចំណោមសមាជិកសមាគមរបស់លោកមានអាយុត្រឹម ១ ឆ្នាំទៅ ២ ឆ្នាំប៉ុណ្ណោះ។
លោករំពឹងថា នឹងអាចនាំចេញស្បែកក្រពើនៅឆ្នាំក្រោយ។ លោកថ្លែងថា៖ «ត្រូវរង់ចាំមួយឆ្នាំទៀតរហូតគ្រប់បីឆ្នាំទើបយើងធ្វើស្បែកលក់បាន។ សង្ឃឹមថា នឹងនាំចេញបានក្នុងពេលឆាប់ៗនេះ»។
របាយការណ៍ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្យាករថា ចំនួនក្រពើនៅ កម្ពុជា នឹងកើនដល់ ៣ សែនក្បាលសម្រាប់ការនាំចេញគិតត្រឹមដំណាច់ឆ្នាំនេះ៕