ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តីសម្រេចឲ្យមានច្រកចេញចូលតែមួយក្នុងការចុះបញ្ជីអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម (SME) ដែលនឹងធ្វើឡើងនៅក្រសួង ឧស្សាហកម្ម និងសិប្បកម្មតែមួយគត់។
លោកថ្លែងដូច្នេះក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើក ទី១៧ បន្ទាប់ពីមានការស្នើសុំពីអ្នកតំណាងក្នុងវិស័យនេះកាលពីម្សិលមិញ។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា ការចុះបញ្ជីអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមនឹងត្រូវធ្វើនៅលេខាធិការដ្ឋានសហគ្រាសធុនតូចនិង មធ្យមក្រោមឱវាទក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងមន្ទីរ ឧស្សាហកម្ម និងសិប្បកម្មរាជធានីខេត្ត។
លោកបន្តថា ក្រសួង ឧស្សាហកម្ម និងក្រសួងដទៃទៀតត្រូវធ្វើប្រតិភូកម្មអំណាច ហើយចៀសវាងឲ្យម្ចាស់ឧស្សាហកម្ម និងសិប្បកម្មធុនតូចនិងមធ្យមទៅច្រើនកន្លែង។
លោក ហ៊ុន សែន ក៏បានស្នើឲ្យក្រសួងមានការកំណត់ពេលវេលាច្បាស់លាស់ និងធ្វើការកំណត់តម្លៃមួយ ការចុះបញ្ជីនីមួយៗ។ លោកថ្លែងថា៖ «ទៅចុះបញ្ជី លោកទៅតែក្រសួង ឧស្សាហកម្ម និងសិប្បកម្មបានហើយត្រង់ក្រសួង ឧស្សាហកម្ម និងសិប្បកម្មទំនាក់ទំនងជាមួយផ្នែកណា អាហ្នឹងគឺជាបញ្ហាផ្ទៃក្នុងដឹងតែយកទៅដាក់កំណត់ថ្ងៃទៅយកទៅបានហើយ»។
យន្តការនេះត្រូវបានអនុម័តបន្ទាប់ពីមានសំណើជាលើកទីពីររបស់អ្នកតំណាងក្រុមការងារផ្នែកកម្មន្តសាល និងសហគ្រាសធុនតូច និងមធ្យម និងសេវាកម្ម។
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងជាអ្នកតំណាងក្រុមការងារផ្នែកកម្មន្តសាល និងសហគ្រាសធុនតូចនិងមធ្យម និងសេវាកម្មលើកឡើងថា កន្លងមកសហគ្រាសធុនតូច និងមធ្យមជួបប្រទះនឹងបញ្ហាលំបាកចំពោះនិតីវិធីក្នុងការចុះបញ្ជីអាជីវកម្មដោយត្រូវឆ្លងកាត់ក្រសួងច្រើនហើយមិនដឹងថា ត្រូវទៅក្រសួងមួយណាឲ្យច្បាស់លាស់។
លោកបន្តថា៖ «ម្យ៉ាងទៀតការសម្រួលក្នុងការចុះបញ្ជីនេះក៏ដើម្បីជំរុញឲ្យសហគ្រាសធុនតូច និងមធ្យមចុះបញ្ជីស្របច្បាប់ និងមានលក្ខណៈផ្លូវការផងដែរ»៕