ខេត្ត ព្រះសីហនុៈចរាចរណ៍ទំនិញតាមកំពង់ផែអន្តរជាតិព្រះសីហនុឆ្នាំ២០១២កើនឡើងជាង៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១។
មន្ត្រីកំពង់ផែឲ្យដឹងថា កំណើននេះបណ្តាលមកពីដំណើរការសេដ្ឋកិច្ចនៃកម្ពុជាមានលក្ខណៈល្អប្រសើរ និងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល។
ទិន្នន័យពីកំពង់ផែបានបង្ហាញថាទំនិញសរុប២៥៥៣៧៤ធីអ៊ីយូ ត្រូវបានដឹកជញ្ជូនតាមកំពង់ផែខណៈឆ្នាំ២០១១មាន២៣៧ ៩៣៧ ធីអ៊ីយូ
លោក ជា សម្បត្តិ ប្រធានផ្នែកទីផ្សារនិងផែនការរបស់កំពង់ផែឲ្យដឹងថា៖«វាជាកំណើនយ៉ាងលឿនបើធៀបនឹងឆ្នាំមុនៗ។ខ្ញុំសង្កេតឃើញថា យើងទទួលបានកំណើនលើទំនិញគ្រប់ប្រភេទ»។
ផលិតផលដែលនាំចេញភាគច្រើនតាមកំពង់ផែនេះគឺសម្លៀកបំពាក់ និងផលិតផលកសិកម្មពិសេសអង្ករហើយផលិតផលនាំចូលដ៏សំខាន់គឺវត្ថុធាតុដើម យានយន្ត សម្ភារឱសថ និងផលិតផលប្រើប្រាស់។ លោកបន្តថា ៖
«ឆ្នាំនេះការនាំចេញអង្ករកើនឡើងយ៉ាងខ្លាំងដែលនេះជាសញ្ញាដ៏ល្អសម្រាប់ឧស្សាហកម្ម។ ជាមួយគ្នានេះដែរយើងក៏បាននាំចូលច្រើនផងដែរពិសេសវត្ថុធាតុដើម»។
ការនាំចេញច្រើនបំផុតរបស់កម្ពុជា គឺទៅអឺរ៉ុបអាមេរិក និងបណ្តាប្រទេសក្នុងតំបន់។
លោក លឹម ប៊ុនហេង អគ្គនាយក ក្រុមហ៊ុនឡូរ៉ង់ដែលជាក្រុមហ៊ុននាំចេញអង្ករបានឲ្យដឹងថា ក្រុមហ៊ុនបាននាំចេញអង្ករប្រហែល២ម៉ឺនតោនតាមរយៈកំពង់ផែព្រះសីហនុកាលពីឆ្នាំមុន។លោកបន្តថា៖ «ខ្ញុំតែងតែនាំចេញផលិតផលតាមកំពង់ផែព្រះសីហនុ ពីព្រោះយើងអាចនាំចេញផ្ទាល់ទៅកាន់គោលដៅបានចំនួនច្រើនដូចជា អឺរ៉ុប អាមេរិក អាហ្វ្រិកនិងបណ្តាប្រទេសនៅអាស៊ី»។
កំពង់ផែព្រះសីហនុគ្រោងឡើងផ្សារហ៊ុនក្នុងឆ្នាំនេះ។
តាម លោក ជា សម្បត្តិ ចំណូលនៅកំពង់ផែកើនខ្ពស់ជាងឆ្នាំមុន តែលោកមិនបង្ហាញពីចំនួនទេ ព្រោះកំពុងបូកសរុប៕ CC