ភ្នំពេញៈ ទិន្នន័យផ្លូវការពីសមាគមធានារ៉ាប់រងទូទៅកម្ពុជា (GIAC)បានបង្ហាញថាប្រាក់សំណងពីក្រុមហ៊ុនធានារ៉ាប់រងចំនួន៦នៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំ២០១២ ខណៈចំណូលធានាភ័យសរុបកើនឡើងជាង២០ភាគរយ។
ទិន្នន័យបង្ហាញថាប្រាក់ទាមទារមាន៤,៨លានដុល្លារបើប្រៀបធៀបនឹងឆ្នាំ២០១១ដែលមានរហូតដល់៣៣,៥លានដុល្លារ។ ប្រាក់ចំណូលធានាភ័យសរុបទទួលបាន៣៦ លានដុល្លារក្នុងឆ្នាំ២០១២កើនឡើងត្រឹម២១ភាគរយ។ ប៉ុន្តែឧស្សាហកម្មនេះបានចំណាយ១៥,៨ លានដុល្លារពីឆ្នាំទៅសម្រាប់សំណងពីឆ្នាំមុនៗ។
លោក ឆាយ រតនៈ អគ្គនាយកសមាគមធានារ៉ាប់រងទូទៅកម្ពុជានិយាយថាការធ្លាក់ចុះនូវប្រាក់សំណងក្នុងរយៈពេលនេះកាលពីឆ្នាំមុនដោយសារតែមិនមានទឹកជំនន់ឯប្រាក់សំណងភាគច្រើនមានចំនួនតិចហើយក៏ដោយសារតែកំណើនសេដ្ឋកិច្ចដែលបានធ្វើឲ្យចំណូលធានាភ័យកើនឡើងដែរ។
លោកបន្តថា៖ «យើងមិនឃើញប្រាក់សំណងដ៏ធំកាលពីឆ្នាំមុនទេ។ ចំនួននេះនៅទាបបើប្រៀបធៀបកាលពី៥ឆ្នាំមុនដែលយើងមិនដែលជួបដោយសារតែនៅឆ្នាំមុនៗមានការឆេះរោងចក្រធំៗមួយចំនួនប៉ុន្តែកាលពីឆ្នាំមុនយើងមិនមានទេគ្រាន់តែមួយចំនួនតូចក្នុងវិស័យដទៃទៀត។ យើងបានចំណាយ ១៥,៨ដុល្លារសម្រាប់សំណងដែលបានកើតឡើងជាច្រើនឆ្នាំមុននេះ»។ លោកបន្តថាឧស្សាហកម្មនេះកំពុងមានការកើនឡើងដោយសារតែកំណើនសេដ្ឋកិច្ច និងការយល់ដឹងរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យនេះ។
យោងតាមទិន្នន័យប្រាក់ចំណូលបានមកពីវិស័យសំខាន់ៗជាច្រើនដូចជាការធានាលើអគ្គិភ័យមាន២៨ភាគរយលើម៉ូតូ១៩ភាគរយនិងផ្សេងៗមាន១៨ភាគរយ ខណៈការធានារ៉ាប់រងលើសុខភាពមាន១៤ភាគរយវិស្វកម្ម១៣ភាគរយ។
លោក David W. Carter ប្រធានប្រតិបត្តិនៅក្រុមហ៊ុនធានារ៉ាប់រង Infinity បានសរសេរថាក្រុមហ៊ុនលោកបានកើនឡើងប្រាក់សំណងពីវិស័យសុខភាពនិងម៉ូតូខណៈប្រាក់ចំណូលបានកើនឡើងប្រហែល៥ភាគរយកាលពីឆ្នាំមុន។
លោកបានបន្តថា៖ «ប្រាក់សំណងបានកើនឡើងជាសំខាន់ក្នុងវិស័យសុខភាពនិងម៉ូតូដែលបង្ហាញពីការកើនឡើងនូវតម្លៃសុខភាពនិងរថយន្តនៅតាមដងផ្លូវជាច្រើន»។ លោកបន្ថែមថា៖ «ចំណូលរបស់យើងសម្រាប់២០១២មាន៧,១លានដុល្លារ។នេះស្ថិតក្នុងការបន្តការរំពឹងទុករបស់យើង»។
លោក យក់ ចំរើនរិទ្ធិអគ្គនាយកក្រុមហ៊ុនធានារ៉ាបរង Forte បានរាយការណ៍ពីការធ្លាក់ចុះប្រាក់សំណងនិងការកើនឡើងប្រាក់ចំណូលកាលពីឆ្នាំមុន។លោកបន្តថា៖ «សំណងបានធ្លាក់ចុះ៣,៦ភាគរយដោយសារកាលពីឆ្នាំទៅខ្ញុំទទួលបានប្រាក់ចំណូលជាង២៦លានដុល្លារ។ កាលពីឆ្នាំមុនខ្ញុំមិនបានឃើញនូវការខាតបង់ដ៏ធំដូចជាភ្លើងឆេះឬក៏ទឹកជំនន់ដ៏អាក្រក់បំផុតទេ ដូច្នេះវារួមចំណែកដ៏ធំដល់ការធ្លាក់ចុះការទារសំណងប៉ុន្តែកើនឡើងនូវប្រាក់ចំណូល»។
លោក ឆាយ រតនៈបានប៉ាន់ស្មានថាឧស្សាហកម្មទាំងមូលនឹងរក្សាបាននូវការកើនឡើងនិងការចាប់ផ្ដើមរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលជាកម្លាំងចលករមួយផ្សេងទៀតក្នុងការផ្ដល់ផលិតផលបន្ថែមទៀតក្នុងឧស្សាហកម្មនេះ។ លោកថ្លែងថា៖ «ខ្ញុំនៅតែមានការជឿជាក់ថាវិស័យនេះនៅរក្សាកំណើន២០ភាគរយនៅឆ្នាំនេះ»។
យោងតាមលោក យក់ ចំរើនរិទ្ធិ ចំណែកឧស្សាហកម្មធានារ៉ាប់រងកម្ពុជាសរុបធៀបនឹងGDP គឺនៅតែមានចំនួនតិចបើប្រៀបធៀបជាមួយប្រទេសនៅក្នុងតំបន់។
លោកបន្តថា៖«យើងនឹងសម្រេចបាននូវការព្យាករដោយសារតែមូលដ្ឋានរបស់យើងធៀបទៅនឹងGDP នៅមានចំនួនតូចគឺត្រឹមតែ០,២ភាគរយប៉ុណ្ណោះដូច្នេះយើងនៅមានលទ្ធភាពនៃការរីកលូតលាស់បន្តទៀត៕ PB