
ភ្នំពេញៈ សេវាធានារ៉ាប់រង «ហានិភ័យលើដំណាំកសិ ឧស្សាហកម្ម» នៅ កម្ពុជា ត្រូវគេរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងក្នុងរយៈពេល ៣ឆ្នាំ ខាងមុខ ខណៈវិស័យនេះកាន់តែមានការរីកចម្រើន។
ធានារ៉ាប់រង ហ្វ័រតេ (Forte) ជាក្រុមហ៊ុនធានារ៉ាប់រងដំបូង និងតែមួយគត់ដែលកំពុងអនុវត្តសេវាកម្មនេះ។
លោក យុគ ចំរើនរិទ្ធ ប្រធាន និងជាអ្នកចាត់ការទូទៅនៃក្រុមហ៊ុនធានារ៉ាប់រង Forte បានឲ្យដឹងថា ក្រុមហ៊ុនរំពឹងថា សេវាកម្មនេះនឹងទទួលបានការចាប់អារម្មណ៍ច្រើននៅរង្វង់ ៣ ទៅ ៥ ឆ្នាំខាងមុខនេះ។
លោកបន្តថា កសិករដាំដុះជាគ្រួសារ និងសហគ្រាសធំៗជាអ្នកដែលគួរតែទិញសេវាកម្មធានារ៉ាប់រង «ហានិភ័យលើដំណាំកសិ ឧស្សាហកម្ម» នេះ។ លោកបានថ្លែងថា ក្រុមហ៊ុនសេវាកម្មធានារ៉ាប់រងនេះនឹងផ្តល់ស្ថិរភាពហិរញ្ញវត្ថុដល់អតិថិជនពីហានិភ័យដែលបង្កឡើងដោយគ្រោះធម្មជាតិនិងគ្រោះអគ្គិភ័យ។
លោកបន្តថា៖ «ធានារ៉ាប់រងនេះផ្តល់ប្រយោជន៍ច្រើន។
ប្រសិនបើហេតុការណ៍កើតឡើងចំពោះដើមកៅស៊ូរបស់គាត់ដូចជាឆេះអស់ ដូចជា ខ្យល់ព្យុះ គាត់ត្រូវចំណាយលុយក្នុងហោប៉ៅរបស់គាត់ដើម្បីដាំកៅស៊ូឡើងវិញ។ អ៊ីចឹងសេវាធានារ៉ាប់រងនេះគឺធានាដល់ស្ថានភាពហិរញ្ញវត្ថុរបស់គាត់នៅពេលគ្រោះថ្នាក់កើតឡើង»។
ការទិញធានារ៉ាប់រងនេះតម្រូវឲ្យម្ចាស់ចម្ការបំពេញពាក្យសុំបញ្ជាក់ពីទីតាំងអាយុកាល និងទំហំដាំដុះ ដើម្បីគន់គូរពីទឹកប្រាក់ដែលគាត់ត្រូវបង់ក្នុងការដាក់ធានា ដែលត្រូវបង់ប្រចាំឆ្នាំ។
លោកបន្តថា៖ «ការបង់ថ្លៃលើធានារ៉ាប់រងនេះគឺមានតម្លៃសមរម្យ។ វាអាស្រ័យលើផ្ទៃដី អាយុកាលនៃដំណាំ និងទំហំដាំដុះ»។ លោកអះអាងថា ការចេញសំណងនឹងធ្វើឡើងដោយសមស្រប។
បច្ចុប្បន្នក្រុមហ៊ុនកំពុងផ្តល់សេវាកម្មធានារ៉ាប់រងលើផលិតផលកសិ-ឧស្សាហកម្មបីប្រភេទរួមមាន ដំណាំកៅស៊ូ ដំឡូងមី និងពោត។
លោក ទី អាទិត្យ អគ្គនាយករងសមាគមធានារ៉ាប់រងកម្ពុជាបានឲ្យដឹងថា នៅមានក្រុមហ៊ុនធានារ៉ាប់រងមួយទៀតដែលកំពុងស្នើសុំអាជ្ញាប័ណ្ណ ពីក្រសួង សេដ្ឋកិច្ច ដើម្បីដំណើរការ សេវាកម្មធានារ៉ាប់រង «ហានិភ័យលើដំណាំក្នុងចម្ការ» នេះ។
លោកថ្លែងថា៖ «វាជាការល្អមួយសម្រាប់ទីផ្សារធានារ៉ាប់រង ព្រោះយើងមានផលិតផលថ្មី យើងមានការវិវត្ត ពីមុនមកយើងមិនមានទេ ហើយវិស័យកសិកម្មយើងមានការរីកចម្រើនខ្លាំង វាជាផ្នែកមួយសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច ប្រសិនជាយើងមានធានារ៉ាប់រងទៅលើវិស័យហ្នឹង គឺវាគាំទ្រ ជំរុញ និងកាត់បន្ថយហានិភ័យទៅដល់អ្នកដែលប្រកបរបររកស៊ីផ្នែកចម្ការ កៅស៊ូហ្នឹង»។ លោកបង្ហាញសុទ្ធិដ្ឋនិយមចំពោះ សេវាកម្មធានារ៉ាប់រងថ្មីនេះ។
លោកថ្លែងថា៖ «យើងមើលឃើញសក្តានុពលក្នុងដំណាំកៅស៊ូនេះច្រើនមែនទែន»។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ផ្ទៃដីដាំដុះកៅស៊ូសរុបនៅកម្ពុជាក្នុងឆ្នាំ ២០១៣ បានកើនដល់ ៣២៥ ៩០៥ ហិកតា។
លោក ម៉ែន សុភ័ក្រ អគ្គនាយករងចម្ការកៅស៊ូ ជប់ យល់ថា ការទិញសេវាកម្មធានារ៉ាប់រងថ្មីនេះ មិនទាន់ជាការចាំបាច់នៅឡើយទេ ដោយសារហានិភ័យដែលបង្កឡើងដោយគ្រោះធម្មជាតិ និងអគ្គិភ័យ ចំពោះដំណាំកៅស៊ូមានកម្រិតតូច។
លោកបន្តថា៖ «ពាក់ព័ន្ធនឹងកត្តាធម្មជាតិ ស្រុកយើងមិនដែលមានខ្យល់ព្យុះនោះទេ ហើយទឹកជំនន់មានរាល់ឆ្នាំមែន តែវាមិនដែលប៉ះពាល់ដល់ចម្ការកៅស៊ូនោះទេ ព្រោះយើងនៅតំបន់ខ្ពង់រាប។ កត្តាទីពីរ ពាក់ព័ន្ធនឹងអគ្គិភ័យ ចម្ការកៅស៊ូដែលបានផលហើយគឺមិនអាចឆេះទៅកើតនោះទេ សម្រាប់ចម្ការកៅស៊ូដែលគេមានការគ្រប់គ្រងបានល្អ»។
លោក ស្រី ចន្ធី អ្នកវិភាគ សេដ្ឋកិច្ចឯករាជ្យ ស្វាគមន៍ចំពោះដំណឹងនេះ។ លោកថា៖ «បើធ្វើបានគឺល្អ។ សេវាកម្មធានារ៉ាប់រងនេះជួយឲ្យប្រជាកសិករមានលទ្ធភាព ខ្ចីទុនពីគ្រឹះស្ថានហរិញ្ញវត្ថុបាន ក៏អាចជួយបានខាងផ្នែកផលិតកម្មព្រោះកសិករនិងតម្រូវឲ្យគោរព តាមការណែនាំ និងការប្រុងប្រយ័ត្នចំពោះហានិភ័យដែលមានក្នុងវិស័យកសិកម្ម ហើយមួយទៀត ជួយកំណើនសេដ្ឋកិច្ចក្នុងផ្នែកវិស័យកសិកម្មទាំងមូល»។
លោកបញ្ជាក់ថា សេវាកម្មធានារ៉ាប់រងអាចមានការលំបាកក្នុងការទាក់ទាញអតិថិជន។ លោកបន្តថា៖ «អ្នកធ្វើកម្មវិធីនេះបានទាល់តែមានព័ត៌មានពីការដាំដុះនិងការថែរក្សាដំណាំរបស់កសិករ ដើម្បីគ្រប់គ្រង ហានិភ័យក្នុងអាជីវកម្ម»។
ទិន្នន័យផ្លូវការ បានពីសមាគមធានារ៉ាប់រងកម្ពុជា បង្ហាញថា ប្រាក់ចំណូលរបស់ឧស្សាហកម្មនេះបានកើនឡើង ១៥,៧៥ ភាគរយគិតមកត្រឹមខែ ធ្នូ ឆ្នាំមុនដល់ប្រហែល ៤២ លានដុល្លារ ធៀបនឹង ៣៦ លានដុល្លារពីឆ្នាំ ២០១២៕