ភ្នំពេញៈ ការនំាចូលត្រាក់ទ័រកាលពីឆ្នាំ២០១២ បានថយចុះប្រមាណ២៤ភាគរយបើធៀបនឹង២០១១។ នេះបើតាមតួលេខពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទិន្នន័យបង្ហាញថា ការនាំចូលត្រាក់ទ័រធ្លាក់ចុះពី៤៤៩៩៣គ្រឿងមកនៅ៣៦ ៣០១គ្រឿងក្នុងឆ្នាំ២០១២។បើទោះបីផ្ទៃដីដំាដុះដំណាំសំខាន់ៗក្នុងប្រទេសកម្ពុជានៅបន្តកើនឡើងក៏ដោយប៉ុន្តែអ្នកជំនាញខាងវិស័យកសិកម្ម និង សេដ្ឋកិច្ចបានលើកឡើងថាវានឹងមិនបណ្តាលឲ្យមានផលប៉ះពាល់ដល់ផលិតភាពវិស័យកសិកម្មឡើយដោយសារត្រាក់ទ័រជាប្រភេទឧបករណ៍ដែលអាចប្រើប្រាស់យូរហើយការនំាចូលកាលពីឆ្នាំមុនៗនៅតែអាចផ្តត់ផ្គង់តម្រូវការនាពេលបច្ចុប្បន្នបាន។
លោក ច័ន្ទ សុផល ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថាដោយសារត្រាក់ទ័រជាប្រភេទទំនិញដែលមានអាយុកាលប្រើប្រាស់វែងដូច្នេះហើយវាមិនចំាបាច់មានការកើនឡើងជារៀងរាល់ឆ្នាំដូចបណ្តាមុខទំនិញផ្សេងទៀតឡើយ។
លោកថ្លែងថា៖ «វានឹងមិនមានការប៉ះពាល់ដល់ផលិតភាពកសិកម្មរបស់ប្រទេសនោះឡើយពីព្រោះថាចំនួនត្រាក់ទ័រដែលបាននាំចូល កាលពីឆ្នាំមុនៗអាចផ្គត់ផ្គង់តម្រូវការនាពេលបច្ចុប្បន្នបាន។ បើមានតម្រូវការបន្ថែមអ្នកផ្គត់ផ្គង់នឹងចូលមកបំពេញតម្រូវការទីផ្សារ។»
អ្នកស្រី មាស សុទ្ធារី ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងកសិកម្មបានមានប្រសាសន៍ថា ដោយសារតែផ្ទៃដីដាំដុះដំណាំសំខាន់ៗដូចជាដំណាំស្រូវ ដំឡូងមី និង ពោតមានការកើនឡើងតិចតួចដូច្នេះការនំាចូលត្រាក់ទ័រពីឆ្នាំមុនៗអាចគាំទ្រការដំាដុះឆ្នាំនេះបាន។
អ្នកស្រីបានបន្ថែមថាផ្ទៃដីដំាដុះសរុបនៃដំណាំស្រូវកាលពីឆ្នាំមុនមាន២,៩ លានហិកតាគឺមានកំណើនតិចតួចប៉ុណ្ណោះពីឆ្នាំ២០១០ដែលមាន២,៨ លានហិកតា។ចំណែកឯផ្ទៃដីដំាដុះសរុបនៃដំណាំពោតមានចំនួន ២១៥ ០០០ ហិកតាខណៈផ្ទៃដីដាំដុះដំឡូងមីមាន៣៣៧ ០០០ ហិកតានៅ២០១២។
លោក ស្រី ចន្ទី អ្នកវិភាគខាងកសិកម្មឯករាជ្យម្នាក់និយាយថា តម្រូវការត្រាក់ទ័រមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងចំនួនផ្ទៃដីដំាដុះដំណាំ ដំឡូងមី ស្រូវ និង ពោត ដែលដំណាំទាំងនោះតែងមានផ្ទៃដីដំាដុះធំៗហើយជាទូទៅត្រាក់ទ័រតែងត្រូវប្រើប្រាស់សម្រាប់ផ្ទៃដីទាំងនោះ។ លោកស្រីបន្តថា៖«វាអាចនឹងឈានដល់ចំណុចឆ្អែតមួយក្នុងរយៈពេលខ្លីនេះហើយវាអាចនឹងមានការកើនឡើងម្តងទៀតវិញនៅក្នុងរយៈពេលណាមួយទៅថ្ងៃអនាគត»។
លោក ហួត សុវណ្ណ នាយកប្រតិបត្តិនៃក្រុមហ៊ុន Mekong Agriculture Tractor Company លើកឡើងថា ការធ្លាក់ចុះនេះអាចបណ្តាលមកពីការបញ្ជាទិញច្រើនកាលពីឆ្នាំមុនៗពីបណ្តាកសិដ្ឋានធំៗដើម្បីដំណើរការគម្រោងខ្នាតធំរបស់ពួកគេ ហើយរហូតមកទល់ពេលនេះត្រាក់ទ័រទាំងនោះនៅបន្តការប្រើប្រាស់ដែលពួកគេមិនចំាបាច់ទិញបន្ថែមទៀតនៅពេលនេះទេ។
តាមលោក តែ ថៃសុង អ្នកលក់ត្រាក់ទ័រក្នុងខេត្តបាត់ដំបងបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថាការលក់ត្រាក់ទ័ររបស់គាត់មានការកើនឡើងប៉ុន្តែភាគច្រើនជាត្រាក់ទ័រជជុះ៕
Contact PhnomPenh Post for full article
SR Digital Media Co., Ltd.ផ្ទះលេខ៤១ ផ្លូវ ២២៨ ភូមិ៤, សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា
Tel: +855 92 555 741
Email: webmasterpppost@gmail.com
Copyright © រក្សាសិទ្ធិ ដោយ ភ្នំពេញប៉ុស្តិ៍