ភ្នំពេញៈ ក្រុមហ៊ុន Global Media Group បាននាំចូលអំពូលភ្លើងបច្ចេកវិទ្យា LED មកកាន់ទីផ្សារប្រទេសកម្ពុជាដើម្បីជួយកាត់បន្ថយការចំណាយច្រើនលើការប្រើប្រាស់ថាមពលអគ្គិសនី។
លោក ប៊ុន ស៊ីម ជំនួយការអគ្គនាយកក្រុមហ៊ុននេះបានឲ្យដឹងថា ក្រុមហ៊ុននឹងនាំយកបច្ចេកវិទ្យា និងអ្នកជំនាញមកពីប្រទេសកូរ៉េខាងត្បូងដើម្បីណែនាំបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា។
លោកបន្តថា៖«ក្រុមហ៊ុនយើងជាក្រុមហ៊ុនមួយគត់ដែលនាំចូលបច្ចេកវិទ្យានេះមកប្រទេសយើង។យើងបានចុះអនុស្សរណៈយោគយល់គ្នារួចរាល់ហើយជាមួយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលកាលពីចុងខែធ្នូដើម្បីចាប់ផ្តើមគម្រោងសាកល្បងដោយដំឡើងអំពូលភ្លើងLED ២គីឡូម៉ែត្រនៅខេត្តពោធិ៍សាត់»។
លោកបន្តថា៖«បច្ចុប្បន្នយើងបាននាំចូលពីប្រទេសកូរ៉េ ហើយយើងនឹងចាប់ផ្តើមគម្រោងក្នុងខែមីនា។ អ្នកជំនាញកូរ៉េនឹងមកកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះដើម្បីសិក្សាពីគម្រោង។ បច្ចេកវិទ្យា LED គឺខុសប្លែកទាំងស្រុងពីអំពូលភ្លើងធម្មតា ពីព្រោះវាជួយសន្សំថាមពល»។
អ្នកស្រី យូ រីណា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន GMG បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា បច្ចេកវិទ្យាអំពូលភ្លើង LED ដែលមានទីផ្សារទូទាំងពិភពលោកអាចដាក់ជំនួសភ្លើងដែលមានស្រាប់ ហើយទំហំទីផ្សារ LED នឹងរីកលូតលាស់ដល់១០០ពាន់លានដុល្លារ។
អ្នកស្រីបន្តថា៖«ក្រុមហ៊ុន GMG នឹងបង្កើតមូលដ្ឋានឧស្សាហកម្ម LED ក្នុងស្រុកសាបព្រោះជំនាញថាមពល និងបច្ចេកវិទ្យាស្នូលព្រមទាំងបង្កើតទីផ្សារផលិតផល LEDតាមរយៈការបង្កើតរោងចក្រនិងបណ្តាញផលិតបច្ចេកវិទ្យា LED»។ ក្រុមហ៊ុនគ្រោងកសាងរោងចក្រក្នុងឆ្នាំនេះ។ នេះបើតាមលោក ប៊ុន ស៊ីម។ លោកបន្តថា៖«នៅពេលយើងបញ្ចប់គម្រោងសាកល្បង យើងនឹងបង្កើតរោងចក្រក្នុងឆ្នាំនេះ។ ផលិតផលរបស់យើងមិនត្រឹមតែផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងនាំចេញទៅកាន់ប្រទេសទូទាំងពិភពលោក»៕ CC