
ភ្នំពេញៈ ការនំាចេញគ្រាប់ស្វាយចន្ទីកាលពីឆ្នាំ២០១២ បានកើនឡើងដល់ជាង៤ ៤៥៣តោន បើធៀបនឹងឆ្នាំ២០១១។ នេះបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។ ទិន្នន័យបង្ហាញថាកាលពីឆ្នាំ២០១១ ការនាំចេញមានតែជាង៤៤៣តោនប៉ុណ្ណោះ។ ទោះបីយ៉ាងនេះក្តីកំណើននេះនៅតែទាបបើធៀបនឹងបរិមាណផលសរុបជាក់ស្តែងដែល កសិករផលិតបានខណៈកម្ពុជាមិនទាន់មានរោងចក្រកែច្នៃផងនោះ។ អ្នកជំនាញ និងជាពាណិជ្ជករខាងផលិតកម្មស្វាយចន្ទី ម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ផលិតកម្មស្វាយចន្ទីនៅកម្ពុជាមានចំនួនប្រហែល៦ម៉ឺនតោន ក្នុងមួយឆ្នាំៗ និងមានតែជាង១ពាន់តោនប៉ុណ្ណោះត្រូវបានកែច្នៃក្នុងស្រុក។ លោកបានលើកឡើងដោយចោទជាសំណួរថា៖ «តើចំនួនដែលនៅសល់យ៉ាងច្រើនផ្សេងទៀតទៅឯណា?»។ ការស្រាវជ្រាវរបស់សាជីវកម្មហិរញវត្ថុអន្តរជាតិ (IFC) ពីសក្តានុពលស្វាយចន្ទីក្នុងប្រទេសកម្ពុជាដែលបានចេញរបាយការណ៍នៅដើមឆ្នាំ២០១១បានបង្ហាញថាប្រទេសកម្ពុជាអាចផលិតគ្រាប់ស្វាយចន្ទីបានចំនួនប្រហែល៦ម៉ឺនតោនក្នុងមួយៗឆ្នាំ។របាយការណ៍ដដែលបានបង្ហាញថា៖«ផលិតកម្មនេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសធំជាងគេលំដាប់លេខ១០នៅលើពិភពលោកក្នុងការផលិតគ្រាប់ស្វាយចន្ទី»។ លោក ជុំ រី ប្រធានសមាគមកសិករដំាស្វាយចន្ទីនៅស្រុក សន្ទុក ខេត្តកំពង់ធំ បានលើកឡើងថា នៅក្នុងខេត្តកំពង់ធំ និង ខេត្តកំពង់ចាមមានចំនួន ១១៥ សមាគម។ លោកបានបញ្ជាក់ថាផលិតភាពជាមធ្យមក្នុង១ហិកតាមាន៧០០គីឡូក្រាម ដែលមានន័យថាក្នុងចំណោមចំនួនផ្ទៃដីដាំដុះសរុបនៃសមាជិកក្នុងសមាគមទាំងអស់អាចផលិតបានគ្រាប់ស្វាយចន្ទីសរុបចំនួន៥ ៦០០ តោន។លោកថ្លែងថា៖ «ចំនួននេះអាចនឹងច្រើនជាងនេះទៀតប្រសិនបើអាកាសធាតុអំណោយផលនិងការជ្រើសរើសពូជដែលកសិករដំានោះស័ក្តិសមទៅនឹងប្រភេទដីដាំដុះ»។ សមាគមកសិករជាច្រើនរួមទាំងទិន្នន័យពីមន្ទីរកសិកម្មតាមបណ្តាខេត្តដែលមានផ្ទៃដីដំាដុះស្វាយចន្ទីច្រើនបង្ហាញថា ចំនួនផ្ទៃដីដំាដុះមិនមានការប្រែប្រួលខ្លាំងទេ។ លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរីមានប្រសាសន៍ថា៖«ផ្ទៃដីដំាដុះស្វាយចន្ទីបានថយចុះតែបន្តិចបន្តួចប៉ុណ្ណោះដែលមិនមានផលប៉ះពាល់ចំពោះ ផលិតកម្មស្វាយចន្ទីនៅក្នុងខេត្តនោះទេ»។ បើសន្មតថាផលិតភាពបានធ្លាក់ចុះ៥០ភាគរយ ពីការស្រាវជ្រាវរបស់ IFC ក៏ដោយក៏ចំនួននេះនៅមានយ៉ាងហោចណាស់ ៤ម៉ឺនតោនក្នុងមួយឆ្នាំដែរ។ បើតាម IFC កម្ពុជាអាចមានលទ្ធភាពច្រើនក្នុងការក្លាយជាប្រទេសសំខាន់មួយ និងអាចជាប្រទេសដែលគេទទួលស្គាល់ក្នុងការនាំចេញគ្រាប់ស្វាយចន្ទី។ ប៉ុន្តែរហូតមកដល់ ពេលនេះគ្រាប់ស្វាយចន្ទីរបស់កម្ពុជា មិនទាន់មានការទទួលស្គាល់លើទីផ្សារពិភពលោកនៅឡើយទេហើយភាគច្រើនត្រូវបាននាំចេញទៅប្រទេសជិតខាងដោយមិនទាន់កែច្នៃ ពិសេសទៅវៀតណាម។ លោក កាំង សៀកហាវ ម្ចាស់កសិដ្ឋាន គ្រាប់ស្វាយចន្ទីដែលមានផ្ទៃដី១ពាន់ហិកតា ក្នុងស្រុកស្គន់ ខេត្តកំពង់ចាមបាននិយាយថា ការដែលមិនមានរោងចក្រកែច្នៃផលិតផលស្វាយចន្ទីក្នុងស្រុកពេលនេះជាឧបសគ្គដ៏ធំមួយសម្រាប់កសិករ។ លោកបន្តថា៖«គ្រាប់ស្វាយចន្ទីភាគច្រើនត្រូវបាននាំចេញទៅប្រទេសវៀតណាមទាំងដែលមិនបានកែច្នៃហើយតម្លៃផលិតផលរបស់យើងតែងតែមានការផ្លាស់ប្តូរហើយតម្លៃមានការពឹងផ្អែកយ៉ាងខ្លាំងទៅនឹងតម្រូវការនៅប្រទេសវៀតណាម»៕