The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ទៅ​ម៉ាឡេស៊ី​កើន​ខ្លាំង

ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ទៅ​ម៉ាឡេស៊ី​កើន​ខ្លាំង

ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ទៅ​ម៉ាឡេស៊ី​កើន​ខ្លាំង

130304_12a
អ្នកលក់អង្ករនៅក្នុងផ្សារនាទីក្រុងប៉ោយប៉ែតកំពុងអង្គុយរង់ចាំអតិថិជន bloomberg

ភ្នំពេញៈ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​សរុប​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​មុន​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១១​។ ការ​នាំ​ចេញ​អង្ករ​បាន​បង្ហាញ​នូវ​កំណើន​ដ៏​ខ្ពស់។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា៖​«​ក្នុង​ឆ្នាំ​២០១២​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​បំផុត​ចំពោះ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​គឺ​កំណើន​ការ​នាំ​ចូល​ដ៏​ខ្លាំង​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ម៉ាឡេស៊ី។​ការ​នាំ​ចូល​សរុប​មាន​ចំនួន​ជាង​១០០​លាន​ដុល្លារ​ដោយ​វិស័យ​កសិកម្ម​មាន​ចំណែក​ដ៏​ធំ​នៅ​ក្នុង​កំណើន​ដ៏​ខ្ពស់​នេះ​»។

ការ​នាំ​ចូល​ទំនិញ​កសិកម្ម​ពី​ប្រទេស​កម្ពុជា​មាន​ចំនួន​៧៩​ភាគ​រយ​នៃ​ការ​នាំ​ចូល​សរុប ដែល​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​១០១​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១១​ដែល​មាន​ចំនួន​តែ ៥៥,៥​លាន​ដុល្លារ​។ ជ័រ​កៅស៊ូ​មិន​ទាន់​កែច្នៃ​មាន​បរិមាណ​ច្រើន​ជាង​គេ​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​៦៩,១​លាន​ដុល្លារ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា​ចាប់​តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​ចាប់​ដំណើរការ​គោល​នយោបាយ​នាំ​ចេញ​អង្ករ​កាល​ពី​ឆ្នាំ​២០១០​ប្រទេស​ម៉ាឡេស៊ី​បាន​ចាប់​អារម្មណ៍​ធ្វើ​ពិពិធកម្ម​ប្រភព​នាំ​ចូល​អង្ករ​របស់​ខ្លួន​។ ចាប់​ពី​ឆ្នាំ​២០១០​មក ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​បាន​កើន​ឡើង​ជា​ប្រចាំ​ពោល​គឺ​ពី​ចំនួន ០,៤​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១០​ដល់​៩,៥​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១១ និង​២៤,៣ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១២។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា៖ «​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​មាន​ចំនួន​១៩​ភាគ​រយ​នៃ​ការ​នាំ​ចូល​សរុប​ពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១២ និង​ជា​ទំនិញ​ដែល​នាំ​ចូល​ច្រើន​ទី​ពីរ​បន្ទាប់​ពី​ជ័រ​កៅស៊ូ។ ស្ថានទូត​បាន​មើល​ឃើញ​នូវ​កំណើន​ប្រកប​ដោយ​ភាព​វិជ្ជមាន​ក្នុង​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ស្រប​ដោយ​សារ​តែ​ការ​អភិវឌ្ឍ​គុណភាព​ជា​បណ្តើរៗ និង​តម្លៃ​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង»​។

យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ ម៉ាឡេស៊ី​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ល្អ​មួយ​ដោយ​បាន​នាំ​ចូល​អង្ករ​ជាង​៧​ពាន់​តោន​ក្នុង​ចំណោម​អង្ករ​នាំ​ចេញ​សរុប​ចំនួន​២៥​៧២៦​តោន​កាល​ពី​ខែ​មករា​។

លោក ហ៊ាន វណ្ណ​ហន​អគ្គ​នាយក​រង​នៃ​ក្រសួង​កសិកម្ម​និង​ជា​នាយក​លេខា​ធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​កាល​ពី​សប្តាហ៍​មុន​ថា លោក​កត់​សម្គាល់​ឃើញ​ថា​មាន​កំណើន​នាំ​ចេញ​ដ៏​ខ្ពស់​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។ លោក​បាន​ថ្លែង​ថា នៅ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ ម៉ាឡេស៊ី​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ល្អ​មួយ​ទាក់ទង​នឹង​ការ​នាំ​ចូល​អង្ករ​កម្ពុជា​ប៉ុន្តែ​ទី​ផ្សារ​ម៉ាឡេស៊ី​ត្រូវ​ការ​អង្ករ​ក្រអូប​ភាគ​ច្រើន​។

ពាណិជ្ជកម្ម​ទ្វេ​ភា​គី​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី​បាន​កើន​ឡើង​ជាង ១៧​ភាគ​រយ​កាល​ពី​ឆ្នាំ​មុន​ដល់ ៣៧៦,១​លាន​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ​២០១១ ដែល​មាន​ចំនួន​តែ​៣២០,៥​លាន​ដុល្លារ​។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ក្នុង​ចំណោម​ទឹក​ប្រាក់​សរុប ការ​នាំ​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​មក​កម្ពុជា​មាន​ចំនួន ២៤៨,១ លាន​ដុល្លារ​ខណៈ​ដែល​ការ​នាំ​ចូល​ពី​កម្ពុជា​មាន​តម្លៃ​១២៨​លាន​ដុល្លារ​។

កម្ពុជា​បាន​នាំ​ចូល​ទំនិញ​ផលិតកម្ម​ពី​ប្រទេស​ម៉ាឡេស៊ី​ក្នុង​តម្លៃ​សរុប​២៣៣​លាន​ដុល្លារ​។​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​តួ​លេខ​នេះ​បាន​ថយ​ចុះ ៥,១​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០១១​ដែល​មាន​ចំនួន​២៤៥,៥ លាន​ដុល្លារ។

កម្ពុជា​បន្ត​ក្លាយ​ជា​ទិស​ដៅ​នាំ​ចេញ​ដ៏​សំខាន់​មួយ​សម្រាប់​ម៉ាឡេស៊ី​ជា​ពិសេស​ការ​នាំ​ចេញ​ទំនិញ​ផលិតកម្ម​។​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​និង​ប្រាក់​ចំណូល​ប្រកប​ដោយ​វិជ្ជមាន​ក្នុង​ប្រទេស​កម្ពុជា​ទស្សន​វិស័យ​នៃ​កំណើន​នាំ​ចេញ​ទំនិញ​ផលិតផល​ដែល​មាន​តម្លៃ​ថ្លៃ​នៅ​តែ​មាន​ភាព​វិជ្ជមាន​និង​បន្ត​ស្ទុះ​ងើប​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា៖ «​ទាក់​ទង​នឹង​ការ​នាំ​ចេញ​កំណើន​នាំ​ចូល​អង្ករ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ទំនុក​ចិត្ត​របស់​ម៉ាឡេស៊ី​ចំពោះ​វិស័យ​អង្ករ​កម្ពុជា​។ ទោះ​បី​ជា​ការ​ធ្វើ​ទំនើបកម្ម​វិស័យ​នេះ​នៅ​តែ​ស្ថិត​ក្នុង​ដំណើរ​ការ​ទៅ​មុខ​ក្តី​ក៏​លទ្ធផល​គុណភាព​បាន​កើត​មាន​រួច​ទៅ​ហើយ»​៕ PB

អត្ថបទគួរចាប់អារម្មណ៍