
ភ្នំពេញៈ ការនំាចេញផលនេសាទបានកើនឡើង១៦ភាគរយនៅឆ្នាំ២០១២ បើធៀបនឹងឆ្នាំ២០១១។ នេះបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។
ទិន្នន័យដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបង្ហាញថាការនាំចេញបានកើនឡើងពី១ ៣៩១តោនដល់១ ៦១៨ តោនដែលមានទំហំទឹកប្រាក់សរុប៣,៥លានដុល្លារ។
លោក ឃួន សាវុធ ប្រធានការិយាល័យស្ថិតិនៃអគ្គនាយដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញ ប៉ុស្ត៍កាលពីម្សិលមិញថាផលនេសាទទឹកសាបមានកំណើនតិចតួច។លោកបន្តថា៖«ភាគច្រើននៃការនាំចេញផលិតផលនេសាទកាលពីឆ្នាំមុនគឺបានដោយសារការកើនឡើងនៃចំនួននាំចេញផលិតផលនេសាទសមុទ្រ និង ផលិតផលកែច្នៃ»។
ផលនេសាទនាំចេញសំខាន់ៗមានដូចជាបង្កង បង្គា អយស្ទ័រ ឬ ក្តាមសមុទ្រជាដើមហើយទីផ្សារនាំចេញសំខាន់គឺហុងកុងជប៉ុន និងប្រទេសជិតខាងកម្ពុជា។នេះបើយោងទៅតាមលោក ឃួន សាវុធ។ ទិន្នន័យដដែលបង្ហាញថាសន្ទុះនៃការនាំចេញប្រចាំឆ្នាំ២០១២មានច្រើននៅដើមឆ្នាំនិងពាក់កណ្តាលឆ្នាំ។
បរិមាណផលនេសាទសរុបរយៈពេល១១ ខែ ឆ្នាំ២០១២ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថាទិន្នផលត្រីទឹកសាបមានចំនួន៣៨១ ២០០ តោនកើនឡើងប្រមាណ២៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១។
លោក ឱម សាវ៉ាត ប្រធាន អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលបានឲ្យដឹងថាទិន្នផលនេសាទទឹកសាបរបស់កម្ពុជាកាលពីឆ្នាំមុនទំនងជាមិនមានការកើនឡើងនោះទេដោយសារតែការផ្លាស់ប្តូរនៃអាកាសធាតុការកើនឡើងនៃការនេសាទខុសច្បាប់ជាពិសេសកម្រិតទឹកទាបជាងឆ្នាំ២០១១។
លោកបានឲ្យដឹងថា ទិន្នន័យរបស់ក្រសួងកសិកម្មទំនងជាបានរាប់បញ្ចូលទិន្នផលខាងវារីវប្បកម្មដែលលោកគិតថាការចិញ្ចឹមត្រីកំពុងមានការកើនឡើង។
លោកថ្លែងថា៖«ខ្ញុំគិតថាទិន្នផលនេសាទទឹកសាបពីធម្មជាតិកាលពីឆ្នាំមុនមិនអាចច្រើនជាងកាលពីឆ្នាំ២០១១ទេ។នៅពេលកម្រិតទឹកទាបវាបណ្តាលឲ្យទឹកកខ្វក់ដែលមិនអាចឲ្យត្រីបង្កកំណើតបានល្អ»៕